ព្រៃឈើ​តំបន់​អភិរក្ស​ដែល​សេសសល់​តិចតួច កំពុង​បន្ត​កាប់បំផ្លាញ ខណ​:​មន្ត្រី​អភិរក្ស​ជាប់រវល់​

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​សមត្ថកិច្ច​ចម្រុះ នៃ​ក្រុម​អភិរក្ស​សត្វព្រៃ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨ នេះ​ឱ្យដឹងថា ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិរក្ស ត្រង់​ចំណុច​អូរ​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវបាន​ប្រជាពលរដ្ឋ រស់នៅ​ក្បែរៗ​នោះ លួច​យក​ម៉ាស៊ីន​ចូលទៅ​អារ​អស់​ជា​ច្រើន​ដើម ខណ​:​ក្រុម​មន្ត្រី​អភិរក្ស​ចុះ​ប្រតិបត្តិការ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ថ្មីៗ​នេះ ស្រាប់ តែ​ប្រទះឃើញ​ចំរៀក​សំបកឈើ​ប្រណីត​នៅ​សេសសល់​រាយប៉ាយ​ពេញ​ព្រៃ​ជាច្រើន​កន្លែង ក្នុងនោះ​មានដូចជា​ឈើ​សុ​ក្រំ និង​ឈើ​ធ្នង់ ជាដើម ។ ការ​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់ហាមឃាត់​នេះ គេ​សង្ស័យ​តែ​មាន​ការបើក​ដៃ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។

​ប្រភព​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ល្បាត បាន​បង្ហើប​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា កន្លងទៅ មាន​គេ​ចូល​ទៅ​លួច​កាប់​ឈើ​ប្រណីត​ក្នុង​តំបន់​អភិរក្ស ដែល​ជា​ឈើ​ដ៏​នៅ​សេសសល់​តិចតួច​បំផុត ខណ​:​ពួកគេ​ខិតខំ​ថែរក្សា​ការពារ​រាល់ថ្ងៃ​ស្ទើរតែ​មិន​ហ៊ាន​សម្រាក​នោះឡើយ ព្រោះ​ឱ្យតែ​ភ្លេចខ្លួន ឬ​ជាប់រវល់​តែ​បន្តិច មាន​អ្នក​ឈរ​ចាំ​បើកភ្លើង​ខៀវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អូរ​ស្លេវ និង អ្នកភូមិ​ភ្នំ​ដំបង ចូល​ទៅ​លួច​កាប់​បំផ្លាញ​តែម្តង ។  ប្រភព​បន្តទៀតថា សមត្ថកិច្ច ដែល​ចាំ​យាម​ការពារ​ព្រៃឈើ ស្ទើរតែ​លែង​មាន​កម្លាំងកំហែង ក្នុង​ការទប់ស្កាត់​ជនល្មើស កុំឱ្យ​ចូល​ទៅ​កាប់​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ទៅហើយ ព្រោះ​កន្លងមក​ពេល​ចាប់បាន​ជនសង្ស័យ​ជា​អ្នកភូមិ ដោយ​មាន​ទាំង​វត្ថុតាង ដូចជា​ម៉ាស៊ីន​អារឈើ និង​កំណាត់ឈើ​ដែល​គេ​លួច​កាប់ ស្រាប់តែ​ក្រោយ​ម ក​មាន​ការអន្តរាគមន៍​ពី​មេ​ភូមិ​ភ្នំ​ដំបង ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន រួច​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ​អស់រលីង លុះ​ថ្ងៃក្រោយ ពួកគេ​ទាំងនោះ​ដដែល បាន​នាំគ្នា​ចូល​ទៅ​លួច​កាប់​ឈើ​បន្តទៀត ដោយ​មិ ន​រាងចាល​នោះឡើយ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខាង លោក​បាន​ទទួល​ព័ត៌មាន ការ​លួច​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ហើយ ក៏​បាន​រាយការណ៍​ជូនទៅ​លោក​អភិបាលខេត្ត​ផងដែរ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​នឹង​ចាត់​ឱ្យកម្លាំង​មន្ត្រីក្រោមឱវាទ បន្ត​ចុះ​ដើរ ល្បាត​មើល ដើម្បី​ការពារ​ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ឱ្យ​បាន​គង់​វង់ មិន​អនុញ្ញាតិ​ឱ្យ​នរណា​ម្នាក់​បន្ត​ចូល​ទៅ​កាប់​បំផ្លាញ​ទៀត​នោះ​ឡើយ ។ លោក​បញ្ជាក់ថា ការចូល​ទៅ​លួច​កាប់​ឈើ​ទាំង​នេះ​គឺជា​អ្នក​រស់នៅ​ក្បែរៗ ភូមិ​ខាងលើ ឱ្យតែ​មាន​ពេល​រវល់​ម្តងៗ គឺ​ពួកគេ​ទាំងនោះ​ឆ្លៀត​ចូល​ទៅ​លួច កាប់​តែ​ម្តង ។

