ល្បី​មេភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត​ឈ្មោះ​លោកស្រី ហុក លឿម លួច​យក​ដី​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​

ខេត្ត​បន្ទាយមានជ័យ  ៖ ​បញ្ហា​ទំនាស់​ដីធ្លី នៅ​ក្រុង​ប៉ោយប៉ែ​ត​នៅ​តែ​ជា​ចំណុច​គោល ដែល​ត្រូវបាន​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត កំពុង​ចំណាត់ការ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ក្នុង​អាណត្តិ​លោក​ឧកញ៉ា សាន ស៊ានហូ ជា​អភិបាលក្រុង​ប៉ោយ​ប៉ែត​។​ហើយ​នៅក្នុង​អាណត្តិ​លោក​ឧកញ៉ា សាន ស៊ានហូ មន្ត្រី​ខិលខូច​មួយចំនួន​ត្រូវបាន​លោក​ដក​មុខតំណែង​ចេញ មូលហេតុ​មក​ពី​ពួក​មន្ត្រី​ទាំងនោះ​មិន​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ពិសេស​មន្ត្រី​ថ្នាក់​ជា​មេភូមិ​តែម្តង ។​

​ប៉ុន្តែ​ដោយ​ឡែក រឿង មេ​ភូមិ​ព្រៃ​ព្រិច​គឺ​លោកស្រី ហុក​លឿម វិញ​ដែល​សព្វថ្ងៃ​កំពុង​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​កំពុង​លួច​ដី​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​នូវ​មិនទាន់មាន​ចំណាត់ការ​ពី​សាលា​សង្កាត់​ប៉ោយប៉ែត​និង សាលាក្រុង​ប៉ោយប៉ែត​នៅឡើយ​ទេ ។​

​ដូចជា​ករណី​ដី​ចំនួន​ពីរ​ឡូត៍​របស់លោក ហេង តាំង​លាង អាជីវករ​លក់ដូរ​ផ្សារ​ថៃ ដែល​ត្រូវបាន​លោកស្រី ហុក លឿម មេ​ភូមិ​ព្រៃ​ព្រិច ត្រូវបាន​លោក ហេង តាំង​លាង​បាន​ចោទប្រកាន់ថា​បាន​ឃុបឃិត​គ្នា ជា​ប្រព័ន្ឋ​លួច​លក់​ដី​របស់​គាត់​ដែល​មានបណ្ណ័​ទទួលស្គាល់​ពី​គណះកម្មាករ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ទៅ​អោយ​អ្នក​ដ៏​ទៃ ដោយ​មិន​ខ្លាចញញើត ទៅ​នឹង​ប្រពន្ធ័​ច្បាប់​បន្តិច​សោះឡើយ​។​

​ប៉ុន្តែ​បើ​ទោះជា​សារព័ត៌មាន​យើង​ទាក់ទង​សុំ​ការបំភ្លឺ​យ៉ាងណាក៏ដោយ​លោកស្រី ហុក លឿម ឆ្លើយ​ថា​ជាប់រវល់ ។ ហេតុដូចនេះ​ហើយ ទើបបានជា​ប្រជាពលរដ្ឋ​រង​ចាំមើល​ចំណាត់ការ របស់​ថ្នាក់ដឹកនាំ​សង្កាត់​និង​សាលាក្រុង​ប៉ោយប៉ែត មាន​ចំណាត់ការ​មកលើ​លោកស្រី ហុក លឿម ដែល​ឬ​យ៉ាងណា ។

​នេះ​ជា​ប្រសាសន៍​នៃ​ការឆ្លើយបំភ្លឺ​របស់​លោក ហេង តាំង​លាង ដែល​ជា​ជនរងគ្រោះ​បាន​រៀបរាប់​ដូច​សំណេរ​ដើម​ដូចខាងក្រោម​នេះ​៖​លោក ហេង តាំង​លាង ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថា ៖ លោក​បាន​ទិញ​ដី​ចំនួន​០២​ឡូត៌​កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ដែល​ស្ថិតនៅ​ចំណុច​ព្រៃ​ព្រិច​ភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ពី​ឈ្មោះ មូល មឿន ភេទ​ប្រុស បច្ចុប្បន្ន​អាយុ​៧៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ាន ម៉ា​រី បច្ចុប្បន្ន​អាយុ​៦២​ឆ្នាំ ដែល​មាន​ទំហំ​ដី​ទទឹង ២០​ម៉ែត្រ​និង​បណ្ដោយ​២០​ម៉ែត្រ​ស្មើនឹង​៤០០​ម៉ែត្រការ៉េ ហើយ​ដី​នោះ​លោក​បាន​ចែក​ឲ្យទៅ​ប្អូនប្រុស​ឈ្មោះ ឈី​វ តាំង​ឡា អាយុ​៤២​ឆ្នាំ បាន​កាន់កាប់​រហូតមក​ដល់​ខែ​មិថុនា ឆ្នាំ​២០១៤ ហើយ​បាន​ទៅសុំ​មេភូមិ​ដើម្បី​ធ្វើ​ប័ណ្ណ​កាន់កាប់​ដី​នោះ ហើយក៏​បាន​នាំ​មេភូមិ ឈ្មោះ ហុក លឿម មក​បង្ហាញ​ទីតាំង​ដី​ស្រាប់តែ​មេភូមិ​រូបនេះ​បាន​និយាយថា​ដី​នេះ​មិន​អាច​ធ្វើ​ប័ណ្ណ​បាន​ទេ​ព្រោះ​មាន​បញ្ហា​ពាក់​ពន្ធ័​នាក់​ជិតខាង​។​

