បែកធ្លាយ​មេសា​ខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ថ្នាក់លើ​ព្រមាន​ដក​ក្បាល​ចោល​បើ​ក្នុង​មួយ​សប្តាហ៍​នេះ​មិន​កែប្រែ​ការដឹកនាំ​ឲ្យបាន​ល្អ​

​ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយពី​មាន​រឿងអាស្រូវ ស្អុយ​អា​សោច​បញ្ច្រាស់​ខ្យល់ មាន​ទាំង​កាសែត វេបសាយ ទូរទស្សន៍​ផ្សាយ​ជា​បន្តបន្ទាប់​ជុំវិញ​រឿង​ពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ដែល​កន្លងមក មេ​សាខា​រូបនេះ​បាន ដឹកនាំ​បែប​បក្ខពួកនិយម គៀបសង្កត់​មន្ត្រីក្រោមឱវាទ បណ្តេញ​មន្ត្រី​មាន​ក្រប​ខណ្ឌ័​ឲ្យទៅ​ធ្វើការ​ពិនិត្យ​រទេះ ពិនិត្យ​ឡាន​តាមផ្លូវ រួច​ទៅ​ជួល​ជន​ស៊ីវិល​ដែល​ជា​សាច់ញាតិ​ខ្លួន​២​នាក់​ឲ្យមក​ធ្វើ​ការ​ជំនួស​។​

​ភាព​មិន​ប្រកតី​នេះ បាន​ធ្វើឲ្យ​មន្ត្រីក្រោមឱវាទ​ជាច្រើន​សម្តែង​ការ​មិន​ពេញចិត្ត គឺ​មកពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​រំលោភ​លើ​ការងារ​របស់​ខ្លួន ធ្វើការ​មិន​បាន​អនុវត្តន៍​តាម​ប្រកាស់​របស់​ក្រសួង​និង​តាម​ឋានានុក្រម​។​

​ប្រភព​ពត៌មាន​បាន​បង្ហើប​ឲ្យដឹងថា សព្វថ្ងៃនេះ សាន វិជ្ជា​សា​រ៉ាវុធ បាន​រៀប​យុទ្ធសាស្ត្រ​១​ខែ​ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ​ឲ្យបាន​២​ដង ដើម្បី​យក​រូបភាព សកម្មភាព ធ្វើ​របាយការណ៍​រាយ​ការជូន​ថ្នាក់លើ​។​សកម្មភាព​ទាំងនេះ ត្រូវបាន​គេ​ដឹងថា គឺជា​ការ​ធ្វើ​ឡើង​ដើម្បី​បិតបាំង​រឿងអាស្រូវ​របស់​ខ្លួន បង្ក្រាប​អ្នករកស៊ី​តូចតាច ឃុបឃិត​ជា មួយ​ឈ្មួញ​ធំៗ ក្រុមហ៊ុន​ធំៗ នាំចូល​ទំនិញ ផលិតផល ខូច​គុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ សាច់​មាន់​ខូចគុណភាព និង​ប្រហិត​គ្រប់​ប្រភេទ បង្កប់​ក្នុង​រទេះ​ទំនិញ នាំចូល​ពី​ថៃ​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត ដើម្បី​យកទៅ​លក់​ចែកចាយ​បន្ត​តាម​បណ្តា​ខេត្ត និង​ភ្នំពេញ​។​

​ក្រោយ​ពី​កាសែត វេបសាយ​ក្នុងស្រុក​ជា​ច្រើន​បាន​ចុះផ្សា​យ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ គេ​បាន​ឃើញ​វត្តមាន លោក ម៉ក់ ពេជ្ជ​រឹទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​កាំកុងត្រូល​នៅ​ស្នាក់ការ​កាំកុងត្រូល​ច្រក​ប៉ោយប៉ែត​។​

