គយ​ច្រក​ព្រុំ​រង​ការរិះគន់​រឿង​ទំនិញគេចពន្ធ​ខុសច្បាប់ដឹក​ចូល​យ៉ាង​អនាធិបតេយ្យ​

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុម​ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​បាន​កាត់​ត​ទៅ​ជា​រថយន្ត​កាប់សាច់​ដឹក​តាម​កុងតឺន័រ​ក៏ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ និង​ទំនិញ​ចាប់ហួយ​ជាដើម​ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ព្រុំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិច​ជាង​៣០០​គ្រឿង​ឡើយ​ក្នុង​មួយ​ខែៗ ប៉ុន្តែ​ត្រូវបាន​សង្ស័យថា ទំនិញ​ទាំងនោះ​គឺ​ឈ្មួញ​នាំចូល​បង់ពន្ធ​ប្រមាណ​៥០%​ប៉ុណ្ណោះ ។ ក្រៅពី​នោះ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ដើម្បី​បង់​លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង ។ ខណ​ដែល​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ក្រុម​ឈ្មួញ​មន្ត្រី​គយ​តែងតែ​ឃុបឃិត​គ្នា លួច​ចំណូល​រដ្ឋ​មក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ រាប់​ឆ្នាំ​មកហើយ ។​

​ប្រជាពលរដ្ឋ​រួម​ទាំង​អាជីវករ បាន​ធ្វើ​ការរិះគន់ ចំពោះ​មន្ត្រី​គយ​ប្រចាំការ​អន្តរជាតិ​ព្រុំ ខេត្ត​ប៉ៃលិន ដែល​ឃុបឃិត​ឲ្យ​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អន្តរជាតិ​មួយ​នេះ​យ៉ាង​អនាធិបតេយ្យ ខណ​ដែល​មន្ត្រី​គយ​អង្គុយ​ប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត ។​

​ប្រភព​បាន​បញ្ជាក់ថា មាន​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់​បាន​រកស៊ី​នាំ​ទំនិញ​ខាងលើ​ពី​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ​មកហើយ ដឹក​តាម​រថយន្ត​កុងតឺន័រ និង​រថយន្ត​យី​ឌុប ដោយ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ពុករលួយ​ក្លែង​ប្រភេទ​មុខទំនិញ​ពី​ទំនិញ​ថ្លៃ​មក​ជា​ប្រភេទ​ទំនិញ​ចម្រុះ ពី​រថយន្ត​ស៊េរី​ទំនើបៗ​គាត់​ត​ឲ្យទៅ​ជា​រថយន្ត​កាប់សាច់ (​រថយន្ត​ជជុះ​) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។

​ល្បិច​បំភ័ន្ត​ភ្នែក​បែប​នេះ​បាន​កើតឡើង​តាំងពី​ជំនាន់​មេ​គយ​មុនៗ​មកម្ល៉េះ​ធ្វើឲ្យ​ចំណូល​ពន្ធគយ​មាន​ការបាត់​បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ឬ​មួយ​ឆ្នាំៗ ហើយ​រដ្ឋ​គឺជា​អ្នកខាតបង់ រីឯ​មន្ត្រី​គយ​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​អ្នកមាន​បាន​។​

​ប្រជា​ពលរដ្ឋ​នឹង​ក្រុម​ឈ្មួញ​បាន​លើកឡើង​ថា លោក ទី ប៊ុន​ឡេង អនុប្រធាន​ស្តីទី​ក្តោប​ក្តាប់​ការងារ​រួម​នៃ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រុំ និង​លោក សំ សុ​វណ្ណា​រី​ទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ទំនងជា​នាំ​គ្នា​បន្ត​អនុវត្តន៍​នូវ​វប្បធម៌​ពុករលួយ​តាម​រយៈ​ការប្រើ​ជំនាញ​របស់​ខ្លួន​ក្នុងការ​គៃបន្លំ​យក​ថវិកា​របស់​ជាតិ​មក​ចែក​គ្នា​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ចាញ់​មេ​គយ​ជំនាន់​មុនៗ​នោះទេ ទើប​មិន​ហ៊ាន​បង្ក្រាប​យក​ស្នាដៃ​បែបនេះ ។​

​សារ​ព័ត​មាន​យើង​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គយ​ទាំង​ពីរ​រូប​ខាងលើ​បាន​នៅឡើយ​ទេ ខ​ណះ​ដែល​សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ​ចូល​នៅ​តែ​ត្រូវ​គេ​មើលឃើញ​ថា ក្រុម​ឈ្មួញ​បាន​នឹង​កំពុង​នាំ​ចូល​យ៉ាង​គគ្រឹគគគ្រេង ដោយ​ពុំ​មាន​ការបង្ក្រាប​នោះឡើយ​៕

 

Filed in: ខេត្តប៉ៃលិន, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!