អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រារព្ធ​ពិធី​ប្រគល់​សេចក្តីសម្រេច​តែងតាំង​មុខងារ និង​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នាយទាហាន នាយទាហានរង ជា​លើក​ទី​៤ ក្នុង​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ ទឹកចិត្ត​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​៣៧១​នាក់ បាន​ផុលផុស​នូវ​ភាព សប្បាយរីករាយ ពេញចិត្ត​គ្រប់គ្នា ពេញ​មួយ​ថ្ងៃ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ព្រោះតែ​ពួកគាត់ បាន​សំណូមពរ សុំឲ្យ​បាន​ថតរូប​អនុស្សាវរីយ៍ គ្រប់ៗ​គ្នា​ជាមួយ​លោក​មេបញ្ជាការ​ផ្ទាល់ គឺ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ពេល​ពួកគាត់ ទទួល​បាន​ការ តែងតាំង​មុខងារ និង ដំឡើង​ឋានន្តរសក្តិ​។ នេះ​គឺជា​លើក​ទី​៤​ហើយ ក្នុង​ឆ្នាំ​២០១៨ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ដោយផ្ទាល់ ក្នុង​ការប្រគល់​សេចក្តីសម្រេច​តែងតាំង​មុខងារ និង​បំពាក់​ឋានន្តរស័ក្តិ ជូន​ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ចំណាយ​ពេល​ថតរូប ជាមួយ​ពួក​គាត់​ម្តងម្នាក់ៗ រហូត​ទាល់តែ​បាន​គ្រប់​គ្នា​តាម​សំណូមពរ បន្ទាប់ពី​បាន​បំពាក់​ជូន បី​លើក​រួច​មក កាលពី ថ្ងៃទី​០៧, ទី​១០ ខែ​មេសា និង ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ សរុប​កើនឡើង​ដល់​ទៅ​៨៤០​នាក់ និង​នៅ​មាន​បំពាក់​ជូន​ជា​បន្តបន្ទាប់​ទៀត​។ អ្វី​ដែល​ប្លែក​ជាងគេ​គឺ សមាជិក​វរ​អន្តរាគមន​ន៍​លេខ​១ នៃ​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃុន ឌី​ម៉ា ដែល​ជា​កីឡាករ​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ​ជម្រើស​ជាតិ និង​ជា​ម្ចាស់​មេដាយមាស ស៊ី​ហ្គេម​ឆ្នាំ​២០១៧​ផង​នោះ ត្រូវបាន​ថ្នាក់ដឹកនាំ ដំឡើង​ឋានន្តរសក្តិ​ជា​បន្តបន្ទាប់ ផ្ទួនៗ​គ្នា​ផង​ដែរ​។​

​ថ្លែង​ក្នុង​ពិធី​នា​ថ្ងៃនេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថា ដោយមាន ការដឹកនាំ ប្រកប​ដោយ​ភាពប៉ិនប្រសព្វ​ឈ្លាសវៃ និង​ការយកចិត្តទុកដាក់​ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស ព្រមទាំង ការប្រឹងប្រែង​របស់​បង​ប្អូន​កន្លងមក ក្នុង​ការហ្វឹកហ្វឺន រៀនសូត្រ និង​ការអនុវត្តន៍​ការងារ ទទួលបាន​ជោគជ័យ​និង​ស្នាដៃ​ជាច្រើន ទើប​ថ្នាក់ដឹកនាំ បាន​សម្រេច​ប្រគល់​ភារកិច្ច​ថ្មី​និង​ដំឡើង ឋានន្តរសក្តិ ជូន​ដល់​បងប្អូន​ជា​បន្តបន្ទាប់​។​

​ដូច្នេះ​សូម​បងប្អូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​យើង​ទាំងអស់ ត្រូវ​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ដើរ​តាម​មាគ៌ា​ដឹកនាំ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ក្នុង​បុព្វហេតុ​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​បំពេញ​ការងារ​ទៅតាម​ច្បាប់​វិន័យ​កងទ័ព គោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ព្រមទាំង​មាន សីលធម៌ សុជីវធម៌ ល្អ​ជា​ប្រចាំ ធ្វើខ្លួន​ជា​អ្នកបំរើ​រាស្ត្រ​គ្រប់ពេលវេលា និង​ត្រូវ​ប្តូរផ្តាច់ ថែរក្សា ការពារ សន្តិភាព សុវត្ថិភាព និង​ការអភិវឌ្ឍន៍ ដែល​ប្រទេសជាតិ​យើង កំពុង​មាន​សព្វថ្ងៃ ឲ្យនៅ គង់វង្ស​រីកចម្រើន ត​ទៅ​មុខ​ជា​និរន្តរ៍ ជាពិសេស ត្រូវ​លើក​កំពស់​ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញា​ការពារ នូវ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នៅ​គ្រប់​កាលៈទេសៈ មិនឲ្យ​មាន បដិវត្ត​ពណ៌ កើតឡើង​ជា​ដាច់ខាត​។​

ជា​ចុងបញ្ចប់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ក្រើនរំលឹក​ដល់ អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់ រួមជាមួយ បងប្អូន ក្រុមគ្រួសារ​សាច់​ញាត ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួចហើយ សូម​បំពេញ​កាតាព្វកិច្ច​របស់​ខ្លួន​ជា​ប្រជាពលរដ្ឋ ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យបាន​គ្រប់ៗ​គ្នា​កុំបី​ខាន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!