​ពេលនោះ​លោក​ក៏​បាន​ទៅ​រក​ភាគី​ម្ខាង​ដែល​មេភូមិ​អះអាង​ថា​ពាក់ព័ន្ធ​នោះ ជាច្រើន​ដង​តែ​មិនបាន​ជួប​ព្រោះ​គាត់​រវល់​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​។​លុះ​ក្រោយមក​នៅ​ដើមឆ្នាំ​២០១៥ ស្រាប់តែ​ឈ្មោះ ហុក លឿម ដែល​សព្វថ្ងៃ​ជា​មេភូមិ​ព្រៃ​ព្រិច​នោះ​បាន​លួច​ឃុបឃិត​គ្នា​ជាមួយ បុគ្គល​ឈ្មោះ ឯល យូរ លួច​ធ្វើ​ប័ណ្ណ​កាន់កាប់​លើ​ដី​នោះ​ទៅវិញ​។​

​ដោយបាន​បែងចែក​ដី​របស់​ខ្ញុំបាទ​ឲ្យ​កូន​គាត់​ឈ្មោះ លី ផូរ ចំនួន​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ​និង​ឈ្មោះ​មិត្ត ឧត្ដម ចំនួន​១០​ម៉ែត្រ គុណ​២០​ម៉ែត្រ​ទៅ​វិញ ។ ក្រោយមក​ប្អូនប្រុស​ខ្ញុំ​បាន​ព្យាយាម​ទៅ​ដោះស្រាយ​ជាមួយ​មេភូមិ តែ​មេភូមិ​បាន​និយាយថា​ចែក​គ្នា​ម្នាក់​១​ឡូត៌​ទៅ ហើយ​ចេញ​លុយ​ឲ្យ​កូន​គាត់​ចំនួន​២៥០០០​បាត​(​ពី​ម៉ឺន​ប្រាំ​ពាន់​បាត​) ។ ប៉ុន្តែ​ដំណោះស្រាយ​នោះ ប្អូន​របស់​ខ្ញុំ​មិន​ព្រម​ទទួលយក​ទេ រួច​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលា​សង្កាត់​ប៉ោយប៉ែ​ត​ដើម្បី​ជួយ​រក​ដំណោះស្រាយ​។​ក្រោយមក​សង្កាត់​បាន​កោះហៅ​មេភូមិ និង​បុគ្គល​ឈ្មោះ​ឯល  យូរ មក​ដោះស្រាយ​ជាច្រើនលើក បាន​នាំ​ភាគី​ទាំងសងខាង​ទៅដល់​ទីតាំង​ដី ស្រាប់តែ​បុគ្គល​ឈ្មោះ ឯល យូរ ចង្អុល​ទីតាំង​ដី​ម្ដង​នៅ​ខាង​នោះ ម្ដង​នៅ​ខាង​នេះ​គ្មាន​ភាពច្បាស់លាស់​ពិតប្រាកដ​។​

