ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

​កែប ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ត្រូវ​បាន​ប្រព្រឹត្តឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​សីហា​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កែប ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​ដែនដី និង​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​កែប​ផង​ដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក អីុង សំអុល អតីត​ស្នងការ​នគរបាល​ខេត្ត​កែប​បានឲ្យដឹងថា កម្លាំង​នគរបាល​ក្នុង​អង្គភាព មាន​ក្របខណ្ឌ​សរុប ៣៨១​នាក់ ស្រី​៣៥​នាក់ ក្នុងនោះ​ថ្នាក់​ខេត្ត​មាន​ចំនួន​២៩៨​នាក់ និង​ថ្នាក់​ក្រុង ស្រុក មាន​ចំនួន​៨៣​នាក់ ហើយ​កម្លាំង​បានរៀបចំ​ក្រុមចម្រុះ​នគរបាល​ខេត្ត​ចំនួន​៧​ក្រុម សម្រាប់​បង្កា បង្ក្រាប​បទល្មើស​ផ្សេងៗ និង​ថែរក្សា​សន្តិភាព សណ្តាប់ធ្នាប់​ក្នុង​សង្គម​។​

​ពិធី​នេះ​ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច លោក​ឧត្តមសេនីយ៍ត្រី បែន តារា អតីត​ស្នងការរង​ខេត្ត​ព្រះសីហនុ ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ជំនួស ឯកឧត្តម ឧត្តមសេនីឯក អីុង សំអុល ដែល​ត្រូវ​ចូលកាន់​តំណែង​ថ្មី ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។​

​ក្នុងឱកាស​នោះ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្លាំង​នគរបាល​ទាំងអស់ ដែល​ខិតខំ​យក​អស់​កម្លាំងកាយ ចិត្ត កម្លាំង​ស្មារតី ក្នុង​ការចូលរួម​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បាន​ល្អប្រសើរ ពិសេស​ការរក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លងមក​។​

​ជាមួយនេះដែរ លោក​អភិបាលខេត្ត​កែប ក៏​សូម​សំដែង​ការអបអរសាទរ ដែល​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ស្នើ​តែងតាំង និង​ផ្ទេរ​ភារកិច្ច ដល់​លោកស្នងការ​នគរបាល​ចាស់ និង​ថ្មី​ទាំង​២​រូប ដោយ​ការប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​នាពេលនេះ គឺជា​ការផ្លាស់ប្តូរ​រដ្ឋ​បាល​ធម្មតា តាម​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​មានប្រសាសន៍​ផ្តាំផ្ញើ​ក្នុង​ពិធី​នេះ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង ប្រធាន​នាយកដ្ឋាន​បុគ្គលិក ក៏​បាន​ជំរុញ​ដល់​ស្នងការ​នគរបាល​ខេត្ត​កែប ដែល​ទើបតែ​ប្រកាស​ថ្មី​នេះ ត្រូវ​សិក្សា និង​យក​គំរូ​តាម​លោក​ស្នងការ​ចាស់ ហើយ​ត្រូវ​ស្វែងយល់​ពី​ភូមិសាស្ត្រ ហើយ​ត្រូវ​យល់​ឲ្យ​ច្បាស់​នូវ​តួនាទី​របស់​ខ្លួន និង​ត្រូវ​គោរព​តាម​បទបញ្ជា​ថ្នាក់លើ​ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​លើសពី​នេះ​ដើម្បី​សម្រួល​ការងារ​ឲ្យបាន​ជោគជ័យ និង​ដំណើរការ​បាន​ល្អ គប្បី​ត្រូវ​ខិតខំ​រៀនសូត្រ​យក​បទពិសោធន៍​បន្ថែម​ទៀត​ដើម្បី​អង្គភាព​របស់​យើង​មាន​ភាពរឹងមាំ​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​លោក​ស្នងការ​ខេត្ត​កែប​ថ្មី ចាប់ពី​ពេលនេះ​តទៅ​ត្រូវតែ​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​និង​បង្កើន​សមត្ថភាព​ដល់​មន្ត្រីនគរបាល​ទាំងអ​ស់ គឺ​មិន​ត្រូវ​ប្រកាន់​បក្សពួក ឬ​ក្រុម​ណា​ឡើយ ត្រូវ​ធ្វើ​ការងារ​រួមគ្នា​ជូន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម​ទិសដៅ​ដែល​ថ្នាក់លើ​ប្រគល់ជូន​។​

​ជាមួយនេះ នាយ​ឧត្តមសេនីយ៍ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​អង្គភាព​កង​កម្លាំងប្រដាប់អាវុធ​ទាំង​បី នូវ​ថវិការ​មួយចំនួន​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!