ខេត្តរតនគិរី ៖ សកម្មភាពដឹកជញ្ជូនឈើបំភណ្ឌ័ភ្នែករបស់មេឈ្មួញតាមរយះម៉ូតូរាប់រយគ្រឿងក្នុងមួយថ្ងៃៗ ប្រៀបបីដូចជាសត្វកណ្តៀរនឹងដឹកជញ្ជូនឥតឈប់ឈរនៅចំណុចព្រៃសហគមន៍ភ្នំងោកដែលស្ថិតនៅភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
បើតាមប្រភពពត័មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើបានអោយសារព័ត៌មានយើងដឹងថាឈ្មួញឈើឈ្មោះ អូយ នេះបានប្រមូលទិញឈើពីព្រៃសហគមន៍ភ្នំងោគចំនួន៣០០ហិតតាក្នុងតម្លៃ៥០០០០ដុល្លាពីសហគមន៍។ដោយឈ្មួញឈើឈ្មោះ អូយ បានសន្យាអោយលុយចំនួន១១០០០ដុល្លានឹងសល់ប៉ុន្មានទៀតនឹងធ្វើផ្លូវអោយពួកគាត់ ។ តែការសន្យារបស់មេឈ្មួញឈ្មោះ អូយ នេះ មិនបានគោរពតាមសន្យាឡើយ ដោយបានប្រគល់ប្រាក់ចំនួនតែ៥០០០ដុល្លាតែប៉ុណ្ណោះ រីឯប្រាក់ចំនួន៦០០០ដុល្លាទៀត ឈ្មោះ អូយ នេះមិនទាន់បានប្រគល់អោយពួកគាត់នៅឡើយទេ ដោយសន្យាថាអោយថ្ងៃនេះអោយថ្ងៃនោះរហូត ហើយចំណែកលុយដែលនៅសល់ចំនួន៣៩០០០ដុល្លានោះ ទុកធ្វើនឹងជួសជុលផ្លូវជូនបងប្អូនក្នុងភូមិរបស់គាត់ដែលត្រូវធ្វើដំណើររាល់ថ្ងៃដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ប៉ុន្តែឈ្មោះ អូយ នេះមិនបានធ្វើ រឺ ជួសជុលផ្លូវជូនខាងគាត់ឡើយ ហើយសព្ទថ្ងៃនេះផ្លូវមួយខ្សែនោះត្រូវខូចខាតស្ទើរទាំងស្រុងទៅហើយ។
ប្រភពពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងទៀតថាឈើដែលក្រុមឈ្មួញកំពុងតែសម្រុកដឹកជញ្ជូននៅក្នុងចំណុចសហគមន៍ភ្នំងោគនេះសុទ្ធសឹងជាឈើប្រណិតទាំងអស់ដែលមានមុខកាត់ធំៗគឺ៣០ឃ្លុំ៤០ឃ្លុំប្រវែងចាប់ពី២ម៉ែត្រឡើងទៅ ដោយឈ្មោះអូយ បានដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងបាតាម។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីមិនដែលឃើញសមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញ មានវិធានការទប់ស្កាត់រឺបង្ក្រាបឡើយក្រៅតែពីដេកចាំសោយសុខទទួលលាភសក្ការះពីបទល្មើសតែប៉ុណ្នោះ។
ប្រជាពលរដ្ឋបានសំណូមពរទៅ លោកអភិបាលស្រុកអណ្តូងមាសគួរមានចំណាត់ការទប់ស្កាត់បទល្មើសដែលមេឈ្មួញឈ្មោះ អូយ នេះកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃក្នុងសហគមន៍នេះផង បើសិនលោកអភិបាលមិនមានវិធានការទប់ស្កាត់ទេនោះព្រៃសហគមន៍ភ្នំងោកនឹងត្រូវវិនាសហិនហោចក្នុងរយះពេលដ៏ខ្លីនៅពេលខាងមុខនេះជាក់ជាមិនខាន។
ជុំវិញរឿងរ៉ាវខាងលើនេះ ភ្ញាក់ងារយើង មិនអាចសុំការបកស្រាយពីលោកអភិបាលស្រុកនឹងសមត្ថកិច្ច ក៌ដូចជាមន្ត្រីជំនាញដែលពាក់ពន្ធ័នៅទីនោះបានឡើយ ដោយពុំមានលេខទូរសព្ទ័ធ្វើកាទំនាក់ទំនងបានឡើយ ៕