ក្រុម​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​នៅតែ​បន្ត​ជួសជុល​ផ្លូវ​ជាតិ​លេខ​៣៣​យ៉ាង​សស្រាក់សស្រាំ​

(​កែប​)៖ ផ្លូវជាតិ​លេខ​៣៣​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប ដែល​រង​ការខូតខាត​មួយអន្លើ ត្រូវបាន​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប យក​គ្រឿងចក្រ​ឈូសឆាយ​ជួសជុល​យ៉ាង​សស្រាក់សស្រាំ ក្រោម​តំណក់ភ្លៀង​រលឹម​ព្រឹចៗ​។​

​ជា​ទូទៅ​បើ​យើង​ក្រលេកមើល​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ដែល​ត​ភ្ជាប់​ពី​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ឆ្ពោះទៅ​កាន់​ទី​រួម​ខេត្ត​កំពត ដែល​មាន​ប្រវែង​ប្រមាណ​៣៦​គីឡូម៉ែត្រ​នោះ​ពិតជា​បាន​ឃើញ​ចំណុច​ផ្លូវ​ជាច្រើន​កន្លែង​ត្រូវ​រង​ការខូចខាត​ជា​បន្តបន្ទាប់ ដោយ​ចំណុច​ខ្លះ​បាន​ក្លាយជា​ជង្ហុក​និង​រណ្តៅ​ធំៗ ធ្វើ​ឲ្យ​អ្នកដំណើ​រជួប​ការពិបាក​យ៉ាងខ្លាំង​។​

​ដោយឡែក​ចំពោះ​ផ្លូវជាតិ​លេខ​៣៣​ដែល​ឆ្លងកាត់​តាម​ភូមិសាស្ត្រ​ខេត្ត​កែប ក៏​មាន​កន្លែង​ខ្លះ​មាន​ស្ថានភាព​យ៉ាប់យឺន គឺ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ដូចជា​នៅ​ចំណុច​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប និង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​ជាដើម​។​

​ជាមួយនឹង​បញ្ហា​ប្រឈម​ខាងលើ គេ​សង្កេតឃើញ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​អនុវត្ត​ការងារ​ជួសជុល​ផ្លូវ​យ៉ាង​មមាញឹក បើទោះជា​អាកាសធាតុ​មិន​អំណោយផល​បែបណាក៏ដោយ​។​

​សូមជម្រាបថា​៖ បើ​យោង​តាម​ការលើកឡើង​ពី​សំណាក់​មហាជន គឺ​ករណី​បណ្តាល​ឲ្យ​ផ្លូវងាយ​ខូចខាត​ឆាប់រហ័ស​បែប​នេះ អាច​មក​រថយន្ត​ដឹក​ទំនិញ​ខ្នាត​ធំ​ភាគច្រើន​ផ្ទុក​លើស​ចំណុះ បើកបរ​ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ ម្យ៉ាងទៀត​អាច​បណ្តាលមកពី​អាកាសធាតុ​អាប់អួរ​គឺ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ជាង​១០​ថ្ងៃ​មិន​ឈប់​សោះ ទើប​ធ្វើឲ្យ​ផ្លូវជាតិលេខ​៣៣​នេះ​ប្រឈម​នឹង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!