​យោង​តាម​ឯកសារ​និង​សាក្សី​រស់នៅ​ជិតខាង នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ចៅសង្កាត់​ឈ្មោះ នុត លី បាន​ឲ្យឈ្មោះ ឈី​វ តាំង ឡា ធ្វើ​របង​ព័ទ្ធជុំវិញ​លើ​ដី​នោះ នៅ​ថ្ងៃ​ដដែល​នោះ​ស្រាប់តែ​មេភូមិ​ឈ្មោះ ហុក លឿម បាន​នាំ​កូនស្រី​របស់​ខ្លួន​ឈ្មោះ លី ផូរ ទៅ​វាយ​កំទេច​និង​ដក​បង្គោលរបង​នៅ​ទីតាំង​ដី​នោះ​ដោយ​មិន​ខ្លាចញញើត​នឹង​ច្បាប់​ឡើយ​។ ពេលនោះ ប្អូនប្រុស​ខ្ញុំ​បាន​ទៅ​ហាមឃាត់​ដែរ​តែ​កូនស្រី​មេភូមិ​មិន​ស្ដាប់​ឡើយ ក្រោយ​មក​បាត់​ដំណឹង​ឈឹង​រាប់​ខែ ។ ក្រោយមក​ក៏​ទៅ​សួរ​សង្កាត់​ម្ដងទៀត​មន្ត្រី​សាលាសង្កាត់​បាន​និយាយថា​៖​សំណុំ​ឯកសារ​ពាក្យបណ្ដឹង​នេះ​បាន​បញ្ជូន​ទៅ​សាលាក្រុង​ប៉ោយប៉ែត​ហើយ​។​

​លុះដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ឆ្នាំ ២០១៨ នេះ​ខ្ញុំ​ក៏​បាន​យក​ពាក្យបណ្ដឹង​ថ្មី​ទៅ​ជួប​លោក​អភិបាលក្រុង លោក​សាន ស៊ានហូ ដើម្បី​អោយ​ជួយ​រក​ដំណោះស្រាយ​និង​រក​យុត្តិធម៌ ហើយ​គាត់​ក៏​បាន​ឲ្យ​យក​ពាក្យបណ្ដឹង​ប្អូនប្រុស​ខ្ញុំ​នេះ​ទៅ​ដោះស្រាយ​នៅ​សាលាសង្កាត់​សិន ។ ពេលនោះ​ខ្ញុំ​ក៏​បាន​យក​ពាក្យបណ្ដឹង​ទៅ​ដាក់​ដល់​សាលា​សង្កាត់​ជា​ថ្មី​ម្ដងទៀត ។ អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​ពុំ​ឃើញ​មាន​មន្ត្រី​សាលា​សង្កាត់​រក​ដំណោះស្រាយ​ទាល់តែសោះ ។ ស្រាប់តែ​នៅ​ថ្ងៃទី ៩​ខែកក្កដា ឆ្នាំ​២០១៨​នេះ កូនស្រី​មេភូមិ​ឈ្មោះ លី ផូ បាន​ហៅ​រថយន្ត​មក​ចាក់​ដី​មាន​ទំនាស់​នោះ​ទៀត ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ហាមឃាត់​ដែរ​តែ​កូន​មេភូមិ​មិន​ព្រម​ស្តាប់​ឡើយ ដោយ​និយាយថា​គេ​ចាក់​លើ​ដី​របស់​គេ ហើយ​ខ្ញុំ​ក៏​បាន​ក៏​ទាក់ទង​ទៅ​លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​ដែរ​តែ​គាត់​ឆ្លើយថា​ចាំ​សួរ​មេភូមិ​សិន ចាំ​បាត់ៗ​រហូត ។ ខ្ញុំ​ក៏​បាន​ទៅ​យក​ពាក្យបណ្ដឹង​ដែល​ដាក់​កាលពី​ថ្ងៃ​មុន ពី​មន្ត្រី​សាលា​សង្កាត់​ឈ្មោះ ប្រក់ នី ដើម្បី​យក​ទៅ​ជួប​ចៅសង្កាត់​ផ្ទាល់ លោក ភោគ លន ក៏​បាន​យក​ពាក្យបណ្ដឹង​ទៅ​ជួប​លោក ប្រក់ នី ហើយក៏​បាន​ប្រាប់ថា​ឲ្យ​វ៉ៃ​ត្រា​ចូល​អោយ​គាត់​ហើយ​ត្រូវ​ធ្វើ​លិខិត​កោះហៅ​មេភូមិ​ដើម្បី​រក​ដំណោះស្រាយ ហើយ​លោក ប្រក់ នី ក៏​បាន​ទៅ​ពិភាក្សា​ជាមួយ​លោក​ចៅសង្កាត់​ភោគ លន ក្រោយមក​ក៏​បាន​ប្រាប់​វិញ​ថា​ពាក្យបណ្ដឹង​នេះ​មិន​បាច់​វ៉ៃ​ត្រា​ទេ​ចាំ​គាត់​ហៅ​មេភូមិ​មក​ដោះស្រាយ រហូតមកទល់​ពេលនេះ​ស្ងាត់​ឈឹង​តែម្ដង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!