​ក្នុងជំនួប​ប្រជុំ​នោះ លោក ម៉ក់ ពេជ្ជ​រឹទ្ធ  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ព្រមាន​យ៉ាង​ចាស់ ដៃ​ចំពោះ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ថា លោក​ទុកពេល​ឲ្យ​១​សប្តាហ៍​ឲ្យ​កែប្រែ​ការដឹកនាំ ពង្រឹង​ការងារ​ឡើងវិញ ត្រូវ​សាមគ្គី​គ្នា​ឡើងវិញ ត្រូវ​ផ្តល់​ការងារ​ឲ្យ​កូនចៅ​(​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​វិញ​តាម​ឋានុ​ក្រម​)​។​

​លោក​ថា សព្វថ្ងៃនេះ​ការងារ​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ធ្លាក់​ខ្សោយ​ណាស់ ហើយ​បទល្មើស​ខុសច្បាប់ របស់​ឈ្មួញ​លួច​បង្កប់​ទំនិញ​ខូច​គុណភាព​កើនឡើង​ពេញបន្ទុក រាល់​ពេល​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​ដូចជា បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ ចាប់​បាន​សាច់មាន់ ប្រហិត​និង​ទំនិញ​ខូច​គុណភាព ពេល​សួរនាំ​ឈ្មួញ​តែងតែ​ឆ្លើយថា នាំចូល​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែ​ត​តែ​រហូត បើ​អសមត្ថភាព​គួរតែ​ដឹងខ្លួន​ហើយ​?

​គួរបញ្ជាក់​ថា កន្លង​ទៅ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ តែងតែ​មាន​អំនួត អួតអាង​តាំងខ្លួន​ដូច​មហាទេព​ស្មើ​មេឃ គ្មាន​នរណា​ចេះ​ដល់​ខ្លួន​ទេ យកឈ្មោះ​អ្នក​ធំ​នេះ អ្នកធំ​នោះមក ប្រើ់ប្រាស់​គៀបសង្កត់​មន្ត្រី​ក្រោម​ឱវាទ តាំងខ្លួន​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មាន​ឋានះ​ស្មើ​អគ្គនាយក​។​ហើយ​ការឃុបឃិត​ជាមួយ​ឈ្មួញ ដាក់​ខែ រាប់​ក្បាល​ឡាន​ដឹក​ទំនិញ​១​គ្រឿង​១០០​បាត ១​ថ្ងៃ​មាន​ឡាន​ប្រពី​៣០០​ទៅ​៥០០​ឡាន ចឹង​មានន័យ​ថា គ្រាន់តែ​១​ថ្ងៃ​លោក​ប្រធាន​សាខា​កាំកុងត្រូល​រូបនេះ​អាច​រក​ចំណូល​ក្រោម​តុ​ពី​ឈ្មួញ​បាន​រាប់​ម៉ឺន​បាត​។​ចំណូល​ទាំងនោះ សាន វិជ្ជា​សា​រ៉ាវុធ អះអាង​ចំពោះ​មុខ​កូនចៅ​ថា មួយចំនួន​គឺ ទុក​ដោះស្រាយ​អង្គភាព មួយចំនួន​គឺ​ចិញ្ចឹម​មេ​កើយ​របស់ខ្លួន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​យក​លុយ​មួយចំនួន​ជួយ​បក្ស​។​

​ព្រោះតែ​មាន​ខ្នង​ក្រាស់​និង​ខ្សែ​ធំ​បែប​នេះ​ហើយ​មើលទៅ បាន​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ហ៊ាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ចូល​ពី​ថៃ​ទាំង​យប់​ទាំង​ថ្ងៃ និង​ដាក់​កូនចៅ​រាប់​ក្បាល​ឡាន​យកលុយ​យ៉ាង​រំភើយ មិន​ខ្វល់​ពី​ការប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ​ឡើយ​។​

​ពាក់​ពន្ធ័​ករណីនេះ អ្នក​សារពត៌មាន​យើង បានខ​ល​ទៅ​សម្ភាស៍​ផង​ដែរ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ តែ​គួរឲ្យ​សោកស្តាយ​ដែល​ទូរសព្ទ័​លោក សាន វិជ្ជា​សា​រ៉ាវុធ មិន​អាច​ទំនាក់ទំនង​បានឡើយ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!