​លោក ម៉ម ឡេង​យ៉ានី នាយករង​ខុទ្ទកាល័យ​សម្តេច សាយ ឈុំ និង​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ នាំយក​ទៀន​ព្រះវស្សា ប្រគេន​ព្រះ​សង្សវ​ត្ត​ទួល​អស់លោក

ភ្នំពេញ ៖ លោក ម៉ម ឡេង​យ៉ានី នាយករង​ខុទ្ទកាល័យ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​លោក ជា ពិសី ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ឫស្សីកែវ និង​មន្ត្រី​ពាក់ព័ន្ធ​នានា ស្ថិតនៅ​ក្នុង​វត្ត​ទួល​សន្តិ​វ័ន្ត ហៅ​វត្ត​ទួល​អស់លោក ស្ថិតក្នុង​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ នៅ​ថ្ងៃ​១២ ខែ​សីហា ឆ្នាំ​២០១៨ បាន​នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន មាន​ជា​គ្រឿងឧបភោគ​បរិភោគ សម្ភារ និង​ថវិកា ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​នៅក្នុង​វត្ត ខណៈ​ខិតចូល​មកដល់ នៃ​បុណ្យ​កាន់​ព្រះវស្សា​តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​។​

​លោក ម៉ម ឡេង​យ៉ានី បានឲ្យដឹងថា ចំពោះ​ទេយ្យវត្ថុ​ដែល​នាំយក​ប្រគេន​ជូន​ដល់​ព្រះ​ស​ង្ស រួមមាន​៖ ទៀន​ព្រះវស្សា​១​គូរ​, សា​ដក​២៦​ប្រអប់​, តែ​៣​គីឡូក្រាម​, ស្ករស​៥០​គីឡូក្រាម​, អង្ករ​១០០​គីឡូក្រាម​, ទឹកដោះគោ​ខាប់​១​កេស​ធំ​, ទឹកត្រី​១០​យួរ​, ទឹកស៊ីអ៊ីវ​១០​យួរ​, មី​យើង​២​កេស​ស​ធំ​, ត្រីខកំប៉ុង​២​កេស​ធំ​, ទឹកក្រូច​៤​កេស​, ទឹក​សុទ្ធ​៤​កេស​, ផ្លែឈើ​ស្រស់​៣​កេស និង​បច្ច័យ​ឧបត្ថម្ភ​ដល់​ព្រះ​ស​ង្ស​២៦​អង្គ​-​នាក់​ផង​ដែរ​។​

​ដោយឡែក តាអាចារ្យ​ធំៗ​ចំនួន​២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ខោ​អាវ​មួយ​កំប្លេ​, តែ​, ស្ករ​, ទឹកដោះគោ​, ទៀន​, ធូប​, ប្រេងកូឡា និង​បច្ច័យ ៤០,០០០​រៀ​ស្មើៗ​គ្នា​។ ជាមួយគ្នានេះ អាចារ្យ​ធំៗ​ចំនួន​៤​នាក់​ផ្សេង​ទៀត ទទួល​បាន​ក្នុង​ម្នាក់ៗ ក្រណាត់ស​១​ដុំ​, ប្រេងកូឡា និង​បច្ច័យ ២០,០០០​រៀល​។ ក្រៅពីនោះ សម្រាប់​តាអាចារ្យ និង​យាយជី​ចំនួន ១០០​នាក់ ផ្សេង​ទៀត​នោះ ក្នុង​ម្នាក់​ទទួលបាន​ក្រណាត់ស​១​ដុំ​, បច្ច័យ ៥,០០០​រៀល​ស្មើៗ​គ្នា​។ ក្នុង​សកម្មភាព​នេះ ក៏​មាន​ការ​ពិសារ​អាហារសម្រន់​សាមគ្គី​ជុំគ្នា រួមា​ន​៖ មាន​នំ​បញ្ចុក​, នំ​បុ័ង​សម្ល​ខ្មែរ​, សម្ល​ការី​, និង​ភេសជ្ជៈ​មួយចំនួន ដោយ​សរុប​ជា​ថវិកា​អស់​ចំនួន ៨,២០០,០០០​រៀល​។​

​លោក ជា ពិសី និង​លោកស្រី អាន ផល្លា បាន​ចូលរួម​ឧបត្ថម្ភ​ជា​បច្ច័យ​ចំនួន ៤០០,០០០​រៀល និង​មាន​ការចូលរួម​ចំណែក​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ផង​នោះ សរុប​ចំនួន ១,១១០,០០០​រៀល និង​៤២​ដុល្លារ​អាមេរិក សម្រាប់​ប្រគេន​ដល់​ព្រះ​ស​ង្ស​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​នៅក្នុង​វត្ត​ទួល​សន្តិ​វ័ន្ត​។​

​លោក ជា ពិសី បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​មន្ត្រីរាជការ ព្រះសង្ឃ តាជី យាយជី និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា កន្លងទៅ ដោយ​បាន​បញ្ជាក់ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ក្នុង​ការរក្សា​ការពារ​ទាំង​សុខសន្តិភាព និង​ការអភិវឌ្ឍ​បន្តទៀត ដែល​ស្ថិត​ក្រោម​ការដឹកនាំ របស់​សម្ដេច​តេជោ ហ៊ុន សែន​។​

​លើសពីនេះ​ទៀត លោក ជា ពិសី បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ឲ្យជួយ​សហការ និង​រាយការណ៍​ភ្លាមៗ មកកាន់​អាជ្ញាធរ​សង្កាត់​-​ភូមិ ប្រសិនបើ​ជួប​រាល់​ហានិភ័យ​ផ្សេងៗ ដែល​កើតមានឡើង​នៅ​តាម​គ្រួសារ​នី​មួយៗ ជាយថាហេតុ ពិសេស​បញ្ហា​សន្តិសុខ សុវត្ថិភាព ដូចជា​៖ ចោរលួច ចោរឆក់ បញ្ហា​គ្រឿងញៀន និង​បញ្ហា​ក្មេង​ទំនើង​ជាដើម ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​។​

​លោក​បញ្ជាក់ថា «​ក្នុងនាម​មន្ត្រី មិនមែន​ជា​ចៅហ្វាយនាយ របស់​ប្រជាពលរដ្ឋ​នោះទេ ផ្ទុយទៅវិញ មន្ត្រី​គឺជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ដោយ​ភាពស្មោះត្រង់​» ប្រើ​អស់​ទាំង​កម្លាំងកាយ​ប្រាជ្ញា​ស្មារតី ក្នុង​ការចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ ពិសេស​បញ្ហា​សេវា​តម្រូវការ ក៏ដូចជា សេវា​សំណូមពរ​ក្នុង​មូលដ្ឋាន​ដោយ​គ្មាន​លក្ខខណ្ឌ ស្របតាម​អនុសាសន៍​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕
​ដោយ​រុន  សារ៉េត

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 5423 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!