គ​.​ជ​.​ប​.​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦

​ភ្នំពេញ ៖ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (​គ​.​ជ​.​ប​.) ប្រកាស ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែ​ទុតិ យាសា​ឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង នោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​នាំមុខ​លើសលប់​នៅ​គ្រប់​បណ្តា​មណ្ឌល រាជធានី​-​ខេត្ត ។​

​តួលេខ​ចុងក្រោយ​ដែល​បង្ហាញ​ក្នុង លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ផ្សព្វ ផ្សាយ​ដោយ គ​.​ជ​.​ប​. បានឱ្យដឹងថា ចំនួន​អ្នកចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​ចំនួន​រហូត ដល់​៦.៩៥៦.៩០០​នាក់​ដែល​ស្មើនឹង ៨៣,០២​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​ទាំងអស់ ។​

​សម្រាប់​លទ្ធផល​បណ្តោះអាសន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណ បក្ស​កាន់​អំណាច​បាន​ទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់​រហូតដល់​៤.៨៨៩.១១៣​សំឡេង​។ ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​គាំទ្រ​៣៧៤.៥១០ សំឡេង​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួលបាន​សំឡេង​៣០៩.៣៦៤ សំឡេង និង​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូន​ប្រុស​លោក គង់ គាំ ទទួលបាន​សំឡេង ២១២.៨៦៩​សំឡេង ។​

​ទោះជា​យ៉ាងនេះក្តី​ក្នុង​ការប្រកាស លទ្ធផល​បណ្តោះអាសន្ន​នេះ​មិនទាន់​ឃើញ មាន​ការបង្ហាញ​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋ សភា​ដែល​គណបក្ស​នី​មួយៗ​ទទួលបាន នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ការ​គណនា​តាម​រូបមន្ត​ដែល​កំណត់​ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ គឺ​តាមរយៈ​សំឡេង​ដ៏​ច្រើន​លើសលប់​នេះ គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ទទួលបាន​អាសនៈ​ទាំងអស់​ចំនួន​១២៥​នៅក្នុង រដ្ឋសភា​តែ​ម្តង ។​

​យ៉ាងណា​ក៏​ដោយ​បន្ទាប់ពី​ប្រកាស លទ្ធផល​បណ្តោះអាសន្ន​នេះ គ​.​ជ​.​ប ក៏ អនុញ្ញាត​ឱ្យ​គណបក្ស​ផ្សេងៗ​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត ដាក់ពាក្យ​ប្តឹង​តវ៉ា​ផងដែរ ប្រសិនបើ​ជំទាស់​ទៅ​នឹង​ការប្រកាស​លទ្ធផល​នេះ​។ បើសិនជា​ការប្តឹង​ជំទាស់​មិន កើតមាន ឬ​ដោះស្រាយ​ទាន់ពេលវេលា លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ​២០១៨​តែម្តង ។​

​ខាងក្រោម​នេះ​ជា​លទ្ធផល​បណ្តោះ អាសន្ន​ទាំងស្រុង​ដែល​បង្ហាញ​ដោយ គ​.​ជ​.​ប​.៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!