​រដ្ឋមន្ត្រី វង សូ​ត ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការសាងសង់ មណ្ឌល​សំចត​ប៉ោយ​ប៉ែត ត្រៀម​ជួយ​ជនរងគ្រោះ​ពី​ប្រទេស​ថៃ​, មណ្ឌល​សំចត បាន​សាងសង់​រួច​ហើយ​ជាង​៩០​ភាគរយ​

បន្ទាយមានជ័យ ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​គណៈប្រតិភូ​អមដំណើរ ដែល​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ ផ្ទៃដី​ទំហំ​១​ហិកតា សាងសង់​រួចរាល់​ជំហាន​ទី​១ មណ្ឌល​សំចត​ប៉ោយ​ប៉ែត ស្ថិតនៅក្នុង​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​នៅក្នុង​ឱកាស​នោះ លោក វង សូ​ត បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ ក្នុង​ការសាងសង់ ជួយ​កែសំរួល ការខ្វះខាត​បន្តិចបន្តួច ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការជួញដូរ ពី​សំណាក់​ប្រទេសជិតខាង​ឲ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា ការបង្កើត​មជ្ឈមណ្ឌល​សំចត​ជួយ​ជនរងគ្រោះ នៅតាម​ព្រំដែន​ជាច្រើន​កន្លែង នៅ​តាម​ច្រកព្រំដែន ពិតជា​មាន​សារសំខាន់​ណាស់ និង​បាន​ចូលរួម ចំណែក ការងារ​សង្គមកិច្ច ក្នុង​ការទទួល​មើល​ខុសត្រូវ​លើ​ជន​ងាយ​រងគ្រោះ​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ជាង​មុន ជាពិសេស​ជាការ​លើក​មុខមាត់​រាជ​រដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​។​

​យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី វង សូ​ត បានបញ្ជាក់​ថា មណ្ឌល​សំចត​ប៉ោយ​ប៉ែត​នេះ នឹង​រួចរាល់​ជា​ស្ថាពរ នៅ​ខែ​ខាងមុខនេះ ក្រោយ​ការបើក​ដំណើរការ​ជា​ផ្លូវការ មណ្ឌល​សំចត ប៉ោយប៉ែ​ត​មួយ​នេះ នឹង​ចាប់​ទទួល​យក​ជនរងគ្រោះ ពី​ការជួញដូរ​មនុស្ស​ពី​ប្រទេស​ថៃ​ផង​ដែរ​។​

​បើ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​សមាហរណកម្ម​ជនរងគ្រោះ បានឲ្យដឹងថា គិត​មកដល់ពេលនេះ នាយកដ្ឋាន​មួយ​នេះ បាន​ទទួល​ជនរងគ្រោះ ពី​ការធ្វើ​មាតុភូមិនិវត្តន៍ ពី​ប្រទេស​នានា​សរុប​ចំនួន​១១៧​នាក់ ក្នុងនោះ​ស្ត្រី​៥៧​នាក់ ដែល​ជនរងគ្រោះ​ទាំងនោះ មកពី​ប្រទេស​ម៉ាឡេស៊ី​៤១​នាក់ ឥណ្ឌូនេស៊ី​២០​នាក់ ថៃ​៤៥​នាក់ ចិន​៤​នាក់ ជប៉ុន​៦​នាក់ និង​ប្រទេស​សឹង្ហ​បុរី ០១​នាក់​៕
​លោក រុន សារ៉េត​

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!