ក្រុម​ឧកញ៉ា​បី​រូប ត្រៀម​ចេញ​ឈើ​១០​ឡាន​យី​ឌុប​មាន​ចេតនា​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ត្រូវ​បែក​ការខកខាន​

ខេត្ត​មណ្ឌលគិរី​៖ កាលពី​ថ្ងៃអាទិត្យ ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ មេ​ឈ្មួញ​ទាំង​៣​រូប គឺ​ឧកញ៉ា សឹង សំអុល​, ឧកញ៉ា​ប៉ោ សំអឿន និង​ឧកញ៉ា​តុ​ប វី​ដា រថយន្ត យី​ឌុប​ចំនួន​១០​គ្រឿង​របស់​ក្រុម​ឧកញ៉ា​ទាំងបី​រូបនេះ​បាន​លើក​ឈើ​ពេញប្រៀប នៅ​ចំណុចម្តុំ​ព្រៃ​ខ្មោច ចន្លោះ​ក្រុមហ៊ុន​៩៥ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី រួច​ចេញ​បាន​៦​គ្រឿង មកដល់​ស្រុក​ពេជ្រា​ដា បម្រុង​ឆ្លងទៅ​ប្រទេស​វៀតណាម ក៏​មាន​ករណី​បែកធ្លាយ ធ្វើឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ដែល​បាន​ប្រយោជន៍​ពី​រត់ការ​ភ័យ​ស្លន់ស្លោ និង​រួមគំនិត​គ្នា​ជាមួយ​ឈ្មួញ​ដើម្បី​ផ្តល់​ព័ត៌មាន​បិទបាំង​ចំពោះ​សមត្ថកិច្ច​ផ្សេងទៀត ចៀសវាង​ការបង្ក្រាប ដឹកជញ្ជូន​ឈើ​ក្នុង​បទល្មើស​ជាក់ស្តែង ។​

​រថយន្ត​យី​ឌុប​ទាំងនេះ​ត្រូវបាន​ពួក​គេ​បង្ខំចិត្ត​យកទៅ​លាក់ទុក​នៅ​ចំណុច​ចម្ការ​ម្រេច​របស់​កូរ៉េ ឈ្មោះ វ៉ា​យ​អូ​ប្លាយ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា​។ ដោយឡែក​សមត្ថកិច្ច​មួយ​ក្រុម​ទៀត បាន​តាម​ប្រមាញ់​ដើម្បី​ឈានដល់​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ ប៉ុន្តែ​ជា​លទ្ធផល ទោះជា​ល្បី​ខ្ទរខ្ជារ​រឿង​ឡាន​ដឹក​ឈើ​នេះ​ពេញ​ខេត្តមណ្ឌលគិរី​ក៏ដោយ ក៏ សមត្ថកិច្ច​មិន​អាច​បង្ក្រាបបាន បន្ទាប់ពី​ក្រុម​សមត្ថកិច្ច និង​ជំនាញ​ផ្សេងទៀត​បាន​អះអាង​ថា រថយន្ត​ទាំងនោះ ដឹកឈើ​ជន្លង់ម្រេច ដើម្បី​ជា​លេស រហូត​ដល់​រថយន្ត​ទាំង​៦​គ្រឿង​នោះ ទម្លាក់​ឈើ​ចោល ហើយ​បាន​បើក​ទៅ​កាន់​កន្លែង​ក្រុមហ៊ុន យូ​នី​គ្រីន វិញ​ដោយ​សុវត្ថិភាព ។

​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា តាមពិត​ចម្ការ​ម្រេច​របស់​កូរ៉េ​ឈ្មោះ វ៉ា​អូ​ប្លាយ មិនអាច​ជា​កន្លែង​ទទួលយក​ឈើ​ជន្លង់ម្រេច​ដាំ​បន្តទៀត​ទេ ដោយសារ​បច្ចុប្បន្ន ជា​ទីតាំង​ដែល​ជាំ​ទឹក ។ ដូច្នេះ​ការលើកឡើង​របស់​សមត្ថកិច្ច​បង្វែរ​ទៅ​ជា​ឡាន​ដឹក​ឈើ​ប្រណីត ទៅ​ជា​រថយន្ត​ដឹកឈើ​ជន្ល​ង់ គឺ​មាន​ចេតនា បំបាត់​ភស្តុតាង កើតឡើង​ដោយ​អំពើពុករលួយ លក្ខណៈ​ប្រព័ន្ធ ។ មិន​ត្រឹមតែ​សកម្មភាព​ដឹកឈើ​នេះ​ធូ​រលុង​សម្រាប់​ទឹក​ដី​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ​ទេ​។​

