​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​និង​គ្រូ​បង្រៀន​វគ្គ​បំប៉ន​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨ មកពី​ស្រុក​ទឹកឈូ​និង​ក្រុង​កំពត​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០៥​ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កំពត លោក​បណ្ឌិត ទេស​រដ្ឋមន្ត្រី​ប៉ែន ស៊ីម៉ន ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​និង​គ្រូ​បង្រៀន​វគ្គ​បំប៉ន​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨ មកពី ស្រុក​ទឹកឈូ​និង​ក្រុង​កំពត សរុប​ចំនួន​២៣៤​នាក់​។​

​ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ផងដែរ​។​

​លោក​តាក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​ឲ្យដឹង​នូវ​របាយការណ៍ល​ទ្ធ​ផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ សិក្សា​២០១៦-២០១៧​កន្ង​ង​ទៅ​សម្រាប់​ខេត្ត​កំពត មាន​បេក្ខជន​ប្រឡង​ចំនួន​៥.០៦៥​នាក់​បេក្ខជន​បាន​ប្រឡង​ជាប់​ចំនួន​៣.៤៩៥​នាក់​ស្មើនឹង​៦៨,៦២% ។ ក្នុងនោះ​និទ្ទេស​A​ចំនួន​២១​នាក់ និទ្ទេស​B១០៣​នាក់ និទ្ទេស​C២៦១​នាក់ និទ្ទេស​D៥២៨​នាក់ និង​និទ្ទេស​E២.៥៦២​នាក់​។

​ដោយឡែក ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ នៅ​ទូទាំង​ខេត្ត​កំពត​មាន​បេក្ខជន​ចំណេះ​ទូទៅ បំពេញ​វិជ្ជា និង​ស្វ័យរិន ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​២០​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​មាន​សិស្ស​ចំនួន ៥.៥៧៨​នាក់​ក្នុងនោះ​ស្រី​មាន​ចំនួន​២.៧៨៥​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន​០៩​ស្មើ​២២៤​បន្ទប់​។

​ក្នុងនោះ​ចែក​ចេញ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​០៣​មណ្ឌល​ស្មើ​៨០​បន្ទប់ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​០៦​មណ្ឌល​ស្មើ​១៤៤​បន្ទប់​។ ក្នុងចំណោម​បេក្ខជន​ត្រូវ​ប្រឡង​សញ្ញាបត្រ​ទាំងនោះ មាន​បេក្ខជន​ជា​សិស្ស​ចំណេះ​ទូទៅ​ចំនួន​៤.១៨៤​នាក់​ស្រី​ចំនួន​២១១៤​នាក់ បាន​ចូលរៀន​បំប៉ន​រៀងរាល់​ថ្ងៃ​អាទិត្យ​រយៈពេល​១៣​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី​៦​ខែ​ឧសភា​ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​០៥​ខែ​សីហា​ឆ្នាំ​២០១៨ មាន​ការចូលរួម​ពី​គ្រូ​ស្ម័គ្រចិត្ត​បង្រៀង​បំប៉នចំនួន​២៤៩​នាក់ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន ក្នុង​គោលបំណង​កាត់បន្ថយ​បន្ទុក​ចំណាយ ភាព​កង្វល់ ព្រមទាំង​ភាពក្រីក្រ​របស់ ឪពុកម្ដាយ អាណាព្យាបាល​សិស្ស និង​ជួយ​ជំរុញ​លើក​ទឹកចឹត្ត​របស់​សិស្សានុសិស្ស​ឲ្យមក​ចូលរៀន​ឲ្យបាន​ច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ម្នាក់ៗ​ចំនួន​៥​ម៉ឺន​រៀល និង​គ្រូ​បង្រៀន​បំប៉ម​ក្នុង​ម្នាក់ៗ​១០​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!