សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​ស្នាក់នៅ​របស់ លោកគ្រូ អ្នកគ្រូ និង​របង​សាលា​បឋមសិក្សា​ចំការ​ស្វាយ ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អគារ​ស្នាក់នៅ​សម្រាប់​លោកគ្រូ អ្នកគ្រូ​ចំនួន​០១​ខ្នង ស្មើនឹង ០៥​បន្ទប់  និង​របង​សាលា​បឋមសិក្សា​ចំការ​ស្វាយ នៅ​ភូមិ​ចំការចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

​ពិធី​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណ​អភិបាលខេត្ត​កែប  លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។

​ក្នុងឱកាស​នោះ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍន៍​សមត្ថភាព គុណភាព នៃ​ការអប់រំ ទៅលើ​មនុស្ស​គ្រប់​វ័យ​។

​ឯកឧត្តម​បាន​បន្ថែមទៀតថា សមិទ្ធផល​ដែល​នឹង​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ នឹង​បម្រើរ​ឱ្យ​ផលប្រយោជន៍​រួម មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ ជាពិសេស​ដើម្បី​ឱ្យ​កុមារ​គ្រប់រូប​បាន​ទទួល​សេវា​អប់រំ បាន​ចូលរៀន​នៅ​បឋមសិក្សា មធ្យមសិក្សា​ទុតិយភូមិ និង​មាន​ឱកាស​បន្ត​ការសិក្សា​ទៅមុខទៀត​។  ម្យ៉ាងទៀត ដើម្បី​បង្កើន​ចំនួន​កុមារ​និង​យុវជន ឱ្យ​ទទួលបាន​ការអប់រំ​នៅ​គ្រប់​កម្រិត លោកគ្រូ អ្នកគ្រូ​ត្រូវ​ផ្តោត​លើ​សមធម៌ និង​បែងចែក​ក្រុម​កុមារ​ជួប​ការលំបាក​ឱ្យបាន​ច្បាស់លាស់​សម្រាប់​ប​ង្ករ​លក្ខណៈ និង​បង្កើន​ឱកាស​ដល់​សិស្ស​ដែល​មិន​មាន​ឱកាស​ចូល​រៀន ឱ្យបាន​ចូលរៀន​គ្រប់គ្នា​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!