ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប​

កែប ៖ ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ត្រូវបាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​១១​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​គ្រប់​អង្គភាព កងកម្លាំងប្រដាប់អាវុធ​ទាំងបី អភិបាលក្រុង ស្រុក អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​។​

​បើ​តាម​របាយការណ៍រ​បស់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា កន្លងមក ក៏​ដូច​ជា​បច្ខុប្បន្ន បើ​ផ្អែកលើ​ការងារ​សន្តិសុខ​សង្គម គឺ​ខេត្ត​កែប​រក្សា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​មក​សម្រាកលម្ហែ​កម្សាន្ត​ក្នុង​ខេត្ត ទាំង​លើគោក បណ្តា​កោះ និង​លម្ហ​សមុទ្រ​។​បទល្មើស​គ្រប់​ប្រភេទ​ត្រូវបាន​កាត់បន្ថយ ចាប់តាំងពី​បាន​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ហើយ​បាន​បង្ក​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការរស់នៅ និង​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​។ ពិសេស​ជោគជ័យ​ក្នុង​កិច្ចការ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ ទាំង​មុន​ពេល ក្នុងពេល និង​ក្រោយពេល​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ​។​

​យោងតាម​អនុក្រឹត្យ លេខ ៥៤០ អនក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល ត្រូវបាន តែងតាំង លោក ព្រំុ គន្ធិ ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៤ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប បន្ទាប់ពី​លោក ទេព យុទ្ធី ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៣ ពី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ឲ្យទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​វិញ​។​

​លោក ព្រុំ គន្ធិ អិបាល​រង នៃ​គណៈ​អភិបាលខេត្ត​កែប ដែល​ទើបតែ​ទទួល​តំណែង​ថ្មី បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ថា​នឹង គោរព​រដ្ឋធម្មនុញ ច្បាប់ និង​បទដ្ឋាន​នានា​របស់​រដ្ឋ​ឲ្យបាន​ខ្ជាប់ខ្ជួន​។​គោរព​និង​ស្មោះត្រង់​ចំពោះ បាវចនា​ជាតិ សាសនា​ព្រះមហាក្សត្រ គោរព​គោលការណ៍ និង​ឋានានុក្រម​ក្នុង​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត រក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង​រឹងមាំ ទាំង​ក្នុងគណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មហាជន​ទូទៅ​។​ខិតខំ​រៀនសូត្រ​និង​បង្កើន​សមត្ថភាព​បន្ថែមទៀត ដើម្បី​អនុវត្ត​តួនាទី ភារកិច្ច ដែល​រាជ​រដ្ឋា​បាល និង​រដ្ឋបាល​ខេត្ត​ប្រគល់ជូន ហើយ​យកចិត្តទុកដាក់ ក្នុង​ការចូលរួម​អនុវត្តឲ្យ​ទទួលបាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​និង​ដំណាក់កាល​បន្តបន្ទាប់រ​បស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ខិតខំ​រួមចំណែក​បម្រើ​ប្រជាពលរដ្ឋ​ឲ្យអស់​ពី​សមត្ថភាព លទ្ធភាព និង​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច ក្នុង​ការអភិវឌ្ឍ​ខេត្ត​កែបឲ្យបាន​កាន់តែ​រីកចម្រើន​រុង​រឿង​បន្ថែមទៀត​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ​ពិតជា​មាន​ភាពរលូន បើទោះជា​មាន​ប្រទេស​មួយចំនួន​មាន​ការរិះគន់​ខ្លះ​ក្តី តែ​ត្រូវបាន​មជ្ឈដ្ឋាន​ជុំវិញ​ពិភពលោក​ទទួលស្គាល់​ថា ការបោះឆ្នោយ​អាណ​តិ្ត​ទី​៦​នេះ​មាន​ភាពត្រឹមត្រូវ តម្លាភាព យុតិ្ត​ធម៌ តាម​មា​គា៌​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត នឹង​ត្រូវ​មហាជន​និង​ប្រជាពលរដ្ឋ​ទទួលស្គាល់ថា ពិតជា​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់​។​លោក​ថា ក្នុង​អំឡុង​ពេល​នេះ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ធ្វើ​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​ដែល​មាន​ជិត​៣​មឺ​ុ​ន​ការិយាល័យ​។​ជាមួយគ្នានេះ លោក សក់ សេដ្ឋា ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ លោក ព្រំ គន្ធិ ជា​អតីត​នាយក​រដ្ឋបាល​សាលាខេត្ត ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​ទំនុកចិត្ត ហើយ​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប នា​ឱកាស​នេះ ហើយ​លោក​ក៏​សង្ឃឹម​ជឿជាក់ថា លោក​អភិបាលរង​ដែល​ទើបតែ​ទទួល​តំណែង​ថ្មី នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច និង​អនុវត្ត​ការងារ​បាន​ល្អប្រសើរ ហើយ​បន្ត​ចូលរួម​ដឹកនាំ គ្រប់គ្រង ដើម្បី​អភិវឌ្ឍ​ខេត្ត​កែប​ទទួលបាន​សមិទ្ធិផល​ថ្មីៗ​ជាច្រើន​ទៀត​។​

​ទន្ទឹមនឹងនេះ លោក សក់ សេដ្ឋា ក៏​បាន​កោតសរសើ​រដល់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កែប​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​សហការ​បំពេញការងារ​បាន​ល្អប្រសើរ ពិសេស​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ គឺ​ខេត្ត​កែប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​នៅ​ទូទាំង​ប្រទេស ដោយសារ​តួលេខ​អ្នក​ទៅ​បោះឆ្នោត​មាន​រហូត​ដល់​ជាង​៩០​ភាគរយ​ឯណោះ ហើយ​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​អាណ​តិ្ត​ទី​៦​នេះ មាន​តួលេខ​កំណើន​រហូត​ដល់​ជាង​៨៣​ភាគរយ ដោយ​តួលេខ​នេះ​មាន​កំណើន​ហួស​ពី​ការ​ស្មាន​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!