​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​បី​នាក់​ដោយសា​រម​ច្ចរាជ​រន្ទះ​បាញ់ប្រហារ​

(​ខេត្ត​កំពត​)៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កណ្តាល​វាលស្រែ និង​បី​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ស្រាល​ដោយសារ​រន្ទះបាញ់​សម្លាប់ ខណៈ​ពួកគេ​ទាំង​៤​នាក់​បាន​នាំគ្នា​ទៅ​ឃ្វាលក្របី​នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់​ខ្លួន​។​

​ហេតុការណ៍​គួរឱ្យ​សង្វេគ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល ថ្ងៃទី​២៦​ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​វាលស្រែ​ក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ការរៀបរាប់​ពី​សំណាក់​ក្រុម​គ្រួសារ​យុវជន​រងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​យុវជន​រងគ្រោះ ព្រមទាំង​យុវជន​បី​នាក់​ផ្សេង​ទៀត​បាន​នាំគ្នា​ទៅ​ឃ្វាលក្របី​នៅឯ​វាលស្រែ​ខាងក្រោយ​ផ្ទះ លុះ​បន្តិច​ក្រោយមក​មេឃ​ក៏​ភ្លៀង​និង​មាន​រន្ទះបាញ់​ក្តុងក្តាំង​នៅ​ចំណុច​នោះ​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​និង​បី​នាក់​ទៀត​រងរបួស​ធ្ងន់ ស្រាល​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​រន្ទះបាញ់​ខាងលើ​មាន​គ្នា​៤​នាក់​សុទ្ធតែ​ជា​សិស្សសាលា រួមមាន​៖ ទី​១-​ឈ្មោះ ផេង សុ​ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ស្លាប់​) ទី​២-​ឈ្មោះ ហួន ម៉ុក ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសធ្ងន់ ទី​៣-​ឈ្មោះ លេន ចាប ភេទ​ប្រុស អាយុ​១៩​ឆ្នាំ របួសស្រាល និង​ទី​៤-​ឈ្មោះ ពៅ ប៊ុន​ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួសស្រាល​។​អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​យុវជន​ដែល​ស្លាប់​ដោយសារ​រន្ទះបាញ់​ត្រូវបាន​ក្រុម​គ្រួសារ​កំពុង​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ដោយឡែក យុវជន​ដែល​រងរបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!