រថយន្ត​ពីរ​គ្រឿង​នេះ​បុក​គ្នា​ហើយ​ជិះ​ពី​គ្នា​គ្នា​ទៀត ប៉ុន្តែ​ហេតុការណ៍​នេះ​ពុំ​បាន​បង្ក​ឲ្យមាន​អ្នករងគ្រោះ​ឡើយ​

(​កំពត​)៖ រថយន្ត​ពីរ​គ្រឿង​ដែល​បើកបរ​ស្របគ្នា​ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ស្រាប់តែ​រថយន្ត​ខាងមុខ​បត់​ស្តាំ​មិន​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​រថយន្ត​ខ្នាត​ធំ​ប្រភេទ​បែន​ដឹក​ដី​បុក​ពីក្រោយ​បណ្តាល​ឲ្យ​វិល​ក្បាល​ត្រឡប់ក្រោយ ហើយ​ផ្អៀង​ពាក់​ពីលើ​គ្នា​នៅលើ​ទ្រូងផ្លូវ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​ភ័យ​ស្លន់ស្លោ​ស្ទើ​ព្រលឹងចុងសក់​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៨​ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​ព្រៃ​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ គេ​ឃើញ​រថយន្ត​ម៉ាក​ហីុយ៉ាន់ដាយ​ពណ៌​សផ្ទុក​ដោយទំនិញ​ចាប់ហួ​យមាន​ឃ្លុប​បិទ​ជិត​បើកបរ​មក​ពី​លិច​ទៅ​កើត​ហើយ​បាន​ឈប់​ចត​ដាក់​ទំនិញ​ចាប់ហួយ​ឲ្យ​ម៉ូយ នៅ​ចំណុច​តូប​ក្បែរ​ចិញ្ចម​ផ្លូវ លុះ​បន្តិច​ក្រោយមក​រថយន្ត​ដឹក​ទំនិញ​ខាងលើ ក៏​បើក​សន្សឹមៗ​ឡើង​ខាងស្តាំ​វិញ​បំណង​ឆ្ពោះ​ទៅ​ខាងកើត លុះ​បត់​បាន​បន្តិច ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​បោះពួយ​មក​ពី​ក្រោយ ហើយ​គេច​មិន​ទាន់​ទើប​ជ្រុល​ទៅ​បុក​ចំ​ទ្រុង​រថយន្ត​ដឹក​ទំនិញ​ផ្នែក​ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្តផ្ទុក​ទំនិញ​ចាប់ហួយ​នោះ​បត់​ក្បាល​ត្រឡប់ក្រោយ ហើយ​គៀប​ជាប់​គ្នា​ផ្អៀង​ចង់​ក្រឡាប់​ទៅហើយ តែ​បាន​តែ​កុង​រថយន្ត​ដឹក​ដី​ជាន់​ហ្វ្រាំង​ជាប់​ភ្លាមៗ​ផងដែរ​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​ខាងលើ ប៉ូលិស​ចរាចរណ៍​ស្រុក​ទឹកឈូ​បានឲ្យដឹងថា នេះ​ជា​ហេតុការណ៍​កើតឡើង​ដោយសារតែ​ភាគី​ម្ចាស់​រថយន្ត​ទាំងសងខាង​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​ខណៈ​នោះ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​ធ្វើឲ្យ​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្រឿង​មើលផ្លូវ​មិនសូវ​ច្បាស់​ទើប​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​កើតឡើង​បែបនេះ ហើយ​នេះ​ក៏​ចាត់ទុកជា​សំណាង​មួយ​ទៅ​ចុះ ព្រោះ​មិន​បាន​បណ្តាលឲ្យ​មាន​អ្នកណា​រងគ្រោះ​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។​ប៉ូលិស​បាន​បញ្ជាក់ទៀតថា រថយន្ត​ដឹកទំនិញ​ម៉ាក​ហីុយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ កំពត 3A-0819 បើកបរ​ដោយ​ឈ្មោះ ទឹង តាល់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្ស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ចំណែក​រថយន្ត​ដឹក​ដី​ខ្នាត​ធំ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5508 អ្នកបើកបរ​ឈ្មោះ ឈាន រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​មាន​រិទ្ធិ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ភាគី​ម្ចាស់​រថយន្ត​ទាំងសងខាង កំពុង​ធ្វើ​ការដោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ​តែ​ម្តង ដើម្បី​យក​រថយន្ត​ទៅ​ធ្វើ​ការជួសជុល​វិញ​រៀងៗ​ខ្លួន ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!