​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ចុះ​ត្រួតពិនិត្យ​ការចាក់ដី​និង​សំណង់​ដែល​សង់​រំលោភ​ដី​បឹង​-​ព្រែក

​កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​០២​ខែ​សីហា ឆ្នាំ​២០១៨ ម្សិលមិញ លោក​អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច អមដំណើរ​ដោយ​សហការី​និង​ជំនាញ​ជា​ច្រើន​រូប បាន​នាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​សំណង់​ដែល​សង់​រំលោភ​ចូល​ក្នុង​បឹង​និង​ព្រែក ពិសេស​បញ្ឈប់​សកម្មភាព​ការចាក់​ដី​ទន្ទ្រាន​រំលោភ​យក​ដី​បឹង ដែល​ស្ថិតនៅក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះដែរ លោក​អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា កន្លង​មក​បឹងបួ ប្រឡាយ ព្រែក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ត្រូវបាន​គេ​លួច​ចាក់​រំលោភ​យក​យ៉ាង​កក្រើក ដូច​ជា​ដី​បឹង​នៅ​ច​ណុ​ច​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ដី​ប្រឡាយ និង​ដី​បឹង​ឈូក​ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​ជាដើម ។​

​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ការចាក់ដី​ដើម្បី​សង់​លំនៅឋាន នៅ​ចំណុច​បឹង​នៃ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច កន្លងមក​អាជ្ញាធរ​បាន​កំណត់​ឲ្យ​ម្ចាស់​សំណង់​ចាក់​ដី​ពី​អ័ក្ស​ផ្លូវ​ចូលទៅ​ក្នុង​បឹង​តែត្រឹម​៦០​ម៉ែត្រ​ប៉ុណ្ណោះ តែ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​បាន​អនុវត្តតាម​គោលការណ៍​របស់​អាជ្ញាធ​រ​និង​ជំនាញ​ឡើយ ហើយ​ពួកគាត់​តែងតែ​ចាក់​រំលោភ​ហួស​ដែន​កំណត់ ដោយ​នាំគ្នា​ចាក់​ជា​បន្តបន្ទាប់​ពី​ម្នាក់​ទៅ​ម្នាក់ ធ្វើ​ឲ្យ​ខាង​អាជ្ញាធរ​ឈឺក្បាល​វិលមុខ​រាប់​ឆ្នាំ​មកហើយ​ដែរ ។​

​លោក​បាន​បានឲ្យ​ដឹង​ផងដែរ​ថា បច្ចុប្បន្ន​ដោយសារ​ដី​មាន​ហាងឆេង​នៅ​គ្រប់​ទីកន្លែង​នោះ ធ្វើឲ្យ​បុគ្គល​មួយចំនួន​ចេះ​តែ​មាន​ចិត្ត​មហិ​ច្ឆិ​តា​នាំគ្នា​លួច​ចាក់ដី​លប់​ព្រែក លប់​បឹងបួ កេង​រំលោភ​យក​ជា​បន្តបន្ទាប់​។​ដូច្នេះ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ក្នុងពេល​បច្ចុប្បន្ន ដាច់ខាត​មិន​បណ្តែតបណ្តោយ​ឲ្យមាន​កា​រដី​ចាក់​លប់​បឹងបួ ព្រែក​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​បន្ត​ទៀត​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​ចំណុច​ដី​បឹងបួ ព្រែក​ជាច្រើន​កន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ត្រូវ​រង​ការចាក់​លប់​ទន្ទ្រាន​យក​ឥត​ឈប់​ឈរ​ពី​សំណាក់​បុគ្គល​ខិលខូច​មួយ​ក្តាប់​តូច​ដែល​មាន​ខ្នងបង្អែក​ក្រាស់ៗ ហើយ​ការទន្ទ្រាន​យក​ដី​របស់​រដ្ឋ​នេះ​បាន​កើតឡើង​តាម​របៀប​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ដូច​ជា​ចំណុច​បឹង​ឈូក​ដែល​ជា​ផ្លូវ​បង្ហូរទឹក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ជាដើម​ត្រូវ​បាន​បុគ្គល​ខិលខូច​ប្រើ​គ្រប់​រូបភាព បំណង​ក្រសោប​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជាច្រើនលើក ច្រើនសារ ដោយ​ករណីនេះ​គេ​ចាំ​មើល​ថា តើ​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច​ថ្មី អាច​ទប់ស្កាត់​និង​ថែរក្សា​ដី​បឹង​ធម្មជាតិ​ខាងលើ​បាន​គង់វង្ស​បាន​ឬទេ​.?៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!