​ជាក់ស្តែង​ពេល​ឈ្មួញ​កំពុង​លើក​ឈើ​នៅ​ម្តុំ​ព្រៃ​ខ្មោច ជិត​ក្រុមហ៊ុន​៩៥​បណ្តើរៗ គេ​ក៏​បាន​ឃើញ​វត្តមាន ឧកញ៉ា​តុ​ប វី​ដា កំពុង​ចូលរួម​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​យ៉ាង​រំភើយ ។ ចំណុច​នេះ គេ​ក៏​ពុំ​ដឹង​ថា លោកស្នងការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ ឬ​ក៏​លោក​មិន​ទទួលបាន​ព័ត៌មាន​ពី​សកម្មភាព​លើក​ឈើ​នឹង​ដឹកជញ្ជូន​ឈើ​រហូត​ដល់​ផ្អើល​ពេញ​ខេត្ត​មណ្ឌលគិរី នា​យប់​ថ្ងៃ​ទី​៥ ខែ​សីហា នោះ​ឬ​មួយ​យ៉ាងណាទេ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រុម​របស់​ឧកញ៉ា​ទាំង​៣​រូប​ខាងលើ បាន​ឲ្យ​រថយន្ត​បា​កុង និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ចូល​ទៅ​កាន់​តំបន់​ភ្នំ​ព្រេច តាមផ្លូវ​ក្រុមហ៊ុន​យូ​នី​គ្រីន ក្នុង​គោលបំណង​ទៅ​អូស និង​ដឹកជញ្ជូន​ឈើ ដើម្បី​យកមក​ដាក់​ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រីន ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។ ក្រោយមក ក៏​មាន​រថយន្ត​យី​ឌុប​ចំនួន​១០​គ្រឿង​បាន​ចូល​ទៅ​ដឹកឈើ ដែល​កាប់​អារ ច្រៀក​ជា​ឡាំង​ថ្មីៗ នៅ​ចំណុចម្តុំ​ព្រៃ​ខ្មោច​ជិត​ក្រុមហ៊ុន​៩៥ ហើយ​ដឹក​ចេញ​បាន​៦​គ្រឿង ក៏​បែក​ការណ៍ ។​

​លោក​ឧត្តមសេនីយ៍ទោ សាន្ត គឹម​អឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ជុំវិញ​ការពាក់​ព័ទ្ធ​ខាងលើ សារ​ព័ត​មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​លោក​ថា​បាន​ទទួលស្គាល់​ជុំវិញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​នេះ ដោយ​លោក​ឧត្តមសេនីយ៍ទោ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា តាមពិត​គេ​សុំ​ខ្ញុំ​មែន រឿង​ឡាន​ដឹកឈើ​នោះ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួកគេ​ថា ខ្ញុំ​គ្មាន​តួនាទី​អី​ហាមឃាត់​អ្នកឯង​ទេ ចង់​ដឹក ចង់​ចេញ ជា​រឿង​របស់​អ្នកឯង ខណៈ​ខ្ញុំ​ជា​កម្លាំង​សហការ ដើម្បី​បង្ក្រាប ដូច្នេះ​គួរតែ​ខាង​លោក​ឯង​សុំ​ទៅ​ជំនាញ​ទៅ បើ​គេ​អនុញ្ញាត​ជា​រឿង​របស់​គេ ។

