ឯកឧត្តម​ អភិបាលខេត្ត​មណ្ឌលគិរី ច្រាន​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​ថា មាន​ការកាប់​ឈើ​ចេញពីតំបន់​ដេអេ ស្រុក​ពេជ្រាដា នាំចេញ​ទៅប្រទេស​វៀតណាម​

ខេត្តមណ្ឌលគិរី​ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី កោះប្រជុំមន្រ្តីជាបន្ទាន់​មួយក្រោយ​មានព័ត៌មាន​ថា​​  មាន​​បទល្មើស​ដឹកជញ្ជូនឈើ​ឆ្លងដែន ទៅកាន់​ប្រទេសវៀតណាមនោះ គឺគ្មាន​ដូចការផ្សព្វផ្សាយនោះ ឯកឧត្តម បានបដិេសធ និងមានការសោកស្តាយ ដែល​ព័ត៌មានមួយ​ចំនួន ធ្វើការផ្សព្វផ្សាយ​ចេញមកបែបនេះ​  ។

ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា នៅ​ព្រឹកថ្ងៃទី២៤ ខែសីហានេះ លោកបានកោះហៅ​មន្រ្តីទូទាំងខេត្តជាបន្ទាន់ មកសួរនាំតែ​ធាតុពិត គ្មានការចេញឈើដូចការផ្សព្វផ្សាយនោះឡើយ។

អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើការបំភ្លឺថា ​ករណីមានរថយន្តធុនប៉ាកុង ដឹកឈើចេញពីតំបន់ដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា យកទៅទម្លាក់ទុកនៅដីចម្ការមួយកន្លែង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បម្រុងនាំចេញទៅប្រទេសវៀតណាមនោះ គឺមិនពិតនោះទេ ពោល​ឈើនេះប្រជាពលរដ្ឋដែលបានស្នើរសុំ​ដើម្បីសាង​សង់ផ្ទះប៉ុណ្ណោះ​។

ការចេញមកបំភ្លឺបែបនេះ បានធ្វើឡើងបន្ទាប់ពី​ពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា មានការដឹកជញ្ជូនឈើ​ស្ដុកទុក បម្រុង​នាំចេញទៅ​ប្រទេសវៀតណាម ដែលការចុះផ្សាយនេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការបដិសេធជាដាច់ខាត គឺមិនមានសកម្មភាពបែបនេះឡើយ ហើយចំពោះសកម្មភាពដឹកជញ្ជូនឈើនេះ ម្ចាស់ផ្ទះ​បានស្នើរសុំការអនុញ្ញាតពីគ្រប់ស្ថាប័នជំនាញ ​និងអាជ្ញាធរខេត្តផងដែរ​។

អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី ក៏បានថ្លែងអំណរគុណ​​ ចំពោះសេចក្តីរាយការណ៍​របស់អ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មាននានា ជុំវិញករណីបទល្មើសព្រៃឈើ ឬបទល្មើសផ្សេងៗ កើតមានក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ និងបង្ការករណីខុសប្រក្រតី ដែល​អាចបង្ក​បញ្ហាអសន្តិសុខដល់សង្គម។

លោក សុក រ៉ា ​ក៏បានស្នើរដល់មហាជន កុំមានការយល់ច្រលំចំពោះការដឹកឈើ សម្រាប់ធ្វើជាគ្រឿងផ្ទះនោះអី ហើយខេត្តតែងមានគោល​ការអនុគ្រោះ ដល់ប្រជាពលរដ្ឋដែលមានលទ្ធភាពសាងសង់លំនៅដ្ឋាន អាចស្នើរសុំទៅមន្ត្រីជំនាញដើម្បីអាចសុំអារកាប់ឈើ ឬដឹកជញ្ជូនឈើគ្រឿងផ្ទះ ដោយគ្មានការចាប់ចងអ្វីឡើយ៕

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!