បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​កំពង់ត្រាច​នឹង​បាត់​រូបរាង​នៅថ្ងៃនេះ ខណៈ​មាន​ការដោះដូរ​ដោយ​អាថិ៍កំបាំង​

(​កំពត​)៖ បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​កំពង់ត្រាច ស្ថិតក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ជា​បន្ទាយ​ទាហាន​កាលពី​ជំនាន់​មុន​រាប់​ជំនាន់​មក​ហើយ​នោះ ឥឡូវ​ត្រូវបាន​គេ​លក់​យក​លុយ​ចែក​គ្នា ហើយ​ផ្លាស់​ទីតាំង​ទៅ​កន្លែង​មួយ​យ៉ាង​ដាច់ស្រយាល​ពី​ទីប្រជុំជន​។​

​យោងតាម​ប្រភព​ខ្សឹបខ្សៀវ​បាន​លួច​ទម្លាយ​ថា ទីតាំង​នៃ​បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​កំពង់ត្រាច ជា​បន្ទាយ​ទា​ហា​តាំងពី​សម័យ​មុន​បន្ត​ជា​ច្រើន​ជំនាន់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​បន្ត​មក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​ខណៈ​នេះ​ត្រូវបាន​គេ​លក់​យក​លុយ​ចែក​គ្នា​ដាក់​ក្នុង​ហោប៉ៅ ហើយ​ទិញ​ដីស្រែ​ចំនួន​ពីរ​កន្លែង​មាន​ទំហំ​បី​ហិកតា​រួច​សាងសង់​ធ្វើ​ជា​បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​ថ្មី ដែល​ទីតាំង​ទីមួយ​ស្ថិត​ក្បែ​របឹងឈូក​មាន​ទំហំ​១​ហិកតា និង​ទី​តាំងទី​ពីរ​ជា​បញ្ជាការដ្ឋាន​វរ​សេនា​តូច​លេខ​៣០២ ស្ថិត​ឃុំ​កំពង់​ខាងកើត មាន​ទំហំ​ប្រមាណ​២​ហិកតា ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បង្ហើប​ទៀតថា បន្ទាយ​ទាហាន​ចាស់​នេះ​មាន​ទំហំ​ប្រមាណ​បី​ហិកតា ដោយ​ត្រូវ​គេ​លក់​ក្នុង​តម្លៃ​ប្រហែល ៣.០០០.០០០​ដុល្លារ​អាមេរិក ហើយ​យក​លុយ​ទាំងនោះ​ទៅ​ទិញ​ដីស្រែ​ថោកៗ​ដែល​នៅ​ឆ្ងាយ​ពី​ផ្លូវជាតិ រួច​សាងសង់​ជា​អគារ​បន្ទាយ​ទាហាន​ថ្មី ដើម្បី​ជា​ថ្នូរ​វិញ​។​គេ​បានឲ្យដឹង​ទៀត​ថា គេ​មិនដឹង​ក្រុមហ៊ុន​ណា​ទេ​ដែល​ហ៊ាន​ទិញ​ដី​បន្ទាយ​ទាហាន​ស្រុក​កំពង់ត្រាច​ដែល​ជា​បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​ស្ថិតក្នុង​ទីតាំង​នេះ​ជា​យូរ​មក​ហើយៗ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​គ្រឿងចក្រ​ជាច្រើន​បាន​មក​ឈូសឆាយ​និង​ចាក់​ដី​ក្នុង​បន្ទាយ​ទាហាន​ចាស់​យ៉ាង​គគ្រឹកគគ្រេង​។​

​ទាក់ទង​នឹង​ការលក់​បន្ទាយ​ទាហាន​ចាស់ ហើយ​ផ្លាស់​ដាក់​ទៅ​កន្លែង​ថ្មី​បែបនេះ មជ្ឈដ្ឋាន​ក្នុង​ខេត្ត​កំពត ពិសេស​មហាជន​ក្នុងស្រុក​កំពង់ត្រាច បាន​សំដែង​ការហួសចិត្ត​និង​សោកស្តាយ​ជា​ពន់ពេក ព្រោះ​គេ​ដឹងថា ការផ្លាស់ប្តូរ​បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​កំពង់ត្រា​ច​ដ៏​ស្ងាត់កំបាំង​នេះ គឺ​ដើម្បី​ជា​ថ្នូរ​នឹង​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​យក​មក​ចែក​គ្នា​ទៅតាម​ឋានៈ តួនាទី​(​អ្នកធំ​បាន​ច្រើន អ្នក​តូចតាច​បាន​បន្តិច​បន្តួច​) ហើយ​ស្រះ​ទឹក​នៅ​ក្នុង​បន្ទាយ​ទាហាន​ស្ថិត​ក្បែរ​ផ្លូវ​ជាតិ​លេខ​៣៣​នោះ ក៏​ត្រូវបាន​គេ​ដណ្តើម​វាស់វែង​ចែកគ្នា ហើយ​លក់​យក​លុយ​យ៉ាង​រំភើយ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹក​ការរុះរើ​បន្ទាយ​ទាហាន​ចាស់​នៅ​ស្រុក​កំពង់ត្រាច​ខាងលើ លោក​វរសេនីយ៍ត្រី ង៉ូយ ហេង មេបញ្ជាការ​ផ្នែក​សឹក​រង​កំពង់ត្រាច បាន​ប្រាប់ កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ការផ្លាស់ប្តូរ​បន្ទាយ​ទាហាន​នេះ លោក​មិន​ដឹង​គេ​ដូរ​តាមរយៈ​ថ្នាក់​ណា​ទេ ដោយ​លោក​បាន​ត្រឹម​ទទួលបញ្ជា​ពី​មេ​កើយ​ប៉ុណ្ណោះ តែ​បើ​យក​ល្អ​គួរ​សាកសួរ​ទៅ​ថ្នាក់លើ​ចុះ​។​

​ស្របគ្នា​នឹង​រឿង​ដដែល លោក​ឧត្តមសេនីយ៍ត្រី យឹម ប៊ុនធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពត បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ការដោះដូរ​បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​កំពង់ត្រាច យកទៅ​ដាក់​នៅ​កន្លែង​ផ្សេង​នោះ គឺ​អនុវត្ត​តាម ស​ជណ ដែល​មាន​ចំណារ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​តម្រូវឲ្យ​ក្រសួង​ការពារ​ជាតិ​ជា​អ្នកអនុម័ត​លើ​គោលការណ៍​នោះ តែ​ការដោះដូរ​បន្ទាយ​ទាហាន​ចាស់​ខាងលើ មិន​មាន​ពាក់ព័ន្ធ​ជាមួយ​លោក​អភិបាល​ខេត្ត​កំពត​ឡើយ​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!