លោក អ៊ី ឃីម អនុប្រធាន​ស្នាក់ការ​គយ​ប៉ោយ​ប៉ែត​កំពុង​រត់​ការពន្យារពេល​ចូលនិវត្តន៍​

​ប្រភព​ព័ត៌មាន​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រំប្រទល់​ប្រទេស​ថៃ​បាន​រាយការណ៍​ថា លោក អ៊ី ឃីម អនុប្រធាន​ស្នាក់ការ​សាខាគយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​និង​កំពុង​រត់​ការពន្យារពេល​ចូលនិវត្តន៍ នៅ​គ្រា​ដែល​គេ​ដឹងថា លោក​ត្រូវ​ចូលនិវត្តន៍​តាំងពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ។ លោក​បាន​ប្រញាប់ប្រញាល់​ចេញពី​ប៉ោយប៉ែត ឡើង​មក​ភ្នំពេញ​ដើម្បី​ទិញ​ថ្នាំ​ពន្យារកំណើត​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ប៉ុន្តែ​មិនដឹងថា បាន​សម្រេច​តាម​ផែនការ ឬ​យ៉ាងណា​នោះទេ ។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា លោក អ៊ី ឃីម មាន​តួនាទី​ជា​អនុប្រធាន​ស្នាក់ការ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ប៉ោយ​ប៉ែត ទទួលបន្ទុក​ត្រួតពិនិត្យ និង​ប្រមូល​ពន្ធ​នៅលើ​ទីលាន​រទេះ ។ មានន័យ​ថា លោក​ជា​អ្នក​មាន​ភារកិច្ច​ប្រមូល​ពន្ធ​ចំពោះ​ការ​ដឹកទំនិញ​តាម​រទេះ ។ លោក​ត្រូវ​ចូលនិវត្តន៍​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា កន្លងទៅនេះ ប៉ុន្តែ​គេ​ឃើញ​លោក​វេច​បង្វិច​រត់ឡើង​មក​ភ្នំពេញ​យ៉ាង​តក់ក្រហល់ ទំនងជា​មក​ទិញ​ថ្នាំ​ពន្យារកំណើត​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ។ គេ​ខ្សឹប​ថា គេ​ឃើញ​លោក អ៊ី ឃីម នៅ​ធ្វើការ​ជាធម្មតា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ទំនង​ជា​លោក​ទិញ​ថ្នាំ​ពន្យារកំណើត​យក​ម​កលេ​ប​បានសម្រេច​ហើយ ។​

​បញ្ហា​យក​ពន្ធ​តាមរ​ទេះ​បង្ក​ឲ្យ​មាន​ចម្រូងចម្រាស់​ជាខ្លាំង ពីព្រោះ​តែ​ក្រុម​កម្មករ​អូស​រទេះ​មិន​សប្បាយចិត្ត​ជាមួយ​ការយកពន្ធ ។ ជា​រៀងរាល់ថ្ងៃ ទំនិញគេចពន្ធ​ច្រើន​ប្រភេទ ដែល​ដឹក​ជញ្ជូន​តាម​រទេះ តាមរយៈ​ការជួល​កម្មករ​អូស​ចេញពី​ផ្សារ​ថៃ (​ផ្សារ​រោង​ក្លឿ​) ចូលមក​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង ទាំង​បង់ពន្ធ និង​មិន​បង់ពន្ធ ជាពិសេស​ការបន្លំ​ក្នុង​ការបង់ពន្ធ​ទំនិញ​គ្រប់​ប្រភេទ ។ បង់ពន្ធ​តិច ឬ​មិន​បង់ពន្ធ គឺជា​ប្រភព​ចំណូល​របស់​មន្ត្រី​គយ​នៅ​ទីនោះ ។ ដោយសារតែ​មាន​ចំណូល ទើប​លោក​អ៊ី ឃីម មានលទ្ធភាព​សល់​លុយ​កាក់​ទិញ​ថ្នាំ​ពន្យារកំណើត​លេប ។ ទាំងនេះ គ្រាន់តែ​ជា​ការ​ខ្សឹបខ្សៀវ​តៗ​គ្នា​ក្នុង​ចំណោម​កម្មករ​អូស​រទេះ និង​មន្ត្រី​គយ​តូចតាច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែប៉ុណ្ណោះ ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!