​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​

​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ០៩​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង បំពាក់​ឋានន្តរស័ក្តិ ជូន​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កញ្ញា ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​។ ក្នុង​ពិធី​នេះ ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី​ស្នងការរង  អស់លោក​អនុប្រធាន​ការិយាល័យ​កណ្តាល លោកនាយ​-​នាយរង​ការិយាល័យ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក ទាំង​៨ លោក​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ ៦០១ និង​លោក​នាយប៉ុស្តិ៍​ទាំង ៩៣ ប៉ុស្តិ៍ សរុប​ចំនួន ២៣៥​។​

​ក្នុង​ពិធី​នេះ ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ចំនួន ៣០​នាក់ បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រីនគរបាល​ចំនួន ៦៥ នាក់ មាន​ថ្នាក់​អនុសេនីយ៍ឯក ចំនួន​២៤ នាក់ ថ្នាក់​អនុសេនីយ៍ទោ ចំនួន​២១​នាក់ ថ្នាក់​អនុសេនីយ៍ត្រី ចំនួន​១៧​នាក់ ថ្នាក់​ព្រិន្ទបាលឯក ចំនួន​០១​នាក់ ថ្នាក់​ព្រិន្ទបាលទោ ចំនួន​០១ នាក់ និង​ថ្នាក់​ពលបាលឯក​ចំនួន​០១​នាក់​។​

ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច័ន្ទ​មធុរិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ទើប​នឹង​ទទួល​មុខតំណែង​ថ្មី​និង​បំពាក់​ឋានន្តរសក្តិ​នាពេលនេះ សូមឲ្យ​អស់លោក​ទាំងអ​ស់​ខិតខំ​យកចិត្តទុកដាក់​បំពេញ​រាល់​ការអនុវត្ត​តាម​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់ជូន​គោរព​និង​អនុវត្ត​នូវ​រាល់​បទ​បញ្ជា​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​សម្រេច​ជោគជ័យ​រាល់​កិច្ចការ​និង​ការងារ​ស្នូល​របស់​ខ្លួន ។ រក្សា​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ គោរព​វិន័យ​បទបញ្ជា​កងកម្លាំង​ឲ្យបាន​ល្អ​ស័ក្តិសម​ជា​កងកម្លាំង​នគរបាល​បម្រើប្រជាជន​ពិតៗ​។ មាន​សុជីវធម៌​ក្នុង​ការនិយាយស្តី​ជាមួយ​ថ្នាក់ដឹកនាំ មហាជន ប្រជាជន​ឲ្យបាន​សមរម្យ​និង​ស័ក្តិសម​ជា​កងកម្លាំង​របស់​ប្រជាជន ពិសេស​ជាងនេះទៅទៀត​គឺ​យកចិត្ត​ទុក​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ពិសេស​ជួយ​យក​អាសារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ដូច​ជា​គ្រោះថ្នាក់​ចរាចរ គ្រោះ​អគ្គីភ័យ ឬ គ្រោះ​ទឹកជំនន់​ជាដើម​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!