ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​១៤​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​កញ្ញា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត បាន​ធ្វើ​ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០​សីហា ២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភាជាតិ​។​

​ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក ក្រុម​យុវជន​ទាំង​បី​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​អាណាព្យាបាល​សិស្ស​ផងដែរ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានឱ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​កំពត មាន​សិស្ស​ជា​បេក្ខជន​ប្រឡង ៥៤៦៥​នាក់ ស្រី​មាន​ចំនួន​២៧៣១​នាក់ សិស្ស​ដែល​ប្រឡង​ជាប់​ទូទាំង​ខេត្ត​មាន​ចំនួន​៤៤៣៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​២២៦៩​នាក់ ស្មើនឹង​៨១,១៣% កើន​លើស​ឆ្នាំ​២០១៧ ចំនួន​១២,៥១% ហើយ​សិស្ស​ដែល​ទទួលបាន​និទ្ទេស A ចំនួន ១៧​នាក់ និទ្ទេស B ចំនួន ១១៥​នាក់ និទ្ទេស C ចំនួន ៣៧៦​នាក់ និទ្ទេស D ១០១៦​នាក់ និទ្ទេស E ចំនួន ២៩១០​នាក់​។​លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា សិស្ស​ដែល​ទទួលបាន​និទ្ទេស A ទាំង​១៧​នាក់ ក្នុងនោះ​នៅ​ក្នុង​ក្រុង​កំពត​ចំនួន​០២​នាក់ ស្រុក​បន្ទាយមាស​មាន​ចំនួន​០១​នាក់ ស្រុក​ដងទង់ ចំនួន​០១​នាក់ ស្រុក​អង្គរជ័យ ចំនួន​១០​នាក់ ស្រុក​ឈូក​មាន​ចំនួន​០២​នាក់ និង​ស្រុក​កំពង់ត្រាច មាន​ចំនួន​០១​នាក់​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន បានបញ្ជាក់​ថា ចៅៗ​ដែល​ជា​សិស្សានុសិស្ស​ត្រូវខិតខំ​រៀន​សូត្រ រៀន​ហើយ​រៀន​ទៀត តែបើ​ចៅ​ឈប់រៀន​ត្រូវតែ​រក​ការងារ​ធ្វើ និង​រក​តំណែង​ណាមួយ​ក្នុង​សង្គម​ឬ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្តី ចៅ​ត្រូវ​ចាំ​ពាក្យ​ពីរ​ឃ្លា​ដែល​អ្នក​ប្រាជ្ជ​តែង​យក​ទៅ​អនុវត្ត​នោះ គឺ​រៀន​តែ​មិន​ព្រម​គិត​គឺ​បាន​តែ​រៀន ឯ​គិតមិ​បាន​រៀនក៏​មិន​អាច​មាន​ចំណេះដែរ ចំណែក​អ្នក​ចេះ​ពុត​ធ្វើ​មិនចេះ គ្រាន់​តែ​ខាតៗ​ទាំង​ប្រយោជន៍​រួម ខាត​ទាំង​ប្រយោជន៍​ផ្ទាល់ខ្លួន តែ​អ្នក​អត់​ចេះ អួត​ថា​ចេះ​នោះ​ពិតជា​អន្តរាយ​ខ្លាំង​មែនទែន​ហើយ​។​ដូច្នេះ​ពាក្យ​ទាំង​ពីរ​ឃ្លា​គឺ​គ្មាន​នៅ​ទី​នេះ​ទេ ដោយសារ​ចៅៗ​បាន​ក្លាយទៅជា​ពលរដ្ឋ​ដែល​បាន​ទទួល​ការអប់រំ​បានល្អ​នៅក្នុង​សង្គម យ៉ាងហោចណាស់​ក៏​ចៅ​បាន​ស្គាល់​វិទ្យាសាស្ត្រ ចៅ​បាន​ស្គាល់​បច្ចេកវិទ្យា បាន​ស្គាល់​ចំណោទ បាន​ស្គាល់​ជីវៈ​វិជ្ជា ចៅ​ក៏បាន​ស្គាល់​តិច​ឬ​ច្រើន​ពាក់ព័ន្ទ​ទៅ​នឹងបច្ចេកវិទ្យា​និងតិ​ច​ណូ​ឡូ​ជី ហើយ​និង​ទូរគមនាគមន៍​វិទ្យា​ជាដើម​។​ល​។​

​ទោះជា​បែបណា​ក៏​ដោយ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន សូម​បន់ស្រន់​កុំឱ្យ​ចៅៗ​ជួប​នូវ​សំដី​ដែល​លោក​បាន​លើក​ឡើង​តាម​អ្នក​ប្រាជ្ជ​អម្បាញ់មិញ រៀន​មិន​បាន​គិត គឺ​គ្រោះ​ថ្នាក់ គិត​មិន​ព្រម​រៀន​គឺ​ខូចខាត គឺ​គ្រោះ​ថ្នាក់​ចំ​ពោះ​ខ្លួនឯង​ផង គ្រោះថ្នាក់​ដល់​សង្គម​ផង ដោយ​ខណៈ​នេះ លោក​ក៏​សូម​បន់ស្រន់​កុំឱ្យ​ចៅៗ​ជួប​នឹង​គំនិត​ទាំងពីរ​នេះ​។​

​ជាមួយនេះ លោក​បណ្ឌិត​ក៏បាន​ដាស់តឿន​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​តែ​ខិតខំ​បណ្តុះ​នូវ​ផ្នត់គំនិត​ល្អៗ ព្រោះ​សិស្សានុសិស្ស​ប្រៀប​បាន​ទៅ​នឹង​ពន្លក តែ​ចៅៗ​សុទ្ធតែ​មាន​វិចារណញាណ​មិន​ដូច​ជា​ពន្លក​រុក្ខជាតិ​នោះឡើយ ហើយក៏​បាន​ធ្វើឱ្យ​ចៅ​មាន​ការលូតលាស់ បាន​បន្ត​ការដឹកនាំ​សង្គម​យើង​នេះ​បាន​ល្អ រីកចម្រើន​ថែម​ទៀត​។​

​សូមជម្រាបថា​៖ ក្នុង​ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៧-២០១៨​នេះ សិស្ស​ដែល​ទទួលបាន​ពន្ទុ​ល្អ និទ្ទេស A​នៅ​ទូទាំង​ខេត្ត​កំពត ចំនួន​១៧​នាក់ ត្រូវបាន​គណៈអធិបតី​ផ្តល់ជូន​ម៉ូតូ ហុងដា​ឌ្រឹ​ម​ម្នាក់​០១​គ្រឿង​។​ដោយឡែក​ចំពោះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស B,C,D,E ក៏​ត្រូវបាន​ទទួល​ថវិកា​មួយចំនួន​ពី​គណៈអធិបតី​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!