​ក្រោយពី​បញ្ចប់​ការបោះឆ្នោត ប្រជា​ពល​ដ្ឋ​បាននាំគ្នា​សម្រុក​ធ្វើដំណើរ​ទៅកាន់​គោលដៅ​របស់​ខ្លួន​វិញ​ហើយ

(​កំពត​)៖ ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ត្រូវបាន​បានបញ្ចប់​ជា​ស្ថាពរ​នោះ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ពិសេស​កម្មករ កម្មការិនី​កាត់ដេរ បាននិងកំពុង​សម្រុក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​នានា ឆ្ពោះ​ទៅកាន់​គោលដៅ​រៀងៗ​ខ្លួន បន្ទាប់ពី​ពួកគាត់​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាង​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្តបាន​រួចរាល់​ហើយ​នោះ​។​

​ទោះជា​យ៉ាងណា​ក្នុងឱកាស​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ឆ្នាំ​២០១៨​នេះ គេ​បានកត់សម្គាល់​ឃើញ​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ កម្មការិនី បាន​ធ្វើដំណើរ​មកពី​ខេត្ត​នានា​ទូទាំង​ប្រទេស ពិសេស​រាជធានី​ភ្នំពេញ​មកកាន់​ភូមិ​កំណើត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ដើម្បី​ចូលរួម​បោះឆ្នោត ហើយ​ក្នុង​ឱកាស​នោះដែរ ពួកគាត់​ក៏​មាន​ពេល​មក​ជួបជុំ​ឪពុក ម្តាយ សាច់ញាតិ បងប្អូន នៅឯ​ស្រុកកំណើត​ផងដែរ​។​

​ចំពោះ​ការ​ចាក​ចេញ​ដំណើរ​ទៅកាន់​គោលដៅ​របស់​ខ្លួន​នេះដែរ គេ​សង្កេតឃើញ​ពួកគាត់​បញ្ចេញ​អារម្មណ៍​សប្បាយរីករាយ ព្រោះ​ពួកគាត់​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ សម្រាប់​កំណត់​ជោគវាសនា​ប្រទេសជាតិ​រួចហើយ គឺ​ការជ្រើសរើស​អ្នកដឹកនាំ​ដែល​ពួកគាត់​ស្រលាញ់ និង​ពេញចិត្ត តាម​មា​គា៌​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​លើសពីនេះ ការជ្រើសរើស​អ្នកដឹកនាំ​ល្អ នឹង​ធ្វើឲ្យ​ពួកគាត់​មាន​ក្តីសង្ឃឹម និង​មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​ដើម្បី​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន​កាន់តែ​ធូរធា និង​រី​ចម្រើន​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​ផង​ដែរ​។​

​សូមជម្រាបថា​៖ បើ​តាម​ការលើកឡើង​ពី​ក្រុម​អ្នកដំណើរ បាន​លួច​បង្ហើប​ថា ការធ្វើដំណើរ​ទៅ​និង​មក​តាម​រថយន្ត ឈ្នួល​(​តា​ក់សី​ុ​)​ពី​រាជធានី​-​ខេត្ត​នានា មក​កាន់​លំនៅឋាន​ក្នុងឱកាស​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ បើ​ទោះ​ជា​រាជរដ្ឋាភិបាល​បាន​សំណូមពរ​ដល់​ម្ចាស់​រថយន្ត​តា​ក់សី​ុ​មិន​ឲ្យ​ដំឡើងថ្ងៃ​បែបណា ក៏​នៅតែ​មាន​រថយន្តឈ្នួល​ជាច្រើន​លួច​យក​តម្លៃលើស​គោលការណ៍​កំណត់​ដដែល ប៉ុន្តែ​អ្នកដំណើរ​នៅតែ​នាំគ្នា​សម្រុក​មក​កាន់​គោលដៅ​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដោយ​គ្មាន​ការអាក់ខាន​ឡើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!