​លោក សាន្ត គឹម​អឿន បន្តថា ខ្ញុំ​មាន​តែ​ភារកិច្ច​ចូលរួម​សហការ​បង្ក្រាប​ឲ្យតែ​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវការ ដូច្នេះ​ឡាន​ឈើ​អ្នកឯង​ទៅ​ណា​មក​ណា ជា​រឿង​របស់​អ្នក​ចុះ ។​ប៉ុន្តែ​អាច​ទទួលយកបាន​បានបញ្ជាក់​ថា ក្នុង​យប់​នេះ ក្រុម​ឧកញ៉ា​ទាំង​៣​រូប​ខាងលើ​សុខចិត្ត​ចំណាយ​ប្រាក់​ខាត ដើម្បី​យក​រថយន្ត​យី​ឌុប​ទាំងនោះ​ទៅ​ដឹកឈើ​ជន្លង់ម្រេច ហើយ​ទុក​ឱកាស​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន សមត្ថកិច្ច អាជ្ញាធរ​ជំនាញ តាម​ផ្តិត​រូបភាព និង​ពិនិត្យ​ជាក់ស្តែង​ចុះ ថា​តើ​ពួក​គេ​ដឹក​ឈើ​ល្មើសច្បាប់ ឬ​ដឹក​ជន្លង់ម្រេច​ដើម្បី​តម្រូវការ​ក្នុងស្រុក​? បើ​ករណី​នេះ ត្រូវបាន​គេ​ឃើញ​គ្រប់គ្នា​ហើយ​ថា ជា​ឈើ​ជន្លង់​ម្រេច បន្ទាប់មក​នឹង​មាន​វិធានការ​ដឹក​ឈើ​ល្មើសច្បាប់​នោះ​តែម្តង ខណៈ​ឈើ​ជាច្រើន​ត្រូវបាន​ឧកញ៉ា​ទាំង​៣​រូប​នេះ​កំពុង​ប្រមូល​ទិញ​ពី​ការកាប់បំផ្លាញ​នៅ តំបន់​អភិរក្ស​ភ្នំ​ព្រេច ។​

​ក្នុងនោះ​អាច​និយាយបាន​ថា ការគ្រប់គ្រង​របស់​អាជ្ញាធរខេត្ត ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ហាក់​ធូ​រលុង ខ្វះ​ការទទួលខុសត្រូវ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ នេះ អង្គភាព​យើង​មិនអាច​ទាក់ទង​បាន​ទេ​ពី​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ថា តើ​ឧកញ៉ា​សឹង សំអុល​, ឧកញ៉ា​តុ​ប វី​ដា និង​ឧកញ៉ា​ប៉ោ សំអឿន មានច្បាប់​ដឹកជញ្ជូន​ឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម និង​មាន​សិទ្ធិ​កាប់​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​អភិរក្ស​ភ្នំ​ព្រេច ឬ​មួយ​យ៉ាងណា​? ពី​ព្រោះ​អី ក្រុមហ៊ុន​ម៉ាស្ទឺរ​ខេ​សាន់ របស់​ឧកញ៉ា​សឹង សំអុល ក៏​ដូចជា​ក្រុមហ៊ុន​យូ​នី​គ្រីន របស់​ឧកញ៉ា​តុ​ប វី​ដា គ្មាន​ព្រៃឈើ គ្មាន​ឈើ​នៅក្នុង​ឃ្លាំង មានតែរ​ណា​យន្ត ដែល​ទើបនឹង​ដំឡើង​ថ្មីៗ ទុក​សម្រាប់​អារច្រៀក​ឈើ ដែល​គេ​សង្ស័យថា ឈើ​ទាំង​នោះ ត្រូវ​អូស​ចេញពី​តំបន់​អភិរក្ស​ភ្នំ​ព្រេច​តែប៉ុណ្ណោះ ។

