លោក​បណ្ឌិត ថោង ខុន​៖​យើង​ត្រូវ​រួម​គ្នា​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​នៅ​ខេត្ត​កំពត​ឲ្យមាន​និរន្តភាព និង​ការទទួលខុសត្រូវ​ខ្ពស់​

កំពត ៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា យើង​ត្រូវ​រួមគ្នា ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ តំបន់ឆ្នេរ ពិសេស​ខេត្ត​កំពត ឲ្យមាន​និរន្តរភាព​និង​ការ​ទទួលខុសត្រូវ​ខ្ពស់ សម្រាប់​បម្រើ​ផ្នែក​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សក្តានុពល​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​០៨​ខែ​សីហា ឆ្នាំ​២០១៨ នៅឯ​កំពង់ផែ​អន្តរជាតិ ស្ថិតក្នុង​ភូមិ​កំពង់​ទ្រា​ក ឃុំ​ជុំ​គ្រៀល ស្រុកទឹ​ឈូ ខេត្ត​កំពត ដោយ​ពី​ធី​នេះ​ក៏​មាន​ការចូលរួម ពី​សំណាក់​លោក​ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ផងដែរ​។​

​ជាមួយ​នេះ​លោក​បណ្ឌិត ថោង ខុន ក៏​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ហិរញ្ញប្បទាន​សម្បទាន ពី​ធនាគារ​អភិវឌ្ឍន៍​អា​សី​ុ ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ពាក់ព័ន្ធ ក្នុង​តំបន់ឆ្នេរ​ចំនួន​០៣ គឺ​ខេត្ត​កែប កំពត និង​ខេត្ត​កោះកុង ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ការធ្វើ​ដំណើរ និង​ទេសចរណ៍ តាម​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ថៃ​-​កម្ពុជា​-​វៀតណាម ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ការបង្កើត និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍ ជាពិសេស​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​តំបន់ឆ្នេរ និង​ការបើក​ច្រក​ទេសចរណ៍​ផ្លូវ​សមុទ្រ​ទៅ​កាន់​តំបន់​និង​ពិភពលោក​របស់​កម្ពុជា​ផងដែរ​។​

​សូមជម្រាបថា​៖ បើ​តាម​របាយការណ៍រ​បស់ លោក​ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានឲ្យដឹងថា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៨​នេះ ខេត្ត​កំពត​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​៨៥៧.៥២៩​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​៩២.៧១៨​នាក់​។​លោក បានបញ្ជាក់​ថា ខេត្ត​កំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​១៧​កន្លែង សហគមន៍​ទេសចរណ៍​ចំនួន​៤ គោលដៅ​ទាក់ទង​នឹង​សេវា​ស្នាក់នៅ​ចំនួន ២២០​កន្លែង ស្មើនឹង ៣.១១២​បន្ទប់ និង​សេវា​ម្ហូបអាហារ​ចំនួន ១២៧​កន្លែង​។​ជាមួយគ្នានេះ ខេត្ត​កំពត​គឺជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ល្អ​បំផុត​លើ​ពិភពលោក ហើយ​ក្រុង​កំពត​ក៏​ជា​ក្រុង​ដែល​ទទួលបាន ផ្ការំដួល​បី​ទង ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នា​ដើមឆ្នាំ​២០១៨​កន្លងមកនេះ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!