​ក្រោយ​ពី​ប្រជាពលរដ្ឋ​ផ្ទុះ​ប្រតិកម្ម​រឿង​បង្គោល​ដែល​គេ​បោះ​រំលោភ​ចូល​ក្នុង​បឹង​ឈូក អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​ធ្វើ​សេចក្តីជូនដំណឹង​ឲ្យគេ​ដក​បង្គោល​ចេញ​ហើយ​

កំពត ៖ បន្ទាប់ពី​មាន​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល​ពី​សំណាក់​ពលរដ្ឋ​រាប់រយ​នាក់ ស្ថិតក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត លើ​ករណី​មាន​បុគ្គល​ខិលខូច​លួច​បោះបង្គោល​ប៉ុនប៉ង​រំលោភ​ទន្ទ្រាន​ដី​បឹង​ឈូក ក្នុង​ភូមិសាស្ត្រ​ឃុំ​អង្គ​សុរភី អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​និង​កំពុង​មាន​វិធានការ​ដើម្បី​ជូន​ដំ​ណឺង​ឲ្យគេ​ដក​បង្គោល​ចេញពី​បឹង​ឈូក​នេះហើយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា ពេលនេះ​លោក​នឹង​ធ្វើ​លិខិត​ជូនដំណឹង​ដល់​អ្នក​បោះបង្គោល​ឲ្យ​ដកចេញ​ពី​ដី​បឹង​របស់​រដ្ឋ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​។​លោក​អភិបាលស្រុក​បានឲ្យ​ដឹង​ផងដែរ​ថា ក្នុងនាម​លោក​ជា​អាជ្ញាធរ​ក្នុង​តំបន់​នេះ ដាច់ខាត​មិន​បណ្តែតបណ្តោយ​ឲ្យ​ជន​ខិល​ខួច​ណា​ម្នាក់​រំលោភ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​នោះឡើយ​។​

​ក្រោយ​ពី​ដឹង​ថា លោក​អភិបាលស្រុក​កំពង់ត្រាច មាន​ចំណាត់ការ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក​នេះ​ភ្លាម ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ឃុំ​ចំនួន​ពីរ​ខាងលើ ពិតជា​មាន​ក្តីរីករាយ​យ៉ាង​ក្រៃលែង ព្រោះ​ពួកគាត់​ទន្ទឹង​រង់ចាំ​លទ្ធផល​បែប​នេះ​យ៉ាង​អន្ទះសារ ហើយ​សង្ឃឹមថា លោក​អភិបាលស្រុក​និយាយ​ហើយ​ត្រូវតែ​ធ្វើ ដាច់ខាត​មិន​លេប​សំដី​។​

​មហាជន​ទូទាំង​ខេត្ត​កំពត ពិសេស​ពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្រាច រង់ចាំ​មើល​លទ្ធផល​ជា​វិជ្ជមាន ខណៈ​ឮ​ថា លោក​អភិបាលស្រុក​នឹង​ចាត់វិធានការ​ទៅលើ​បុគ្គល​ខិលខូច​ដែល​ចង់​លេប​ត្របាក់​ដី​រដ្ឋ​ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​នោះ​ឲ្យខាងតែបាន ដើម្បី​ផ្តល់​យុតិ្ត​ធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ពិសេស​ពួកគាត់​មាន​ផ្លូវ​បង្ហូរ និង​មាន​បឹង​ធម្មជាតិ​ទុក​ជា​សម្បតិ្តសា​ធារណៈ​សម្រាប់​ប្រើប្រាស់​ទាំងអស់​គ្នា​តាម​តម្រូវការ​។​

​គួររំឭកថា ករណី​បំពារបំពាន​ដី​ប្រឡាយ ព្រែក បឹងបួ របស់​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច កន្លងមក​ពិតជា​កើតមានឡើង​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​ក្នុង​តំបន់​ខិតខំ​ទប់ស្កាត់​យ៉ាង​មមាញឹក​ផងដែរ ទីបំផុត​នៅ​តែ​មាន​គេ​ចាក់​លុប​យក​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដី​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​នេះ ត្រូវបាន​បុគ្គល​ខិលខូច​មួយ​គ្រួសារ ប្តី​ឈ្មោះ​សំ អេ​ន ប្រពន្ធ​ឈ្មោះ​សេង យិ ប្រើ​គ្រប់​រូបភាព​ក្នុង​គោលបំណង​ក្រសោប​យក​ជាស​ម្ប​តិ្ត​ឯកជន​។​ជាមួយគ្នានេះ អាជ្ញាធរ​ស្រុក​កំពង់ត្រាច ក៏មាន​វិធានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់ ដោយ​អាជ្ញាធរ​ក៏​បាន​សន្យាថា នឹង​ចាត់វិធានការ​ទៅលើ​បុគ្គល​នោះ​ដើម្បី​ឲ្យ​ប្រគល់​ដី​បឹង​នេះ​ទុក​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ​។​

​មជ្ឈដ្ឋាន​ជាច្រើន​បាន​និយាយថា បើ​លោក​អភិបាលស្រុក​ថ្មី អូន ខន អាច​ចាត់​វិធានការ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​បាន​វិញ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​ទាំងមូល នឹង​កោតសរសើរ ថែម​ទាំង​ដឹងគុណ​គ្មាន​ថ្ងៃ​បំភ្លេច​ឡើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 4128 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!