​លោក ជាវ តា​យ អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​និង​នាំយក​អំណោយ​ផ្ដល់ជូន​គ្រា​បន្ទាន់​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក ខេត្ត​កំពត​

កំពត ៖ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការជួយ​សម្រាល​ទុក្ខ​លំបាក​ខ្វះខាត​ក្នុង​គ្រា​បន្ទាន់​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួម​និង សហការី នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ខេត្ត​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​ក្នុង​គ្រា​បន្ទាន់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ប្រមាណ​៧០​គ្រួសារ មកពី​ភូមិ​ចំនួន​០៤​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ខេត្ត​កំពត​។

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ ក្នុង​នាម​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ ពី​សំណាក់ សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ ទាំងអស់ ដែល​ជានិច្ចកាល​សម្ដេច ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​បុព្វហេតុ​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះថ្នាក់​ដោយសារ​គ្រោះមហន្តរាយ​នានា​ដែល​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ដោយ​ជំហរ​អព្យាក្រិត  មិន​ប្រកាន់​និន្នាការ សាសនា ពូជសាសន៍ ពណ៌​សម្បុរ​ពោល​ទីណា​មាន​ជនរងគ្រោះ​ទីនោះ​តែង​មាន​កាកបាទក្រហម​កម្ពុជា​ជួយ​ជានិច្ច​។​

​លោក ជាវ តា​យ បាន​បញ្ជាក់ទៀតថា ទោះបី​អំណោយ​នាពេល​នេះ​មិន​បាន​ឆ្លើយតប​នឹង​តម្រូវការ​គ្រប់គ្រាន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ទាំងអស់​ក៏​ពិតមែន តែ​វា​ក៏​អាច​បាន​ជួយ​សម្រាល​ការខ្វះខាត​ក្នុង​គ្រា​បន្ទាន់​របស់​បងប្អូន​ដែល​កំពុង​ជួប​ការលំបាក បាន​មួយ​ចំនួន​ផងដែរ​។ ដូចនេះ​សូម​បងប្អូន​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ ជីវភាព​រស់នៅ​របស់​គ្រួសារ​ឲ្យបាន​ល្អ​ឡើង​វិញ​បន្តទៀត ពិសេស​ចំពោះ​បញ្ហា​អនាម័យ ពោល​គឺ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​ដើម្បី​បង្ការ​ជៀសវាង​ជំងឺ​រាតត្បាត​ផ្សេងៗ​ឬក៏​យកចិត្តទុកដាក់​ថែរក្សា​ចំពោះ​កូនចៅ​ជៀសវាង​ការ​បណ្ដែតបណ្ដោយ​ឲ្យ​លេង​ទឹក​ដែល​នាំឲ្យ​កើត​ឡើង​ជា​បញ្ហា​គ្រោះថ្នាក់​មើលមិនឃើញ​ឡើយ​។​

​ចំពោះ​អំណោយ​ដែល​បាន​ជួយឧបត្ថម្ភ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៧០​គ្រួសារ​នាពេលនោះ រួមមាន​៖  ប្រពល​រដ្ឋ​ក្នុង​០១​គ្រួសារ​ទទួលបាន​អង្ករ​១០​គី​ឡូ មី​១​កេះ​ទឹកស៉ីអ៉ីវ​០១​យួរ​និង ប្រាក់​៥​ម៉ឺន​រៀល ដើម្បី​ជា​ការជួយ​សម្រាល​ការលំបាក​ខ្វះខាត​ក្នុង​បន្ទាន់​ប៉ុណ្ណោះ​។​

​សូម​ជម្រាប​ដែរ​ថា​៖ ជំនន់​ទឹកភ្លៀង​នេះ​បន្ទាប់ ពី​មាន​ភ្លៀង​ធ្លាប់​ជាប់ៗ​គ្នា​ប្រមាណ​ជាង​១០​ថ្ងៃ​កន្លងមក​បើទោះបី​ខេត្តកំពត​មិន​បាន​ទទួល​រង​សម្ពាធ​ធ្ងន់ធ្ងរ​ក៏​ពិតមែនតែ​បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​បន្តិចបន្តួ​ចដល់​ហេដ្ឋារចនាសម្ព័ន្ធ​រួម​និង​លំនៅដ្ឋាន ដំណាំ​កសិកម្ម និង​សត្វ​ចិញ្ចឹម​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​និង​ស្រុក​ចំនួន​៤​ផងដែរ ក្នុងនោះ​មាន​ក្រុង​កំពត ស្រុក​ទឹកឈូ ស្រុក​ជុំ​គិរី និង​ស្រុក​ឈូក​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!