​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន បាន​ក្លាយជា​ប្រធានបទ​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ជំរុញ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សក្តានុពល​

កែប ៖ ជា​ការពិត​ណាស់ ការរួម​គ្នា​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន នឹង​ធ្វើឲ្យ​តំបន់​របស់​យើង​ក្លាយ​ជា​ទីតាំង​ផ្តល់នូវ​ផាសុខភាព និង​មាន​ភាព​ទាក់ទាញ ហើយ​ការធ្វើ​អនាម័យ​ក៏​ជា​គំរូ​មួយ​ដើម្បី​ជួយ​ដាស់តឿន​ដល់​មហាជន​ទូទៅ​ឲ្យ​យល់​ពី​តម្លៃ​នៃ​បរិស្ថាន​ផងដែរ​។​

​យ៉ាងណាមិញ រមណីយដ្ឋាន​ឆ្នេរកែប ទម្រាំ​បាន​កែប្រែ​សោភ័ណភាព​ឲ្យមាន​ភាព​ស្រស់បំព្រង​ដូច​សព្វថ្ងៃនេះ អាជ្ញាធរ​ក្នុង​តំបន់ ពិតជា​ត្រូវ​ចំណាយ​ពេលវេលា ចំណាយ​កម្លាំងកាយ ចិត្ត កម្លាំង​ស្មារតី ពិសេស​ការចំណាយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ ទើប​ប្រែក្លាយ​ជា​រមណីយដ្ឋាន​មួយ​មានឈ្មោះ​បោះ​សម្លេង និង​ល្បី​រន្ទឺ​សុសសាយ​ពេញ​ផ្ទៃ​ប្រទេស និង​ពិភពលោក​។​

​លើសពី​នេះ​ថ្វី​ត្បិត​ខេត្ត​កែប បាន​ទទួល​ជ័យលាភី​ផ្ការំដួល​បី​ទង​ពីរ​ឆ្នាំ​ជាប់​គ្នា​ក៏ពិតមែន ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់ឃើញ អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ខិតខំ​យកចិត្តទុកដាក់ សហការ​ដើម្បី​កែប្រែ​សោភ័ណភាព​ជា​បន្តបន្ទាប់ ពិសេស​ការធ្វើ​អនាម័យ សម្អាត​បរិស្ថាន​នៅ​គ្រប់ទិសទី ដូចជា​នៅ​តាម​សួនច្បារ​សាធារណៈ​មុខ​សាលាខេត្ត នៅតាម​ដងផ្លូវ នៅ​តាម​មាត់​ឆ្នេរ​កម្សាន្ត​នានា ពិសេស​នៅ​ចំណុច​ទី​ប្រជុំជន​តែម្តង ព្រោះ​ចំណុច​ខាងលើ​ជា​គោលដៅ​ងាយ​ប្រឈម​នឹង​ការ​បោះចោល​សំរាម​គ្រប់ពេលវេលា ពី​សំណាក់​ក្រុម​អ្នក​ទេសចរណ៍ ហើយ​កម្រិត​បរិមាណ​សំរាម​វា​នឹង​កំណើន​ឥតឈប់ឈរ ខណៈ​ដែល​អាជ្ញាធរ​ឬ​ជំនាញ​មាន​ភាព​ព្រងើយកន្តើយ​នោះ​។

​កន្លងមក គេ​តែងតែ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​មួយចំនួន​តូច ពួកគេ​ច្រើន​តែ​បោះចោល​សំរាម​រប៉ាត់រប៉ាយ​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ  ឬ​តាម​ដងផ្លូវ​ដែល​ពួកគាត់​បាន​ធ្វើដំណើ​រឆ្ល​ង​កាត់ ហើយ​ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល​បែប​នេះ​ដោយសារ​ពួកគាត់​ពុំ​ទាន់​មាន​ការយល់ដឹង​ពី​បញ្ហា​បរិស្ថាន​នៅឡើយ​។​ប៉ុន្តែ​រហូតមកដល់​ដំណាក់កាល​ចុងក្រោយ​នេះ ពលរដ្ឋ​គ្រប់​វ័យ ក៏ដូចជា​ស្រទាប់​យុវជន​ពិតជា​មាន​ការយល់ដឹង​ពី​បរិស្ថាន គាប់​ជួន​ប​ច្ច​ប្បន្ន​អាជ្ញា​ធរបាន​ធ្វើ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​កត្តា​ចម្បង​នៃ​បរិស្ថាន​ធម្មជាតិ​ឬ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ទើប​គេ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ពី​កត្តា​អនាម័យ លើ​បញ្ហា​សំរាម និង​កាក​សំណល់ ហើយក៏​បាន​ប្រែ​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក សម្រាប់​ជំរុញ​ឲ្យ​សាធារណជន​បាន​យល់ដឹង និង​ជួយ​សហការ គាំទ្រ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​

​ផ្តើមចេញ​ពី​កិច្ច​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ខាងលើ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប កន្លងមក​លោក​តែង​ជំរុញ​ដល់​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ រាល់​គ្រប់​សកម្មភាព​ទាំងឡាយ​ដែល​កំពុង​ប្រឈម ពិសេស​គឺ​ផ្នែក​បរិស្ថាន​តែម្តង ព្រោះតែ​ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ ដ៏​ស្រស់ត្រកាល​ជាប់​ឈ្មោះ​ល្បីល្បាញ​ជា​ច្រើន​តំណរ ទើប​អាជ្ញាធរ​ត្រូវតែ​ខិតខំ​ស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​

​ដូច្នេះ​ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប ឲ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំងក្លា​ថែម​ទៀត យើងទាំងអស់គ្នា​គប្បី​សហការ​ជួយ​ថែរក្សា​សោភ័ណភាព​ឆ្នេរកែប​ឲ្យបាន​ស្រស់ត្រកា​ល​ជា​រៀងរហូត ហើយ​សូម​កុំ​បោះចោល​សំរាម ឬ​កាកសំណល់​ផ្តេសផ្តាស សូម​ជួយ​វេច​ខ្ចប់​សំណល់​ទាំងឡាយ ដាក់​ក្នុង​ធុងសំរាម​ឲ្យបាន​ត្រឹមត្រូវ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!