​បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខេត្ត​កែប​ឆ្នាំនេះ​សិស្ស​ប្រឡង​ជាប់​មាន​អត្រា​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​

កែប ៖ បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ សិស្ស​ប្រឡង​ជាប់​មាន​កំណើន​ជាង​ឆ្នាំ​មុន​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​កិច្ច​សំណេះសំណាល និង​ប្រកាស​ឈ្មោះ​បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស ស្ថិតក្នុង​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប​។​

​បើ​តាម​របាយការណ៍រ​បស់ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប បានឲ្យដឹងថា បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ ដែល​សម័យ​ប្រឡង​នៅ​ថ្ងៃ​ទី​២០-២១ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ គឺ​មាន​សិស្ស​ប្រឡង​ចំនួន​២៦៧​នាក់ ដែល​មក​ពី​វិទ្យាល័យ​ចំនួន​២ គឺ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​។​លោក​បាន​បញ្ជាក់ថា ក្នុងចំណោម​សិស្ស​ប្រឡង​ចំនួន​២៦៧​នាក់​ខាងលើ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​២៤៩​នាក់ និង​សិស្ស​ប្រឡង​ធ្លាក់​ចំនួន​១៨​នាក់​។​

​ក្នុងឱកាស​នោះ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​លើកឡើង​ថា ថ្វី​ត្បិត​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​នៅ​ទូទាំង​ខេត្ត​កែប​ពុំមាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ក៏ពិតមែន ប៉ុន្តែ​ខេត្ត​កែប​របស់​យើង​ពិតជា​មាន​មោទនភាព​បំផុត ដោយសារ​ការប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០១៧-២០១៨ មាន​បេក្ខជន​ប្រឡង​ជាប់​មាន​ការកើនឡើង​ដែលមាន​អត្រា​ខ្ពស់​រហូតដល់​ទៅ ៩៣,២៥%​ឯណោះ​។​លោក អភិបាលខេត្ត​បាន​គូសបញ្ជាក់​ទៀត​ថា កាលសម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​មុន​បើ​ទោះជា​ខេត្ត​យើង​មាន​សិស្ស​ជាប់​និទ្ទេស​A ចំនួន​២​នាក់​ក៏​ពិតមែន តែ​អត្រា សិស្ស​ប្រឡង​ជាប់​មាន​ត្រឹម​៩០%​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កែប​មាន​សិស្ស​ប្រឡង​ចំនួន​២៦៧​នាក់ ក្នុង​នោះ​សិស្ស​ប្រឡង​ជាប់​ចំនួន​២៤៩​នាក់ ដោយ​ក្នុង​ចំណោម​នោះ​ក៏​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​(B)​ចំនួន​២​នាក់​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 8971 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!