​អភិបាលខេត្ត​កែប ជំរុញ​ដល់​ប្រជាពលរដ្ឋ​បន្ត​ការយកចិត្តទុកដាក់​លើ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ផុលផុស​

កែប ៖ ក្នុងឱកាស​ផ្តល់​ជី​ធម្មជាតិ ជូន​សមាជិក​សហគម​ន៍​កសិកម្ម​ភូមិ​ចំការ​បី និង​សហគមន៍​ភូមិ​កោះ​សោម​-​ព្រៃ​តា​កុយ នៅ​ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​រៀបចំឡើង​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​មានប្រសាសន៍ថា វិស័យ​កសិកម្ម​ជា​វិស័យ​សំខាន់​មួយ ដែល​ប្រជាពលរដ្ឋ​នៅ​គ្រប់​តំបន់​ត្រូវតែ​យកចិត្តទុកដាក់​បំផុត​។​

​លោក​អភិបាលខេត្ត​បានឲ្យ​ដឹង​យ៉ាង​ដូច្នោះ​ថា ជា​ការពិត​ណាស់​ការពង្រឹង​លើ​ផ្នែក​វិស័យ​កសិកម្ម​ត្រូវការ​ចាំបាច់​មាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​ជំនាញ ទើប​ការអនុវត្ត​ទទួលបាន​ជោគជ័យ​។​យ៉ាងណាមិញ បើ​ផ្អែក​លើ​កត្តា​សំខាន់ វិស័យ​កសិកម្ម​ជា​វិស័យ​អទិភាព​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ពិសេស​អ្នក​ផលិត​និង​អ្នក​ទទួល​ផល​កសិកម្ម​យក​ទៅ​ប្រើប្រាស់​ឬ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ជឿនលឿន ដោយ​អាច​កំណត់​នូវ​តម្រូវការ​និង​ការផ្គត់ផ្គង់​បាន​ច្បាស់លាស់​គឺ​គ្មាន​វិបតិ្ត​អំពី​បញ្ហា​ទី​ផ្សារឡើយ ហើយ​រក្សា​បាន​លំនឹង​តម្លៃ​ផលិតផល​ល្អ​ផង​ដែរ​។​ម្យ៉ាងទៀត​ការស្វែងរក​ទុន​និង​ដៃគូ​សម្រាប់​វិនិយោគ​ក៏​ងាយស្រួល​ក្នុង​ការជួយ​គាំទ្រ​ផលិតផល ក៏​មាន​ស្តង់ដារ​និង​មាន​ការ​ទួល​ខុសត្រូវ​ខ្ពស់ និង​ធានា​សុវត្ថិភាព​ដល់​អ្នក​ហូបចុក​ទៀតផង​។​លោក​អភិបាលខេត្ត​កែប​បាន​បន្តថា ចំពោះ​ការផ្តល់​ជីធម្មជាតិ​ដែល​រៀបចំឡើង​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ​ខេត្ត​កែប​នេះ ថ្វី​ត្បិត​តិចតួច​ក៏​ពិតមែន តែ​វា​ជា​ផលិតផល​ធម្មជាតិ​ដែល​អាច​ជួយ​បំប៉ន​ដំណាំ​គ្រប់​ប្រភេទ ពិសេស​ដំណាំ​ស្រូវ ហើយ​ខាង​មន្ទីរ​ក៏​បាន​បំផុស​ដល់​បងប្អូន​ប្រជា​កសិករ​យើង​ឲ្យ​ចេះ​សន្សំ​ជីធម្មជាតិ កែច្នៃ​សំណល់​ផ្សេងៗ​ដើម្បី​សន្សំ​ថវិកា ក៏ដូចជា​ការចូលរួម​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះសំបែង​របស់​យើង​ផងដែរ​។​

​ជាមួយគ្នានេះ លោក​កែន សត្ថា ក៏​បាន​នាំមក​នូវ​ការសួរសុខទុក្ខ​និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ពូ មីង បងប្អូន​ទាំងអស់​ដែល​បាន​ទៅ​បំពេញ​កាតព្វកិច្ច​បោះឆ្នោត​យ៉ាង​ផុលផុស​ដែល​មាន​តួលេខ​ខ្ពស់​រហូតដល់​ជាង​៩១​ភាគរយ​។​លោក​ថា​ថ្វី​ត្បិត​លទ្ធផល​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិនទាន់​បាន​ប្រកាស​លទ្ធផល​ក៏ដោយ គឺ​សម្តេច ហ៊ុន សែន បាន​ផ្តាំផ្ញើ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​តែ​ខិតខំ​បន្ត​បម្រើសេវា​ដល់​ប្រជាពលរដ្ឋ​ឲ្យ​សកម្ម​ឡើង​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា បើ​តាម​ការលើកឡើងរ​បស់ លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប បានបញ្ជាក់​ថា ការផ្តល់​ជីធម្មជាតិ​ជូន​ដល់​សមាជិក សហគមន៍​កសិកម្ម​ចំការ​បី និង​សហគមន៍​ភូមិ​កោះ​សោម​-​ព្រៃ​តា​កុយ នៅ​រសៀល​នេះ គឺ​ក្នុង​ម្នាក់ៗ​ទទួលបាន​ជីធម្មជាតិ សញ្ញា​រូប​ក្ងាន​១​បាវ  និង​ថវិកា​មួយចំនួន​ដែល​ជា​ការឧបត្ថម្ភ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​អភិបាលខេត្ត​កែប​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!