​ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ បាន​នាំគ្នា​មក​តវ៉ា​នៅ​សាលាស្រុក​កំពង់ត្រាច ដើម្បី​ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក​ឱ្យ​ទាល់តែ​បាន​

​កំពត ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង និង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​នាំគ្នា​មក​កាន់​សាលាស្រុក ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក​របស់​រដ្ឋ ដែល​គេ​បោះបង្គោល​ជាច្រើន​ដើម ប៉ុនប៉ង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​។​

​ការបញ្ចេញ​ប្រតិកម្ម​យ៉ាង​ពោះ​កញ្ជ្រោល​ដើម្បី​ឱ្យ​រដ្ឋបាល​ស្រុក​កំពង់ត្រាច ជួយ​ចាត់ការ​រឿង​បង្គោល​ក្នុង​បឹង​ឈូក​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៨​នៅឯ​បរិវេណ​សាលា​ស្រុក​កំពង់ត្រាច​។​

​ទាក់ទិន​នឹង​ករណី​តវ៉ា​ខាងលើ បើ​តាម​ការលើកឡើងរ​បស់​លោកពូ​ឈ្មោះ ភូ ហ៊ តំណាងឱ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ បាន​និយាយថា គាត់​នាំ​គ្នា​មកកាន់​សាលាស្រុក​ក្នុង​ព្រឹក​នេះ គឺ​មក​សំណូមពរ​ដល់​អភិបាល​ស្រុក​កំពង់ត្រាច ឱ្យ​ជួយ​ចាត់​វិធានការ​ទៅលើ​បុគ្គល​ឈ្មោះ សំ អេ​ន រស់នៅ​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​បាន​បោះបង្គោល​រំលោភ​យក​ដី​បឹង​ឈូក​របស់​រដ្ឋ ថែមទាំង​មាន​គោលបំណង​លុប​បឹង​ឈូក​ដែល​ជា​ផ្លូវ​បញ្ចៀស​ទឹកជំនន់​ទៀតផង​។​លោកពូ ភូ ហ៊ បាន​បញ្ជាក់ទៀតថា ពេលនេះ បុគ្គល​ឈ្មោះ សំ អេ​ន បាន​បោះបង្គោល​រំលោភ​ចូលក្នុង​បឹង​ឈូក​របស់​រដ្ឋ​ប្រមាណ​២០​បង្គោល​ទៅហើយ ប៉ុន្តែ​រយៈពេល​នេះ​បែរជា​អាជ្ញាធរ​ស្រុក​មិនទាន់​ចាត់វិធានការ ហើយ​សេចក្តីជូនដំណឹង​ក៏បាន​ហួស​កាលបរិច្ឆេទ​រយៈពេល​២០​ថ្ងៃ​មក​ហើយ​ដែរ​។​លោកពូ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ខាងលើ​បាន​លើកឡើង​ទៀត​ថា ពួកគាត់​សំណូមពរ​តាម​គោលការណ៍​ពីរ​ចំណុច​ធំ ទី​១/-​គឺ​សុំ​ឱ្យ​អាជ្ញាធរ​ត្រូវ​តែ​ដក​បង្គោល​ចេញពី​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ​។​ទី​២/-​សំណូម​ដល់​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវតែ​កំណត់​ព្រំប្រទល់​រវាង​ដី​កម្មសិទ្ធិ​និង​ដី​បឹង​របស់​រដ្ឋ​ឱ្យបាន​ច្បាស់លាស់ ដោយ​រក្សា​ទំហំ​ផ្ទៃ​បឹង​ឱ្យ​នៅ​ដូចដើម​វិញ​ដដែល​។​

​លើសពីនេះ ប្រជាពលរដ្ឋ​ដែល​កំពុង​ផ្ទុះ​ប្រតិកម្ម ក៏​បាន​នាំគ្នា​លើក​ឡើង​ថា បើ​រដ្ឋបាល​ស្រុក​កំពង់ត្រាច​សន្យា​ហើយ​ធ្វើ​មិន​បាន​នោះ ពួកគាត់​នឹង​ឡើង​ទៅ​ជួប លោក​អភិបាល​ខេត្ត​កំពត ដើម្បី​សុំ​អន្តរាគមន៍ ក្នុង​ករណី​បុគ្គល​ខិលខូច​បោះបង្គោល​រំលោភ​យក​បឹង​ឈូក​នេះ​នា​ពេល​ឆាប់ៗ​ខាងមុខ​។​

