​ពិធី​អបអរ​សារ​ទរ​ទិវា​អក្ខរកម្ម​ជាតិ​៨​កញ្ញា​លើក​ទី​១៨ ឆ្នាំ​២០១៨​នៅ​ខេត្ត​កំពត​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ កញ្ញា ឆ្នាំ​២០១៨​នេះ ខេត្ត​កំពត​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អក្ខរកម្ម​ជាតិ​៨​កញ្ញា​លើក​ទី​១៨​ក្រោម​ប្រធានបទ “​អក្ខរកម្ម​ឆ្ពោះទៅ​ការសិក្សា​ពេញ​មួយជីវិត​”​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​បណ្ឌិត​សភាចារ្យ​ហង់​ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ព្រមទាំង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ផងដែរ​។​

​មានប្រសាសន៍​នៅក្នុង​អង្គ​ពិធី​នេះ លោក​បណ្ឌិត សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា អក្ខរកម្ម​មិន​គ្រាន់តែ​ធ្វើឲ្យ​អ្នក​សិក្សា ចេះ​អាន ចេះ​សរសេរ ចេះ​និយាយ​បាន​ត្រឹមត្រូវ​នោះ​ទេ ថែម​ទាំង​ចេះ​ប្រើប្រាស់​ជំនាញ អាជីព​ប្រចាំថ្ងៃ​ដើម្បី​បង្កើន​ប្រាក់ចំណូល ចិញ្ចឹម​ជីវិត​ខ្លួនឯង​ផង និង​ក្រុមគ្រួសារ​ផង ព្រមទាំង​ធ្វើ​ឲ្យ​សហគមន៍​មាន​ការរីកចម្រើន​ផងដែរ​។

​លោក​បណ្ឌិត​សភាចារ្យ​បាន​បន្ត​ទៀត​ថា អក្ខរកម្ម​គឺជា​គ្រឹះ​នៃ​ចំណេះដឹង អក្ខរកម្ម​ជា​គ្រឹះ​នៃ​ការអប់រំ អក្ខ​រកម្ម ជា​មូលដ្ឋាន នៃ​ការសិក្សា​ពេញ​មួយ​ជីវិត  អក្ខរកម្ម​ជា​គន្លឹះ​នៃ​ការអភិវឌ្ឍន៍  និង​អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ  ហើយ​ទិវា​នេះ​ជា​ការ​រំឭក​យើង​ថា យើង​នៅ​មាន​ភារកិច្ច​ចម្បង​ចាំបាច់​ច្រើន​ទៀត ក្នុង​ការជំរុញ​ឲ្យមាន​កំណើ​ន​អត្រា​អក្ខ​រកម្ម ដើម្បី​ទទួលបាន​នូវ ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់ខ្លួន ក្នុង​ឆ្នាំ ២០៣០ ដែល​គោលដៅ​ផ្តោត​លើ​ការអប់រំ​គុណភាព សមធម៌ និង​ការសិក្សា​ពេញ​មួយ​ជីវិត សម្រាប់​ទាំងអស់គ្នា  “​អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​”​។

​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បន្ត​បញ្ជាក់ថា ដើម្បី​ផ្តល់​ឲ្យ​យុវជន​យើង​ទទួល​នូវ​ជំនាញ​ដែល​អាច​ប្រើប្រាស់​បាន នៅក្នុង​ទីផ្សារ​ពលកម្ម យុវ​ជយ​មិន​ត្រឹម​តែ​ចេះ មាន​នូវ​ចំណេះដឹង និង​ចំណេះធ្វើ​ទេ ប៉ុន្តែ​ត្រូវមាន​អក្ខរកម្ម​បច្ចេកវិទ្យា​មួយទៀត នៅក្នុង​សង្គម​សម័យ​ឌីជីថល នាពេល​បច្ចុប្បន្ន​។ លោក​សភាចារ្យ​ក៏​បាន​បញ្ជាក់ទៀតថា ច​ប្ចុ​ប្បន្ន បញ្ហា​អនក្ខរភាព​ស្ថិតនៅជា​កង្វល់​របស់​រាជរដ្ឋាភិបា​ល ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ពោល​គឺ​យើង​នៅ​មាន​អនក្ខ​រជន​ជាង​មួយ​លាន​នាក់​ទៀត ហេតុនេះហើយ​បានជា​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​របស់​ក្រសួង តែងតែ​ចាត់ទុក​ការងារ​អក្ខរកម្ម​ជា​សមាសភាគ​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​វិស័យ​អប់រំ និង​ជា​សកម្មភាព​អាទិភាព​ដ៏​ចម្បង​របស់​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។

​ជា​ការជាក់ស្ដែង​នៅ​ក្នុង​សារលិខិត​សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រា​រព​ទិវា​អក្ខរកម្ម​ជាតិ ៨ កញ្ញា ២០១៨ ក៏បាន​លើកឡើង​ដែរ​ថា  ជាមួយនឹង​ចក្ខុវិស័យ អភិវឌ្ឍន៍​ប្រជាជន​កម្ពុជា​គ្រប់​រូបឲ្យ​ទទួលបាន​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត ក្នុង​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​មធ្យោបាយ ប្រកបដោយ វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​គុណសម្បទា​ដើម្បី​រួមចំណែក​បង្កើន​សេដ្ឋកិច្ច និង​សុខដុម​ជីវិត​បុគ្គល និង​សង្គម​។ ទស្សនាទាន​នៃ​ប្រធានបទ​នេះ មិន​សំដៅ​ត្រឹមតែ​ការរៀន​អក្ខ​រកម្ម ចេះ​អក្សរ ចេះ​លេខនព្វន្ត​ប៉ុណ្ណោះ​ទេ គឺ​បាន​គិតគូរ​ដល់​ឱកាស​ក្នុង​ការទទួលបាន​ចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ​វិជ្ជាជីវៈ និង​ន​វា​នុវត្ត​គ្រប់ផ្នែក គ្រប់​វិស័យ ជាពិសេស​អក្ខរកម្ម​បច្ចេកវិទ្យា ដែល​សព្វថ្ងៃ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9452 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.