ឈើ​ប្រណីត​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ពេញ​ឃ្លាំង​នៅ​ឃុំ​អូរ​ស្វាយ គ្មាន​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប សង្ស័យ​ថា​ត្រួវ​ថ្នាំ​ដ​ណ្តំ​ហើយ​មើលទៅ !

តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​កំពង់ចាម​ឱ្យដឹងថា មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ដុះ​ស្លែ​ម្នាក់​នៅ​ភូមិ​ត្រើង ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម កំពុង​បន្ត​សកម្មភាព រកស៊ី​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​សុខ​ស្រួល​បំផុត គេ​មិន​ដែល​ឃើញ​ជំនាញ រដ្ឋបាល​ព្រៃឈើ របស់លោក ប្រាក់ ណូ​ម៉ានិង​សមត្ថកិច្ច​ពាក់​ព័ន្ធ ចាត់វិធានការ​បង្ក្រាប ឱ្យមាន​ប្រសិទ្ធភាព​នោះទេ​។

​ផ្ទុយ​ទៅ​វិញ​មន្ត្រី​និង​សមត្ថកិច្ច ជាច្រើន​បាន​ក្លាយជា​កូនជឹង របស់​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ក្នុងការ​ប្រតិបត្តិការ បង្ក្រាប​ឈ្មួញ​តូចតាច​ដែល​រកស៊ី ដឹកជញ្ជូន​ឈើ​តាមរបៀប​លោតឆ័ត្រ មិន​យក​ទៅ​លក់​ឱ្យ​មេ​ឈ្មូញ សាយ ម៉េង​ឡាយ ក្នុង​តម្លៃ​ថោកៗ ដែល​បញ្ហា​នេះ គួរ លោក​អភិបាលខេត្ត​កំពង់ចាម ពិនិត្យមើល​ភាពអនាធិបតេយ្យ ទាំងនេះ​ផង ។​

​គួររំលឹកថា មុខ​ជំនួញ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ មេ​ឈ្មួញ សាយ ម៉េង​ឡាយ បាន​ក្លាយជា​មហាសេដ្ឋី លើ​ទឹកដី ខេត្ត​កំពង់ចាម ប្រកបដោយ​ឥទ្ធិពល​អំណាច គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ គឺ​បច្ចុប្បន្ន​នេះ មេ​ឈ្មួញ សាយ ម៉េង​ឡាយ មាន​វីឡា​ដ៏​ស្កឹមស្កៃ នៅ​ភូមិ​ត្រើង និង​ទើបតែ​ទិញ​ផ្ទះ ទាំង​ជុងៗ​នៅ​កណ្តាល ក្រុង​កំពង់ចាម តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ និង​មាន​រថយន្ត​ស៊េរី​ទំនើបៗ ៣​ទៅ ៤​គ្រឿង​។

​មេ​ឈ្មូញ សាយ ម៉េង ឡាយ ក៏​មាន​រថយន្ត​យី​ឌុប​ផ្ទាល់ខ្លួន ៣​ទៅ ៤ គ្រឿង សម្រាប់​ធ្វើ​ដឹកជញ្ជូន​ឈើ ចេញពី​ភូមិ ត្រើង យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម ឬ​ច្រក​ច័ន្ទ​មូល​ទាំង​យប់​ទាំង​ថ្ងៃ ជា​រៀង​រាល់​ពេល ចេញ​ឈើ​ម្តងៗ សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ជួយ​សម្របសម្រួល​រត់​ការ​ប៉ាវ​ផ្លូវ​ធានា​ឱ្យ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ដំណើរការ​ដោយ​រលូន ។​

