​រថយន្ត​ខ្នាត​ធំ​ពីរ​គ្រឿង​បុក​គ្នា​លាន់​ឮ​ដូច​រន្ទះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ទាំងយប់ តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​អ្នកណា​រងរបួស​

កែប ៖ រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​សង្ស័យ​តែ​កុង​ងងុយដេក​ទើប​បោះពួយ​ទៅ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ទាំង​យប់​។​ប៉ុន្តែ​ហេតុការណ៍​ខាងលើ​មិន​បណ្តាល​ឱ្យ​អ្នកណាម្នាក់​រងរបួស​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​ប៉ុណ្ណោះ​។​

​ករណី​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​១៧​ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងលិច​ក្លោងទ្វារ សាលារៀន​ពងទឹក​ចម្ងាយ​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ចន្លោះ​គីឡូម៉ែត្រ (២៥-២៦)​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ រវាង​រថយន្ត​ខ្នាត​ធំ​ប៉ះទង្គិច​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាស​។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា ពេល​គាត់​កំពុង​លង់លក់​ក្នុង​ដំណេក​ទៅហើយ ស្រាប់តែ​ត្រូវ​ភ្ញាក់​ពី​ដំណេក​ទាំង​ស្រឡាំងកាំង ខណៈ​ឮ​សូរ​សម្លេង​ក្តុងក្តាំង​ដូច​រន្ទះបាញ់ នៅមុខ​ផ្ទះ​របស់​ខ្លួន​។​ភ្លាម​នោះ​ពួកគាត់​ក៏​នាំគ្នា​បើកទ្វារ​ចេញ​ពី​ផ្ទះ​មក​មើល​ទើប​ឃើញ​រថយន្ត​ធុន​ធ្ងន់​ពីរ​គ្រឿង​បុក​គ្នា​ខ្ទេច​ថ្ពាល់​រៀងៗ​ខ្លួន​តែម្តង​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ​សង្ស័យ​តែ​កុង​ងងុយដេក​ទើប​រេ​ចង្កូត​ទៅ​បុក​គ្នា​ទាំង​កំរោល​បួន​ជ្រុង​បែបនេះ​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុនពេល​កើតហេតុ​រថយន្ត​របស់​ក្រុមហ៊ុន ST​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6178 ធ្វើដំណើរ​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ លេង ឃ្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែកបិ ឃុំ​កោះ​ធំ ស្រុក​កោះធំ ខេត្ត​កណ្តាល រថយន្ត​នេះ​ពេល​មកដល់​ចំណុច​កើតហេតុ​ក៏​រេ​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក HYUNDAI ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A.3207 ម្ចាស់​រថយន្ត​ឈ្មោះ ប្រាក់ ម៉ឺន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត រស់នៅ​ភូមិ​ភ្នំ​ត្រែ​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​បច្ចុប្បន្ន​មធ្យោបាយ​ធុន​ធ្ងន់​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​នាំយក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!