បើក​ការដ្ធាន​ស្ថាបនា​ផ្លូវ​បេតុង​ទៅកោះ​ព្រាប​ប្រវែង​១២០០​ម៉ែត្រ​ក្រោម​អធិបតីភាព​លោក យន្ត មីន​

ខេត្ត​ព្រះសីហនុ ៖ ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៤​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ១.២០០​ម៉ែត្រ ទៅ​កោះ​ព្រាប មាន​ទីតាំង​នៅក្នុង​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ ។

​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ឱ្យដឹងថា ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ត​ភ្ជាប់​ពី​ផ្លូវ​ថេរ​វិថី សម្តេច​តេជោ ឆ្ពោះ​ទៅ​កោះ​ព្រាប មាន​ប្រវែង ១.២០០​ម៉ែត្រ ទទឹង​ពី ៤ ទៅ ៦​ម៉ែត្រ កម្រាស់ ០.១៥​ម៉ែត្រ  ដោយ​ប្រើ​ឆ្អឹង​ដែក ១០​លី ជា​ការជួយ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ចិន AWESOME GLOBAL INVESTMENT GROUP Co,LTD​។​
​ផ្លូវ​មួយ​ខ្សែ​នេះ គ្រោង​សាងសង់​រួចរាល់​ក្នុង​រយៈពេល ៣៥​ថ្ងៃ ប្រសិនបើ​អំណោយ ផល​ល្អ​មិន​មាន​ភ្លៀង​ធ្លាក់​។

​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន AWESOME GLOBAL INVESTMENT GROUP Co,LTD ដែល​បាន​ជួយ​ស្ថាបនា​ផ្លូវ​បេតុង​នេះ​ឡើង ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ដោយសារ​តែ​ខេត្ត​ព្រះ សីហនុ កំពុង​ត្រូវបាន​អភិវឌ្ឍ​រីកចម្រើន​យ៉ាងគំហុក​។ លោក​អភិបាលខេត្ត បន្ថែមថា វិស័យ​ឯកជន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ធ្វើ​ជា​ដៃគូរ​ក្នុង​ការចូលរួម​អភិវឌ្ឍ​ន៏ ខេត្ត​ព្រះសីហនុ​។

លោក​អភិបាលខេត្ត  ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​អម​សងខាង​ផ្លូវ ចូល​កោះ​ព្រាប​មេត្តា​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស​សាងសង់​ផ្លូវ ដើម្បីឱ្យ​ដំណើរការ​សាងសង់​ផ្លូវ​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន  ធានា​បាន​បរិមាណ និង​គុណភាព​ក្នុង​ការប្រើប្រាស់​បានយូរ​អង្វែង ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​របស់​យើងទាំងអស់គ្នា និង​សូម​អោយ​ប្រជា​ពលរដ្ធ​ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ​អោយ​ជាប់​បាន​យូរអង្វែង​តទៅ​ថ្ងៃ​ខាងមុខ ៕
ដោយ : សារ៉េត​

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 1693 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.