​អ្នក​រកស៊ី​ឈើ​តូចតាច​មួយ​ចំនួន បាន​លើកឡើង​ថា មេ​ឈ្មួញ សាយ ម៉េង​ឡាយ មាន​ខ្សែបណ្តាញ​ចាំ​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ ដែល​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ប្រណីត នៅតាម​បណ្តោយ​ព្រំដែន​សៀម ដឹក តាម​រថយន្ត​យី​ឌុប ចេញពី​ខេត្ត​ឧត្តរមានជ័យ ខេត្តសៀមរាប និង​ខេត្ត​ព្រះវិហារ យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង និង​ជា​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ របស់គាត់ នៅ​ភូមិ​ត្រើង​។ ពេល​ប្រមូល​ឈើ បាន​គ្រប់​ចំនួន​ហើយ មេ​ឈ្មួញ សាយ ម៉េង​ឡាយ បាន​ទំនាក់ទំនង​ទៅ កាន់​ថៅកែ​ឈើ ដ៏​ធំ ដែល​មាន​ទីតាំង​ទទួល​ទិញ​ឈើ នៅ​ជាប់​ព្រំដែន​វៀតណាម ហើយ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល រួមមាន​ឈ្មោះ វុ​ធ និង​ឈ្មោះ ហួ​ច ដែល​ពួកគេ​មាន​ទីតាំង ស្តុក​ឈើ​ជាច្រើន​កន្លែង​ក្នុង​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អ៊ុក រ៉ាប៊ុន មិន​គួរ​មើលរំលង ពី​ភាពអនាធិបតេយ្យ​នៃ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ដែល​កំពុង​តែ​អួត​ក្រអឺតក្រទម នោះទេ ។ គេ​ដឹងថា​ឈ្មោះ សាយ ម៉េង​ឡាយ មាន​ឃ្លាំង​ស្តុក​ឈើ​ធំៗ ដល់​ទៅ ២​កន្លែង នៅ​ចំណុច​ភូមិ​ត្រើង ឃុំ​អូរ​ស្វាយ និង​មាន​រថយន្ត​យី​ឌុប ចំនួន ២​គ្រឿង សម្រាប់​ដឹក​ឈើ​ចេញ​ទៅ​ព្រំដែន​យួន​ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ យួន​និង​ចិន​មាន​បញ្ហា ជម្លោះ​ព្រំដែន ធ្វើឱ្យ​រាំងស្ទះ​ដល់​ការនាំចេញ​ឈើ​របស់​ឈ្មោះ សាយ ម៉េង​ឡាយ ដែល​រហូត​មកដល់ពេលនេះ ឈើ​គ្រញូង ធ្នង់ បេង នាងនួន​នៅ​ស្ទះ​ពេញ​ឃ្លាំង និង​ផ្ទះ​របស់​ឈ្មោះ សាយ ម៉េង​ឡាយ​។​

​អ្នករកស៊ី​តូចតាច​ដ​ទៃ​ទៀត ដែល​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​តូចៗ មកពី​បណ្តា​ខេត្ត​ប៉ែក​ខាងជើង ហើយ​ឈើ​មួយ ចំនួន​ទៀត ដែល​ត្រូវបាន​ដឹកជញ្ជូន តាម​ផ្លូវជាតិ​លេខ​៥ ឡើង​តាម​ស្ពាន​ព្រែក​ក្តាម បាន​យក​ទៅ​លក់​ឱ្យ​មេ​ឈ្មួញ សាយ ម៉េង​ឡាយ ក្នុង​តម្លៃ​ថោកៗ ព្រោះ​អ្នករកស៊ី​តូចតាច មិន​អាចមាន​លទ្ធភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​ខ្លួនឯង​បាន​នោះទេ គឺ​ប្រឈម​នឹង​ការបង្ក្រាប ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ដែល​ជា​បរិវារ ឬ​ជា​កូនជឹង របស់​ឈ្មួញ សាយ ម៉េង​ឡាយ​។

​ដូចជា ការដឹកជញ្ជូន​ឈើ​យកទៅលក់ នៅ​ភូមិ​ត្រើង របស់​ឈ្មួញ​តូចតាច​ជាច្រើន រក​ប្រាក់ចំណេញ មិន​ឃើញ​ទេ ព្រោះ​មេ​ឈ្មួញ សាយ ម៉េង​ឡាយ បាន​ឱ្យ​តម្លៃ​ក្នុង​ការទិញ​ឈើ ថោក​ជាង​តម្លៃ ទីផ្សារ ដល់​ទៅ​ជិត​ពាក់កណ្តាល ឯណោះ ។​

​ប្រសិនបើ​សមត្ថកិច្ច​ចម្រុះ ឬ​ឯកឧត្តម រដ្ឋមន្ត្រី​កសិកម្ម គួរតែ​ស៊ើបអង្កេត និង​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ សាយ ម៉េង​ឡាយ អាច​ចាត់ទុកជា​រឿង​ល្អ​បំផុត ព្រោះ​ឈើ​កំពុងតែ​កកស្ទះ​ពេញ​ឃ្លាំង ប្រសិនបើ សមត្ថកិច្ច​ចុះ​ទៅ​ឡោម​ព័ទ្ធ ឆែកឆេរ​ច្បាស់​ជា​មេ​ឈ្មួញ សាយ ម៉េង​ឡាយ គ្មាន​លទ្ធភាព​ក្នុង​ការ​ជញ្ជូន​ឈើ ចេញពី​ឃ្លាំង​នោះទេ ។ ហើយ​បញ្ហា​នេះ​គួរ ឯកឧត្តម ប្រធាន​រដ្ឋបាល​ព្រៃឈើ គួរតែ​ស៊ើបអង្កេត​ពី​បញ្ហា ខាងលើ​នេះ​ផង ។​/

 

lunlimthay_chhengkimsun say_menglay2

Filed in: ខេត្តកំពង់ចាម, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.