​ជុំវិញ​បញ្ហា​ខាងលើ អភិបាល​ស្រុក​កំពង់ត្រាច លោក អូន ខន បាន​ប្រាប់ អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា រឿង​បោះបង្គោល​ក្នុង​បឹង​ឈូក​របស់​រដ្ឋ​ប៉ុនប៉ង​រំលោភ​យក ពី​សំណាក់ ឈ្មោះ សំ អេ​ន កន្លងមក​លោក​ធ្លាប់​ធ្វើ​សេចក្តីជូនដំណឹង ជម្រាប​ឱ្យ​គាត់​ដក​បង្គោល​ចេញ​ម្តង​ហើយ គឺ​នៅ​ថ្ងៃទី​១៦​ខែ​សីហា ឆ្នាំ​២០១៨ ដោយ​បាន​កំណត់​ឱ្យ​ឈ្មោះ សំ អេ​ន ត្រូវតែ​ដក​បង្គោល​ឱ្យអស់​ពី​ដី​បឹង​ឈូក​នៅ​ថ្ងៃទី​២៣​ខែ​សីហា ឆ្នាំ​២០១៨​ជា​កំហិត ប៉ុន្តែ​បុគ្គល​ម្ចាស់​បង្គោល​រឹងរូស​មិន​ព្រម​ដកចេញ​តាម​ការ​ជូនដំណឹង​នោះ​ទេ​។​ដូច្នេះ​លោក​នឹង​ជូនដំណឹង​ម្តងទៀត​(​លើក​ទី​២)​បើ​លើក​នេះ ឈ្មោះ សំ អេ​ន នៅតែ​រឹងរូស​មិន​ព្រម​ដក​បង្គោល​ទេ លោក​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ជា​ធរមាន ធ្វើបែបនេះ គឺ​ស្រប​ទៅតាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ ដែល​បាន​មក​ប្តឹង​រដ្ឋបាល​ស្រុក​នៅ​ព្រឹក​មិញ​នេះ​។​លោក​ក៏​បាក​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ពលរដ្ឋ​ចំនួន​៣៧​គ្រួសារ​មក​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក​ដក​បង្គោល​ចេញពី​បឹង​ឈូក​របស់​រដ្ឋ​ឱ្យ​ខាន​តែ​បាន​។​ក្រោយពី​មាន​ការ​សំណូមពរ​បែប​នេះ​លោក​ខិតខំ​ទប់ស្កាត់ ដាច់ខាត​មិន​ឱ្យ​បុគ្គល​ម្នាក់​ទន្ទ្រាន​យក​ដី​បឹង​ហើយ​សុំ​ស្នើ​ប័ណ្ណកម្មសិទ្ធិ​បានទេ ព្រោះថា​ចំណុច​បឹង​នេះ​ពិតជា​មាន​ផលប៉ះពាល់​ច្រើន ដូចជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដាសស្គរ និង​ភូមិ​កោះ​ខ្លូត ត្រូវការ​បឹង​ឈូក​នេះ​ជា​ទីតាំង​បណ្តោះ​ទឹកជំនន់​ភ្លៀង​។​លោក​អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​បន្ថែម​ថា​លោក​នឹង​ការពា​រដាច់​ខូច​មិនឱ្យ​បុគ្គល​មួយ​គ្រួសារ​(​ប្តី​ឈ្មោះ សំ អេ​ន និង​ប្រពន្ធ​ឈ្មោះ សេង យិ​)​រំលោភ​យក​ដី​បឹង​ឈូក​របស់​រដ្ឋ​បានទេ ហើយ​លោក​នឹង​ស្រាវជ្រាវ​ដើម្បី​វែកមុខ​អ្នក​ដែល​កំពុង​ឃុបឃិត​ឬ​កាង​ពីក្រោយ នៃ​ការរំលោភ​យក​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ​ផង​ដែរ ដើម្បី​ចាត់​វិធាន​តាម​ផ្លូវច្បាប់​។​

​គួររំឭកថា ដី​បឹង​ឈូក​ស្ថិត​ចំណុច​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នេះ កន្លងមក​មាន​បុគ្គល​មួយ​គ្រួសារ​បាន​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ រវាង​មន្ត្រី​អន្ទ្រើ​សៗ​មួយ​ក្តាប់​តូច​នៅក្នុង​ស្រុក​កំពុងត្រាច ដោយ​បាន​ប្រើ​គ្រប់​រូបភាព​ក្នុង​គោលបំណង​ក្រសោប​យក​ដី​បឹង​ឈូក​ខាងលើ ធ្វើ​ជា​ស​ម្ប​តិ្ត​ឯកជន តែ​គ្រប់​រូបភាព​ទាំង​អម្បាល​មាន ត្រូវបាន​អភិបាល​ស្រុក​បច្ចុប្បន្ន​ធ្វើការ​ទប់ស្កាត់​ជា​បន្តបន្ទាប់​។​

​ជាមួយគ្នានេះដែរ មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​ទាំងមូល រង់ចាំ​មើល​ថា តើ​ចំណាត់ការ​នេះ​អនុវត្ត មាន​ប្រសិទ្ធភាព ដូច​ការសន្យា​របស់​លោក​អភិបាល​ស្រុក​កំពង់ត្រាច​ដែរឬទេ​?៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 7838 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.