​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​នៅតែ​បន្ត​ជួសជុល​ផ្លូវ​ជាតិ​លេខ​៣៣​យ៉ាង​មមាញឹក​

​កែប ៖ ផ្លូវជាតិ​លេខ​៣៣​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ក្រោយពី​បាន​រង​ការខូចខាត​ជាច្រើន​អន្លើ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជិត​២០​ថ្ងៃនេះ ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប មាន​ភាព​មមាញឹក​ដើម្បី​ជួសជុល​ឡើង​វិញ បើទោះជា​មាន​ភ្លៀង​ធ្លាក់​បង្ក​ឧបសគ្គ​បែបណាក៏ដោយ​។​

​ជាទូទៅ​ផ្លូវជាតិ​លេខ​៣៣​ចាប់​ពី​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ឆ្ពោះទៅ​កាន់​ទី​រួម​ខេត្ត​កំពត មាន​ចម្ងាយ​៣៦​គីឡូម៉ែត្រ ត្រូវ​រង​ការខូចខាត​ជាច្រើន​កន្លែង ប៉ុន្តែ​ចំណុច​ផ្លូវជាតិ​លេខ​៣៣​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​ចាប់ពី​ចំណុច​ភូមិ​ចំការចេក រហូត​ដល់​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ក៏​ត្រូវ​រង​ការខូចខាត​មួយអន្លើ ខណៈ​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ​ជាច្រើន​ថ្ងៃ​មក​នោះ​។​ម្លោះ​ហើយ​ទើប​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បន្ត​ជួសជុល​យ៉ាង​សស្រាក់សស្រាំ​ស្ទើរកពេ​ល​សម្រាកគ្មាន​។​

​ទន្ទឹម​នឹង​ការងារ​ជួសជុល​ខាងលើ មន្ត្រី​ជំនាញ​បាន​ប្រាប់​អ្នក​យក​ព័ត៏មាន​នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ ក្រុមការងារ​ពិតជា​ជួប​ការលំបាក​បន្តិចបន្តួច​ដោយសារ​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់​សោះ ប៉ុន្តែ​ទោះជា​មាន​ឧបសគ្គ​បែបណា​ក្តី ក្រុមការងារ​នៅ​តែ​បន្ត​ខិតខំ​ពុះពារ​ដើម្បី​ជួសជុល​គ្មាន​រា​ថយ​ដែរ ដើម្បី​បម្រើ​សេវា​ជូន​អ្នកដំណើរ​។​ក្រុម​មន្ត្រី​ជំនាញ​បានឲ្យ​ដឹង​ផងដែរ​ថា ចំណុច​ផ្លូវ​ដែល​កំពុង​ប្រឈម​ខូចខាត​ខ្លាំង​គឺ​នៅ​ចំណុច​ខាងកើត​ផ្សារ​ដំណាក់​ចង្អើរ រហូត​ដល់​មុខ​វិទ្យាល័យ​ចំការ​ដូង និង​ម្តុំ​ផ្សារ​ពងទឹក នៃ​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ក្រៅពី​នោះ​គ្រាន់តែ​ខូចខាត​មួយអន្លើ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ ចុះទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៣៣ ពិសេស​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដោយ​លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ឲ្យ​អនុវត្ត ជួសជុល​ផ្លូវ​នេះ​ឲ្យបាន​ឆាប់​រួចរាល់​សម្រាប់ប​ម្រើ​សេវា​ដល់​អ្នកដំណើរ​ឲ្យបាន​ទាន់​ពេលវេលា ។ ជាមួយនេះដែរ ក្រុមការងារ​នៃ​មន្ទីរ​ជំនាញ​បាន​ខិតខំ​អនុវត្ត​ភារកិច្ច​យ៉ាង​មមាញឹក​ក្រោម​ភ្លៀងរលឹម​ស្រិចៗ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!