លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត អញ្ជើញ​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​នីតិវីធី​នៃ​ការចុះបញ្ជី​ពន្ធដារ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​

​កំពត ៖ លោក ជាវ  តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​នីតិវីធី នៃ​ការចុះបញ្ជី​ពន្ធដារ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។ កិច្ចប្រជុំ​រៀបចំឡើង​ដោយ​សាខា​ពន្ធដារ​ខេត្ត​កំពត ដោយ​មាន​សមាជិក​ចូលរួម​ពី​មន្ត្រី​ពន្ធដារ អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​និង​ចៅសង្កាត់​មួយចំនួន​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការចូលរួម​កិច្ច​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នោះ​សម្រាប់​ធ្វើ​ឱ្យ​ការប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​មានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ  តា​យ អភិបាលខេត្ត បានចាត់ទុក​កិច្ចប្រជុំ​នេះ​ពិតជា​មាន​សារសំខាន់​ចាំបាច់ ព្រោះ​ថា​ការដឹកនាំ​ការគ្រប់គ្រង​ប្រទេស​ជាតិ​ត្រូវតែ​ផ្អែក​លើ​កត្តា​សំខាន់​បីយ៉ាង​គឺ នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ហើយ​បច្ចុប្បន្ន​ប្រទេសជាតិ​យើង​សព្វថ្ងៃនេះ​កំពុងតែ​ទទួលបាន​នូវ​កត្តា​បី​យ៉ាង​ខាងលើនេះ​ប្រកប​ដោយ​មោទនភាព​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​មូលដ្ឋាន ពោល​គឺ នយោបាយ សន្តិសុខ  និង​សេដ្ឋកិច្ច មាន​លក្ខណៈ​ល្អប្រសើរ​ប្រកប​ដោយ​ស្ថេរភាព និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ឈានឡើង​ជា​បន្តបន្ទាប់​។ ដោយឡែក ក្នុងនោះ​វិស័យសេដ្ឋកិច្ច​តាមរយៈ​វិស័យ​ពន្ធដារ​ក៏បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការរួមចំណែក​នៃ​កិច្ច​ពន្លឿន​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។ ដោយ​ផ្អែក​លើ​ចក្ខុវិស័យ​របស់​រដ្ឋបាល​ខេត្ត​កំពត​សម្រាប់ បង្កើន​ការអភិវឌ្ឍន៍​ខេត្ត​ឱ្យបាន​កាន់តែ​រីកចម្រើន​ដើម្បី​ឆ្លើយតប​បាន​តាម​តម្រូវការ​ចាំបាច់​របស់​ខេត្ត​ក៏​ដូច​ប្រជាពលរដ្ឋ​។​

​លោក ជាវ តា​យ​អភិបាលខេត្ត ក៏បាន​លើកឡើង​ផងដែរ​ថា​៖​បើ​ទោះ​បី​រាជរដ្ឋាភិបាល​កាត់បន្ថយ​ចេញ​នូវ​ប្រភេទ​ពន្ធ​តូចក្ដី ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ការប្រមូល​ពន្ធ​ទាំងឡាយ​ណា​ជាប់ពន្ធ​ធំ​ឱ្យ​អស់​លទ្ធភាព​ជាក់ស្ដែង​ដោយ​ផ្អែក​លើ​លក្ខណៈ​ច្បាប់​បទដ្ឋាន​ដែល​បាន​កំណត់​។ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​អង្គភាព​សាខា​ពន្ធដារ​ខេត្តកំពត បើ​ទោះបី​ស្ថិតនៅក្រោម​ខ្សែបណ្ដោយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រក៏​ពិតមែន​ប៉ុន្តែ​អ្វី​ក៏​ត្រូវតែ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ឱ្យបាន​រឹងមាំ​ជា​ចាំបាច់ ដូច្នេះ​រាល់​ឯកសារ លិខិត​បទដ្ឋាន​ផ្សេងៗ​ពាក់ព័ន្ធ​វិស័យ​ការងារ​ពន្ធដារ  ត្រូវតែ​ធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ហើយ​ទន្ទឹមនេះដែរ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​ត្រូវតែ​ចូលរួម​សហការ​ជាមួយ​អង្គភាព​ពន្ធដារ​ឱ្យបាន​កាន់តែ​ជិតស្និទ​ថែមទៀត​ដើម្បី​ធ្វើឱ្យ​ការប្រមូល​ចំណូល​ចូល​រដ្ឋ​មាន​ប្រសិទ្ធភាព ហើយក៏​ជា​ការងារ​សម្រាប់​យកមក​ពន្លឿ​នកិច្ចការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​បាន​កាន់តែ​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9497 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.