លោក កែ​ន សត្ថា អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨​នៅ​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ​២០១៨​ដែល​ជា​ថ្ងៃ​ប្រឡង​បាក់​ឌុប លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អប​ដំណើរ​ដោយ​ស​ការី​ជាច្រើនរូប បាន​អញ្ជើញ​ចូលរួម​បើក​វិញ្ញាសារ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស ស្ថិតក្នុង​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប​។​

​ក្នុងឱកាស​នៃ​ការប្រឡង​នេះ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប​បានបញ្ជាក់​ថា សម័យ​ប្រឡង​នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨​ដែល​ប្រព្រឹត្ត​ឡើង​នៅ​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​នេះ​គឺមាន​២​មណ្ឌល ស្មើនឹង​១១​បន្ទប់ មាន​បេក្ខជន​ប្រឡង​ចំនួន​២៦៧​នាក់ ស្រី​១៣៦​នាក់ ក្នុងនោះ​មាន​ស្វៃរិន​១៥​នាក់ ស្រី​៧​នាក់​។​លោក​ប្រធាន​មន្ទីរ​បានឲ្យដឹង​ទៀតថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នៅក្នុង​២​មណ្ឌល​ខាងលើ​បាន​បែងចែក​អគារ​ផ្នែក​ខាងជើង​គឺ​ផ្នែក​វិទ្យាសាស្ត្រ ដែលមាន​២​បន្ទប់ មាន​សិស្ស​ប្រឡង​ចំនួន​៤២​នាក់ ស្រី​២៣​នាក់​។​ដោយឡែក​អគារ​ខាងត្បូង ផ្នែក​វិទ្យាសាស្ត្រ​សង្គម ស្មើ​៩​បន្ទប់ មាន​សិស្ស​ប្រឡង​ចំនួន​២២៥​នាក់ ស្រី​១១៣​នាក់ ក្នុងនោះ​ស្វៃរិន​១៥​នាក់​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ក្នុងចំណោម​សិស្ស​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ចំនួន​២៦៧​នាក់​ខាងលើ​គឺ​សិស្ស​នៅ​ក្នុង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស មាន​សិស្ស​ចំនួន ១០៤​នាក់ ស្រី​៥៨​នាក់ ព្រម​ទាំង​សិស្ស​មកពី​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង មាន​ចំនួន​១៤៨​នាក់ ស្រី​៧១​នាក់ និង​ស្វៃរិន​ចំនួន​១៥​នាក់​ផង​ដែរ​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ នៅ​ខេត្ត​កែប បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ក្រោម​ការត្រួតពិនិត្យ​ដ៏​ហ្មត់ចត់​របស់​គណៈកម្មាធិកា​រ​ប្រឡង​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​មាន​ការចូលរួម​សង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ  និង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ជាច្រើន​រូប​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!