បឹង​ឈូក​ចំណុច​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ត្រូវគេ​រំលោភ​យក​ទៀតហើយ​

(​កំពត​)៖ ក្រោយ​ពី​លួច​បោះបង្គោល​បានសម្រេច បឹង​ឈូក​ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវ​ជន​ខិលខូច​ចាប់ផ្តើម​ធ្វើ​ព្រំ​កំណត់​ទីតាំង​ដើម្បី​រំលោភ​យក​ហើយ ឯ​ខាង​អាជ្ញាធរ​បែរជា​ធ្វើ​មិនដឹងមិនឮ ថែម​ទាំង​បណ្តែតបណ្តោយ​ឲ្យ​បុគ្គលខិល​ខូច​រំលោភ​យក​តាម​តែ​អំពើ​ចិត្ត​។​

​ដោយឡែក​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត បាននិងកំពុង​ទន្ទឹង​រង់ចាំ​មើល​ថា តើ​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច អាច​មាន​ចំណាត់ការ​ទៅលើ​បុគ្គល​ខិលខូច ដែល​ថ្លើមធំ​ហ៊ាន​ទន្ទ្រាន​យក​ដី​បឹង​នេះ​ដែរ​ឬទេ​?

​ជាមួយនេះ ប្រជាពលរដ្ឋ​រាប់រយ​គ្រូ​សារ​នៃ​ភូមិសាស្ត្រ​ខាងលើ ពិតជា​មាន​ការខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្នុង​តំបន់ ព្រោះ​គាត់​បាន​នាំគ្នា​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គ្រប់ៗ​គ្នា ដោយ​នឹកស្មានថា​នឹង​បានទទួល​យុត្តិធម៌​មក​វិញ​ភ្លាមៗ គឺ​ការដក​ដី​បឹង​ទុក​ជា​សម្បតិ្តសា​ធារណៈ​។​ផ្ទុយទៅវិញ​អាជ្ញាធរ​បែរ​ជា​ពុំ​មាន​វិធានការ​ច្បាស់លាស់ ដើម្បី​ទប់ទល់​ជាមួយនឹង​ជន​ខិលខូច​នៅឡើយ​ទេ មើលទៅ​ហាក់ដូចជា​ត្រូវ​ថ្នាំ​សណ្តំ​អ្វី​ម្យ៉ាង​ទៅហើយ​។​

​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ខាងលើ ក៏​សំណូមពរ​ដល់ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​កំពត មេត្តា​ចាត់​ក្រុមការងារ​ចុះ​មក​ពិនិត្យមើល​ការរំលោភ​ផ្ទៃ​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​នេះ​ផង ព្រោះ​ខណៈ​នេះ​បឹង​ឈូក​ទាំងមូល​ត្រូវ​គេ​កាយ​ប្រឡង់​កំណត់​ព្រំ​រំលោភ​យក​យ៉ាង​ច្បាស់ក្រលែត​ហើយ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!