​លោក​អភិបាលខេត្ត​កំត​៖ នៅ​ឆ្នាំ​២០១៩​ខាងមុខ មន្ត្រីរាជការ​ក្នុង​រដ្ឋបាល​ខេត្ត​កំពត​ទាំងអស់​នឹង​មាន​ប្រាក់​ឧបត្ថម្ភ​១០០​ដុល្លារ​ប្រចាំខែ លើ​ប្រាក់បៀវត្ស​

កំពត ៖ មន្ត្រីរាជការ​ក្នុង​រដ្ឋបាល​ខេត្ត​កំពត​ទាំងអស់ នឹង​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋបាល​ខេត្ត ចំនួន​១០០​ដុល្លារ បន្ថែម​លើ​ប្រាក់បៀវត្ស និង​ប្រាក់​លើកទឹកចិត្ត​នៅ​ខែ​មករា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​នេះ​ជា​ការលើកឡើង​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចំនួន​ប្រមាណ​២០០​នាក់ នៅ​ល្ងាច​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​លោក​អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់ទៀតថា ការដឹកនាំ​របស់​លោក គឺ​ផ្អែក​តាម​របៀប​យន្តការ គឺ​មិនមែន​ជា​ការដឹកនាំ​របៀប​ចង្អុល​នោះទេ​។ ពាក្យ​ថា​យន្តការ​ត្រូវ​រៀបចំ​សេចក្តីសម្រេច អនុវត្ត​ការងារ​និមួយៗ​ហើយ​រាយការណ៍​ជូន​អង្គប្រជុំ​នូវ​អ្វី​ដែល​អនុវត្ត​បាន​ឬ​មិន​បាន​។​លោក​ថា​វិធី​ដឹកនាំ​តាម​យន្តការ មាន​គោលការណ៍​ច្បាស់លាស់ គឺ​ដឹកនាំ​ត្រូវតែ​មាន​កិច្ចប្រជុំ រាយការណ៍ និង​សុំ​យោបល់ ចឹង​ទេ​បើ​យើង​មិន​មាន​ការដឹកនាំ​ជា​យន្តការ មិន​មាន​ប្រជុំ​មិន​មាន​សុំ​យោបល់ តើ​ការអនុវត្ត​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ​?​តាមពិត​ការងារ​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​អ្នក​ធ្វើ​ចេះ​តែ​ធ្វើ​ទៅ ឯ​លទ្ធផល​មិន​អាច​ទទួលបាន​ជោគជ័យ​ឡើយ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​អំពី​ការពង្រឹង​យន្តការ ការងារ​ដឹកនាំ​នៃ​មន្ត្រីរាជការ​ក្នុង​រដ្ឋបាល​បាល​ខេត្ត​កំពត ហើយ​លោក​ក៏​នឹង​ជួបប្រជុំ​ជាមួយ​មន្ត្រី​ក្នុង​សាលាខេត្ត​រាល់​១៥​ថ្ងៃ​ម្តង ដើម្បី​ក្តាប់​នូវ​ការអនុវត្ត​ការងារ​ផ្សេងៗ តាម​មុខជំនាញ និង​តាម​ផែន​និមួយៗ តើ​អនុវត្ត​បាន​អី្វ​ខ្លះ​ហើយ​។​

​ក្នុងឱកាស​សំណេះសំណាល​នេះ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​កំពត ទាំង​ក្របខណ្ឌ ទាំង​មន្ត្រី​ជាប់​កិច្ចសន្យា ប្រមាណ​ជិត​២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​រៀបចំ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខ​នេះ​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 0077 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.