ផ្លូវជាតិ​លេខ​៣៣(​កំពត​-​កែប​)​ក្រោយ​ពី​ជួសជុល បាន​ក្លាយ​ជា​ទីតាំង​បង្ហុយធូលី​ទាំងយប់​ទាំង​ថ្ងៃ​

កំពត ៖ បន្ទាប់​ពី​មន្ទីរ​ជំនាញ​ខេត្ត​កំពត បាន​ធ្វើ​ការជួសជុល​ផ្លូវជាតិ​លេខ​៣៣(​កំពត​-​កែប​)​ដែល​មាន​ប្រវែង​ប្រមាណ​ជិត​១០​គីឡូម៉ែត្រ​រួចមក បែរជា​មាន​មហាជន​រិះគន់​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត គឺ​ការ​បង្ហុយធូលី​បង្ក​ឧបសគ្គ​ដល់​អ្នកដំណើរ​និង​ប្រជាជ​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជាប់​នឹង​ដង​ផ្លូវជាតិ​លេខ​៣៣​នេះ​។​

​អ្នកដំណើរ​នាំគ្នា​រិះគន់ថា កាល​ពី​ផ្លូវ​មិនទាន់​ជួសជុល​បើទោះជា​ពិបាក​ធ្វើ​ដំណើរ​បន្តិច​ក៏ដោយ ប៉ុន្តែ​មិន​ដល់​ថ្នាក់​ហុយ​ទ្រលោម​បែប​នេះ​ឡើយ​។​គេ​បាន​លើកឡើង​ថា បន្ទាប់​ពី​ជំនាញ​បាន​ជួសជុល​ផ្លូវ​ប្រែជា​ផ្តល់​ហានិភ័យ​ដល់​ពួកគាត់​គ្រប់​ជំពូក ដូចជា​ពេល​ភ្លៀង​ធ្លាក់​ដងផ្លូវ​នេះ​ប្រែ​ទៅ​ជា​បែក​ភក់​ធ្វើដំណើរ​ស្ទើ​មិនកើត លុះ​ពេល​រាំងស្ងួត​ប្រែក្លាយ​ជា​ទីតាំង​បង្ហុយធូលី​ទាំងយប់​ទាំង​ថ្ងៃ មើល​ទៅ​ដូច​មាន​ព្រិល​ធ្លាក់​អីចឹង ថែម​ទាំង​បង្ក​ប៉ះពាល់​ដល់​សុខភាព ហើយ​ការជួសជុល​ដូច​ក្មេង​លេង​បាយឡុកបាយឡ គឺ​ផ្លូវ​ធ្វើ​ជាប់​រហូត​។​

​ជាមួយ​នឹង​ការរិះគន់​នេះដែរ ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​លក់​ដូរ​នំចំណី​នៅតាម​ចិញចើមផ្លូវ ក៏​ត្រូវ​បង្ខំចិត្ត​ផ្អាក​ធ្វើ​អាជីវកម្ម​មួយរយៈ​សិន ព្រោះ​គាត់​មិនដឹង​លក់​ឲ្យ​អ្នកណា បើ​ចំណុច​ផ្លូវជាតិ​លេខ​៣៣​នេះ​មាន​ដី​ហុយ​ដូច​ព្រិល​ធ្លាក់​ទៅ​ហើយ​។​ម្យ៉ាងទៀត អ្នក​ដែល​មាន​លំនៅដ្ឋាន​នៅ​ចំណុច​ខាងលើ​ត្រូវ​បិទទ្វារ បិទ​បង្អួច​ឲ្យ​ជិត បើ​មិន​ដូច្នោះ​ទេ​ពិតជា​ប្រឡាក់​សំលៀក​បំពាក់​មើល​មិន​យល់​ឥឡូវ​ហ្នឹង​.!​។​

​ជុំវិញ​បញ្ហា​ដូច​ខាងលើ​ប្រជាពលរដ្ឋ ព្រមទាំង​អ្នកដំណើរ សំណូមពរ​ដល់​ក្រុម​ជំនាញ​ខេត្តកំពត មេត្តា​ជួសជុល​ផ្លូវ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស និង​តាម​ស្តង់ដារ​កំណត់​ផង កុំ​ចេះតែ​ឈូសឆាយ​ឲ្យ​រួច​តែ​ពី​ដៃ​អីចឹង​នោះ សូម​អាណិត​ដល់​អ្នកដំណើរ​ផង ពិសេស​ក្មេងៗ​និង​សិស្សសាលា​ដែល​ធ្វើដំណើរ​ទៅ​រៀន​រាល់ថ្ងៃ​តាម​ដងផ្លូវ​មួយ​នេះ​ជាប្រចាំ ស្រួល​មិន​ស្រួល​អាច​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ​ជាយថាហេតុ​ផងដែរ​។​

​ជាមួយគ្នានេះដែរ មជ្ឈដ្ឋាន​មួយចំនួន​បាន​លើកឡើង​ថា តាមពិត​អី្វៗ​កើតឡើង​សុទ្ធតែ​កត្តា​ធម្មជាតិ  ពេល​ផ្លូវ​ខូច​មិន​ធ្វើ​ក៏​ខុស តែបើ​ធ្វើ​ហើយ​ក៏​ខុស​ដែរ គឺ​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​បាន​ឡើយ ព្រោះ​ធម្មតា​ការអភិវឌ្ឍន៍​រមែង​មាន​ការប៉ះពាល់ បើ​មិន​តិច​ក៏​ច្រើន​ដែរ​។​ជាក់ស្តែង​ដូចជា​ការជួសជុល​ផ្លូវជាតិ​លេខ​៣៣ បើទោះជា​ខាង​ជំនាញ​ខិតខំ​ធ្វើ​និង​ជួសជុល​យ៉ាងណា​ក៏​មិន​ប្រាកដថា បាន​ល្អប្រសើរ​១០០%​នោះដែរ ព្រោះ​អ្នក​ធ្វើ​វា​មិន​ស្រួល​ដូច​អ្នក​ថា​នោះទេ​។​

​ទាក់ទិន​នឹង​កា​រិះគន់​ដូចខាងលើ នៅ​រសៀល​ថ្ងៃ​ទី​០១​ខែ​សីហា ឆ្នាំ​២០១៨​នេះ សារព័ត៌មាន​យើង មិនអាច​សុំ​ការពន្យល់​ពី លោក​ជី​ង គួង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត​បាន​ទេ ដោយសារ​ពេល​ទំនាក់ទំនង​តាម​ទូរស័ព្ទ តេ​ចូល តែ​គ្មាន​អ្នកទទួល​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!