​ក្រុមមន្ត្រី​មាត់ដាច់​នៅ​សាលា​ខេត្តមណ្ឌលគិរី​បាន​និយាយ​ដោយ​ចំអក​ថា បទល្មើស​នេះ ស្រួល​ទប់ស្កាត់ ប៉ុន្តែ​ពិបាក​ត្រង់​ថា អ្នក​មាន​តួនាទី​បង្ក្រាប មិន​ដេកលក់ ប្រឹង​ធ្វើ​ដេកលក់ ចរិក​កន្ទេលធំប​ន្លំ​ដេក ក្នុងនោះ​ឲ្យតែ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រិត​បន្តឹង និង​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទទួលខុសត្រូវ ជំនាញ​មាន​វិធានការ​ពិនិត្យ​ផ្លូវច្បាប់ ហើយ​ឲ្យ​អាជ្ញាធរ​នៅ​ទីតាំង​ណាមួយ ដែល​មាន​បទល្មើស​ត្រូវ​ទទួលខុសត្រូវ គឺ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ដឹកជញ្ជូន​ឈើ ពិតជា​មិន​អាច​ឈ្មួញ​ទាំងនោះ​ថ្លើមពាស់មេឃ ហ៊ាន​ដឹកឈើ​ឆ្លងកាត់​ក្នុង​ខេត្ត​មួយ​នេះឡើយ ។
​ហេតុ​អី​បាន​ជា​ត្រូវ​និយាយ​បែប​នេះ ពីព្រោះថា ការដឹកជញ្ជូន​ឈើ មិនមែន​ជា​ការហោះ​ឆ្លងកាត់​នៅឯ​លើ​មេឃ​នោះទេ គឺ​សកម្មភាព​របស់​ពួកគេ​មាន​ជាក់ស្តែង​តាំងពីរ​សកម្មភាព​អារ​ផ្តួលរំលំ​ក្នុងព្រៃ សកម្មភាព​យក​រថយន្ត​បា​កុង និង​រថយន្តស្តូច​ទៅ​អូស ចូល​តាម​ក្រុមហ៊ុន ច្រៀក​អារ​ជា​ឡាំង និង​លើក​ដាក់​ឡាន​ចេញ​ទៅ​តាម​គោលដៅ​របស់​ពួកគេ​និមួយៗ​ដើម្បី​ឆ្លង​ទៅ​ប្រទេស​វៀតណាម ដូច្នេះ​រឿង​អី​ដែល​ពិបាក​បង្ក្រាប ឬ​មើល​មិនឃើញ ។ ចំណុច​នេះ​ហើយ ដែល​គេ​ដាក់​ភាព​សង្ស័យ​ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​អាច​លួច​ដំណើរការបាន​ម្តង​ម្កាល សុទ្ធតែ​ជា​អំពើ​ពុករលួយ កើតឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​រវាង​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​ជា​ច្រើន​ស្ថាប័ន ដែល​មាន​តួនាទី​បង្ក្រាប បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ។

​ប្រភព​ពី​ប្រទេស​វៀតណាម ដែល​អាច​ជឿ​ទុកចិត្តបាន​ធ្លោយ​ឲ្យដឹងថា បន្ទាប់​ពី​ឧកញ៉ា​សឹង សំអុល ចាប់ដៃ​គ្នា​ជាមួយ​ឧកញ៉ា​ប៉ោ សំអឿន ឧកញ៉ា​តុ​ប វី​ដា រួម​គ្នា​ជា​ក្រុម​តែមួយ​ក្នុង​ការដឹកជញ្ជូន​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី​នេះ គេ​បាន​ឃើញ​វត្តមាន​ឧកញ៉ា​តុ​ប វី​ដា បាន​ទៅ​ទំនាក់ទំនង​ជាមួយ​ថៅកែ​ឈើ​វៀតណាម និង​បាន​យកប្រាក់​មក​រត់ការ​ស្ទើរ​គ្រប់​សមត្ថកិច្ច និង​អាជ្ញាធរ​ទៅហើយ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​យប់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨ រថយន្ត​យី​ឌុប​ចំនួន​៦​គ្រឿង បាន​ដឹក​ឈើ​ចេញពី​ចំណុច​ព្រៃ​ខ្មោច ជិត​ក្រុមហ៊ុន​៩៥​ក្នុង​ដី​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ ដឹក​ចេញ​មក​ដល់​ស្រុក​ពេជ្រា​ដា បម្រុង​ឆ្លងទៅ​ប្រទេស​វៀតណាម បាន​ក្លាយទៅជា​រឿង​បែកការ ៕

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!