​បើ​តាម​លោក អៀ​វ រ៉ា នាយក​តំបន់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ (MJP) ប៉ៃលិន បានឱ្យដឹងថា ខាង​មន្ត្រី​អភិរក្ស​លោក​តែងតែ​យកចិត្តទុដាក់​ក្នុង​ការការពារ​ព្រៃឈើ​នៅ​តំបន់​ខាងលើ ដោយ​មិន បន្ត​ឱ្យ​អ្នកភូមិ​ភ្នំ​ដំបង​បន្ត​កាប់​ឈើ​តំបន់​ការពារ​នោះឡើយ ។ លោក​បន្ត​ទៀត​ថា បច្ចុប្បន្ននេះ ខាង លោក​មាន​ការលំបាក​ខ្លាំង ដោយ​ព្រោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដោយ​កាលពីមុន​ខាង​អង្គកា​រលោក ជា​អ្នក​ចុះ​អនុវត្តន៍​ផ្ទាល់ គឺ​គ្រាន់តែ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់ទៀតថា ខាង​លោក​កំពុង​ត្រៀម​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ប៉ៃលិន ចំពោះ​ព្រៃឈើ​ចំនួន​២​ចំណុច​ដែល​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​កាប់​ទន្ទ្រាន គឺ​នៅ​ភ្នំ​ដំបង​មួយកន្លែង និង​នៅ​តំបន់​អូរ​ប្រើស​មួយកន្លែង​ទៀត ដោយសារ​ប្រជាពលរដ្ឋ​កាប់​ទន្ទ្រាន​ដី យក​ទៅ​ដាំ​ដំណាំ ស្វាយ​និង​ដំណាំ​ចេក​ជាដើម ។ លោក​បញ្ជាក់ថា ឈើ​តំបន់​អភិរក្ស ដែល​គេ​លួច​កាប់​ទាំងនេះ មិនមែន​យក​ទៅ​ប្រើការ​សម្រាប់​ប្រើប្រាស់​នៅក្នុង​មន្ទីរ ឬ​អង្គភាព​រដ្ឋ​មួយ​ណា​នោះឡើយ គឺ​គេ​យក​ទៅ​ជួញដូរ​ផ្ទា ល់​ខ្លួន​តែម្តង ។

​ទោះបីជា​យ៉ាងណា លោក គង់ មុន្នី​ចន្ទ នាយក​អង្គ​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ (MJP) បានឱ្យ​ដឹង​ដែរ​ថា  ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ខាងលើ មិន​មាន​អស់​ច្រើន​ប៉ុន្មាន​នោះទេ គ្រាន់តែ​មាន​ការ​ខុស​ប្រក្រតី គឺ​ពួក​អ្នកស្រុក​រស់នៅ​តំបន់​ជិតៗ​សហគមន៍​នោះ​តែម្តង ។ លោក​បន្ត ទៀតថា ខាង​លោក​ក៏​បាន​ចុះ​ទៅ​បង្រៀន​ពួកគេ​ពី​ការបាត់បង់​ព្រៃឈើ​ផង​ដែរ តែដោយសារ​ជីវភាព​ពួកគាត់ មាន​ភាពក្រីក្រ​ខ្វះខាត ទើប​តែងតែ​លួច​ចូល​ទៅ​កាប់​ឈើ​ដឹកយក​ទៅ​លក់​ដោះដូរ​ជីវភាព រស់នៅ ។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ខាង​លោក​ចាត់​ឱ្យ​ក្រុម​មន្ត្រី​បន្ត​ធ្វើ​ការស្រាវជ្រាវ​រក​ឈើ ក្រែង​ពួកគេ​លួចលាក់​នៅតាម​ព្រៃ​ក្បែរៗ​ផ្ទះ ។

​ការកាប់​ព្រៃឈើ​នេះ គឺ​គេ​ធ្វើឡើង​នៅ​មុន​បោះឆ្នោត​ថ្នាក់​ជាតិ​យើង​នេះ រយ​:​ពេល​ប្រហែលជា​១​អាទិត្យ ខណ​:​ក្រុម​មន្ត្រី​របស់​លោក​កំពុង​ជាប់រវល់ ។  ម្យ៉ាងវិញទៀត បើ​ខាង​លោក​ធ្វើ​តឹងរឹង​ពេ ក​ក៏​មិនកើត ហើយ​បើ​ធូររលុង​ពេក ក៏​បណ្តាលឱ្យ​បាត់បង់​ព្រៃឈើ​កាន់តែ​ច្រើន​ថែមទៀត ។ បញ្ហា​នេះ​ពិតជា​មាន​ការលំបាក​ខ្លាំង ដោយ​មិន​ដឹង​ធ្វើ​យ៉ាងណា​នោះ​ទេ មានតែ​រាយការណ៍​ជូន​ទៅ​អាជ្ញា ធរ​ខេត្ត​ឱ្យ​ជួយ​សហការ​ដោះស្រាយ​ចូលរួម​ទប់ស្កាត់​ផងដែរ ។​

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា មិន​យូរ​ប៉ុន្មាន​នោះ​ទេ ព្រៃ ឈើ​តំបន់​អភិរក្ស​នឹង​អាច​ក្លាយទៅជា​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឃើញ អ្នក​រស់នៅ​ក្បែរៗ​នោះ​ចូល​ទៅ​អាស្រ័យ​ផល ក្រោយ​មក​កាប់​ដើមឈើ​រំលំ​អស់ រហូត​ដល់​ក្លា យ​ទៅជា​ដី​កម្មសិទ្ធិ​រៀងៗ​ខ្លួន ដោយ​អ្នកខ្លះ​កាប់​បាន​ច្រើន​លក់​ឱ្យ​អ្នកផ្សេង​ថែមទៀត ។ ដូច្នេះហើយ ទើប​លោក​មេភូមិ​ភ្នំ​ដំបង​មាន​ដី​ជា​ច្រើន អាច​លក់​ឱ្យ​អ្នក​រស់នៅ​ខេត្ត​ផ្សេងៗ និង​រហូត​ដល់​អ្នករស់នៅ ភ្នំពេញ​ចូល​ទៅ​ធ្វើ​ចម្ការ​ដាំ​ដុះ​ដំណាំ​រាប់សិប​ហិកតា​ឯណោះ ៕
​ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!