​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​កំពុង រង​ការរិះគន់​ពី​ពលរដ្ឋ ខណៈ​ក្រុមហ៊ុន​បង្ហូរទឹក​ក្រ​ខ្វក់​ចូល​ក្នុង​អាង​ស្តុក​ទឹក​ឱ្យ​អតិថិជន​ប្រើប្រាស់​

​កំពត ៖ ពលរដ្ឋ​ទូទាំង​ស្រុក​កំពង់ត្រាច ពិសេស​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ទឹក​ក្រុមហ៊ុន​ទឹកស្អាត បាន​នាំ​គ្នា​រិះគន់​ថា ក្រុមហ៊ុន​ផលិត​ទឹកស្អាត​គ្មាន​ការទទួលខុសត្រូវ លើ​កត្តា​អនាម័យ ដោយ​បាន​បង្ហូរទឹក​ក្រ​ខ្វក់​ចូលក្នុង​អាង​ស្តុក​ទឹក​រាប់​ឆ្នាំ ហើយ​ផ្តល់​ឱ្យ​អតិ​ជន​ប្រើប្រាស់​។​

​មហាជន​ស្ទើ​ពេញ​ស្រុក​តែងតែ​នាំគ្នា​លើក​ឡើង​ថា ក្រុមហ៊ុន​ផលិត​ទឹកស្អាត ហាក់​ពុំ​បាន​គោរព​តាម​គោលការណ៍​អនាម័យ និង​ផលិត​ទឹក​ពុំ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​និង​គ្មាន​ស្តង់ដារ ដូចជា​នៅ​ជុំវិញ​បរិវេណ​ផលិត​ទឹក​ទាំងមូល​មាន​ភាព​ក្រ​ខ្វក់ ហើយ​ក្រុមហ៊ុន​នេះ​ក៏​បាន​ជីក​កូន​ប្រឡាយ​សម្រាប់​បង្ហូរទឹក​ពី​ស្រែ​និង​ទឹកភ្លៀង​ពី​ទីវាល ដែល​គ្មាន​អនាម័យ​សម្រាប់​ស្តុក​ទឹក​ទុក​ផ្គត់​ផ្គត់​ឱ្យ​អតិថិជន​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ប្រភព​ពី​មជ្ឈដ្ឋាន​ដដែល​បានឱ្យដឹង​ទៀត​ថា កន្លែង​ដែល​ក្រុមហ៊ុន​បង្ហូរទឹក​ចូល​ឱ្យ​គេ​ប្រើប្រាស់​ខាងលើ គឺជា​ទឹក​ដែល​ប្រជាពលរដ្ឋ​បង្ហៀរ​ចេញពី​លំនៅឋាន​នៅ​ក្បែរ​នោះ និង​ទឹកភ្លៀង​ហូរ​បាចសាច​មកពី​គ្រប់​ទីកន្លែង​ផងដែរ​។​មហាជន​បាន​រិះគន់​ទៀតថា ក្រុមហ៊ុន​ផលិត​ទឹកស្អាត​នេះ គួរ​ប្តូរ​ឈ្មោះថា ជា​ក្រុមហ៊ុន​ផលិត​ទឹក​ក្រ​ខ្វក់​វិញ​ទើប​ម ព្រោះ​គេ​បាន​សង្កេតឃើញថា ទីតាំង​ផលិត​ទឹកស្អាត​ក្នុង​ស្រុក​កំពង់ត្រាច​នេះ ហាក់​មាន​ភាព​ក្រ​ខ្វក់​ទាំង​ខាងក្រៅ​បរិវេណ និង​ខាងក្នុង​បរិវេណ ដោយ​មើលទៅ​ដូចជា​មិន​សម​ផ្តល់​ទឹក​ឱ្យ​អតិថិជន​ប្រើប្រាស់​ឡើយ​។​ជាមួយនឹង​កត្តា​ផលិត​ទឹក​គ្មាន​អនាម័យ​ខាងលើ ពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្រាច សំណូមពរ​ដល់​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ចុះទៅពិនិត្យ​មើល​ទីតាំង​ផលិត​ទឹកស្អាត​ខាងលើនេះ​ផង តើ​ម្ចាស់​ក្រុមហ៊ុន​បាន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​និង​តាម​ស្តង់ដារ​ទឹកស្អាត​ដែរឬទេ​?​។​

​ទាក់ទិន​នឹង​ការផលិត​ទឹក​គ្មាន​អនាម័យ​សម្រាប់​ផ្គត់ផ្គង់​អតិថិជន​នេះដែរ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង​សុំ​ការពន្យល់​ពី​អ្នកគ្រប់គ្រង​ផលិត​ទឹកស្អាត​ស្រុក​កំពង់ត្រាច​បាន​ទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ស្ថិតក្នុង​តំបន់​ក្រៅ​សេវា​។​

​ដោយឡែក លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប​កប​កម្ម​ខេត្ត​កំពត​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្ពុជា​ថ្មី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​បាន​ទេ​ដោយសារ​លោក​ប្រធាន​ជាប់រវល់​កិច្ច​ផ្ទាល់ខ្លួន​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 6905 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.