​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ខេត្ត​កំពត ៖ នៅ​រសៀល ថ្ងៃទី​២២​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស ដោយ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ នៅ​ក្នុង​សាល​មហោស្រព​ខេត្ត​កំពត​។​

​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក ស៊ិន  ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក លោកស្រី​តំណាង​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ ព្រមទាំង​សមាជិក សមាជិកា នៃ​គណៈកម្មការ​មក​ពី​គ្រប់​បណ្តា​ខេត្ត ចំនួន​២៥ ខេត្ត​-​ក្រុង ទូ​ទាំង​ប្រទាំង​ប្រទេស​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​នេះ ជា​ការបោះឆ្នោត​ដែល​រៀបចំឡើង​ស្រប​តាម​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ការបោះឆ្នោត​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្ថែមទៀតថា តាម​ស្មារតី​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​ទី​១ បាន​កំណត់​នូវ​ការគ្រប់គ្រង​ប្រទេស​តាម​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ និង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស របប​គ្រប់គ្រង​នេះ​គ្មាន​ជន​ណា​ម្នាក់​អាច​កែប្រែ​និង​ផ្លាស់ប្តូរ​បាន​ឡើយ​។​

​ទន្ទឹមនេះ តាម​ស្មារតី​នៃ​មាត្រា​៧៨​នៃ​រដ្ឋធម្មនុញ​បាន​កំណត់​អំពី​នីតិកាល​របស់​រដ្ឋសភា​មាន​រយៈពេល​៥​ឆ្នាំ ហើយ​រដ្ឋសភា​មិន​អាច​ត្រូវ​រលាយ​មុន​ផុត​អាណ​តិ្ត​បានឡើយ​។​

​ការរំលាយ​រដ្ឋសភា​មុន​ផុត​អាណ​តិ្ត អាច​ធ្វើ​ទៅ​បាន​តែ​ក្នុងករណី​ដែល​រដ្ឋាភិបាល​ត្រូវ​បាន​រំលាយ​ពីរលើក ក្នុង​រយៈពេល​១២​ខែ​តែ​ប៉ុណ្ណោះ​។​នេះ​ជា​ករណី​ដែល​តម្រូវ​ឱ្យ​មាន​ការរៀប​ចំ​បោះឆ្នោត​មុន​ផុត​នីតិកាល​រដ្ឋសភា​។​ចំពោះ​ការ​បន្ត​នីតិកាល​របស់​រដ្ឋសភា​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុងពេល​ប្រទេសជាតិ​មាន​សង្គ្រាម ឬ​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ដែល​មិន​អាច​បោះឆ្នោត​បាន ហើយ​ការ​បន្ត​នីតិកាល​របស់​រដ្ឋសភា​នេះ​ត្រូវ​ធ្វើឡើង​បាន​មួយដង​មួយ​ឆ្នាំ​តាម​សំណើរ​របស់​ព្រះមហាក្សត្រ​និង​ត្រូវ​សម្រេច​ដោយ​មតិ​យល់ព្រម​ពីរ​ភាគ​បី​យ៉ាងតិច នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល ហើយ​នេះ​ជា​ករណី​ដែល​អាច​ពន្យារ​ការបោះឆ្នោត​។​

​ក្នុង​ពិធី​បិទ​សន្និបាត​នាពេលនេះ លោក ស៊ិន  ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​គូសបញ្ជាក់ថា ការរៀបចំ​សន្និបាត​នាពេលនេះ គឺ​ដើម្បី​បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំង​ដំណោះស្រាយ ដើម្បី​បទពិសោធន៍​យកទៅ​ធ្វើការ​កែលម្អ​ការបោះឆ្នោត​លើក​ក្រោយៗ​ទៀត​ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។​

​លោក​បាន​បន្តទៀតថា ដោយ​ផ្អែក​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​កន្លងមកនេះ​ឃើញថា មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង ហើយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៦.៩៥៦.៩០០​នាក់ ស្មើនឹង ៨៣,០២% នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៨.៣៨០.២១៩​នាក់ បាន​ចេញ​ទៅ​បោះឆ្នោត​សម្តែង​ឆន្ទៈ​ក្នុង​ការជ្រើសរើស​តំណាង​របស់​ខ្លួន​។​

​លោក ស៊ិក ប៊ុន​ហុក បាន​បញ្ជាក់ទៀតថា ដោយ​ផ្អែក​លើ​បទពិសោធន៍ និងឧ​ត្ត​មានុ​វត្តនៃ​ការផ្សព្វផ្សា​យល​ទ្ធ​ផល​បោះ​ឆ្នោត​បឋម​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​ក្នុង​គោលដៅ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត មក​លើ​គណៈកម្មការ​រៀប​ចំ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ និង​ផ្តល់​លទ្ធផល​បោះឆ្នោត​បឋម​បាន​ឆាប់រហ័ស ត្រឹមត្រូវ ទូលំទូលាយ និង​តម្លាភាព​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ដើម្បី​ធ្វើ​ជា​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត មុន​ដំណើរការ​បូកសរុប​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន និង​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!