ភាពអនាធិបតេយ្យ​នៅ​ចំណុច​ផ្សារ​ស្រុក​កំពង់ត្រាច កើតឡើង​ពេញបន្ទុក ចំណែក​អ្នក​គ្រប់គ្រង​ផ្សារ​បែរជា​មិន​ខ្វាយខ្វល់​

(​កំពត​)៖ អាជីវករ​និង​ពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​និង​កំពុង​នាំ​គ្នា​រិះគន់​អ្នកគ្រប់គ្រង​ផ្សារ​ក្នុង​តំបន់​ខាងលើ ហាក់​គ្មាន​ទំនូល​ខុសត្រូវ​ផ្នែកអនាម័យ ពិសេស​កាក​សំណល់​រាវ​រឹង​ត្រូវបាន​គេ​យកមក​ប្រមូល​ទុកជា​គំនរ​យូរថ្ងៃ​ទើប​ប្រមូល​យក​ទៅ​បោះចោល ដែល​បាន​បំពុលបរិស្ថាន​និង​បញ្ចេញ​ក្លិនស្អុយ​សាយភាយ​ប៉ះពាល់​ដល់​សុខភាព​ផងដែរ​។​

​អាជីវករ​ក្នុង​ផ្សារ​កំពង់ត្រាច​បាន​និយាយថា បរិវេណ​ផ្សារ​ស្រុក​កំពង់ត្រាច ទាំង​ក្នុង​ទាំង​ក្រៅ​ពិតជា​មាន​ភាព​អាប់អួរ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ ពោល​គឺ​ចាប់តាំងពី​អ្នកគ្រប់គ្រង​មុន រហូតដល់​អ្នក​គ្រប់គ្រង​បច្ចុប្បន្ន ហើយ ដោយ​ទីតាំង​ផ្សារ​ខាងលើ​បើ​យើង​សង្កេតមើល​ទិដ្ឋភាព​នៅ​ក្រៅ​បរិវេណ​ផ្សារ​ពោរពេញ​ដោយ​ភក់ជ្រាំ គ្មាន​សណ្តាប់ធ្នាប់ ដូចជា​នៅ​តាម​ផ្លូវ​ចេញចូល​នៃ​បរិវេណ​ផ្សារ​មាន​សភាព​ចង្អៀត ដោយ​ចំណុច​នោះ​ក្រៅពី​មាន​លំនៅឋាន​របស់​ពលរដ្ឋ ក៏​ក្លាយជា​កន្លែង​លក់ដូរ​និង​ផ្ញើ​យានជំនិះ​យ៉ាង​អនាធិបតេយ្យ​និង​មាន​សំរាម​គរ​ដូច​ភ្នំ​ទៀតផង​។​ដោយឡែក បើ​ក្រលេក​មើល​នៅមុខ​ផ្សារ​កំពង់ត្រាច​(​ចំណុច​ផ្លូវ​ជាតិ​លេខ​៣៣)​គឺ​កាន់តែ​មាន​ភាពអនាធិបតេយ្យ គ្មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​នោះទេ ដោយសារ​តែ​ក្រុម​អ្នករត់​តា​ក់សី​ុ​យក​ទី​នេះ​ជា​ចំណតរថយន្ត សម្រាប់​ចាប់​ដណ្តើម​ម៉ូយ​គ្នា​យ៉ាង​ប្រសេកប្រសាច​ពេញ​ទ្រូងផ្លូវ ដែល​ធ្វើឲ្យមាន​ការកកស្ទះ​ចរាចរ​ជា​ញឹកញាប់​។​ចំណែក​អ្នក​គ្រប់គ្រង​ផ្សារ​និង​ផ្នែក​ភាសី​ុ​ចំណត​រថយន្ត​ចាំ​តែរាប់​ក្បាល​ឡាន​យកលុយ​ដោយ​គ្មាន​គិតពី​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ឡើយ​។​

ជាមួយ​នេះ​បើ​ក្រលេក​មើល​ក្នុង​ផ្សារ​វិញ​រិត​តែ​ពិបាក​មើល​និង​ពិបាក​ទ្រាំ​ក្លិន​ចំហាយ​សាយភាយ​ដោយសារ​កាកសំណល់​គ្រប់​ប្រភេទ​ត្រូវ​គេ​យក​ផ្អាប់​ទុក​នៅ​ទីនោះ​រយៈពេល​យូរ​ទើប​ប្រមូក​ចេញ​។​គេ​បាន​បង្ហើប​ទៀតថា ផ្សារ​ស្រុក​កំពង់ត្រាច​បច្ចុប្បន្ន​គឺ​គ្រប់គ្រង​ដោយ​លោក ប៉ែន សេង ប៉ុន្តែ​ប្រធាន​ផ្សារ​រូបនោះ បាន​ឲ្យ​លោក ហាម បាវ គ្រប់គ្រង​ជំនួស​រាប់​ឆ្នាំ​មកហើយៗ​ក្នុងអំឡុង​ដែល​លោក​ហាម បាវ គ្រប់គ្រង​បន្ត​រហូត​មក​បច្ចុប្បន្ន ហាក់​គ្មាន​ភាព​រីកចម្រើន​អី្វ​បន្តិ​ចឡើយ ហើយ​គេ​ចេះ​តែ​លេច​ឮ​ពាក្យរិះគន់​មិន​ឈប់​ឈរ​ពី​ពលរដ្ឋ និង​ក្រុមអាជីវករ​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ផ្សារ ដោយសារតែ​លោក ហាម បាវ មិនសូវ​ខ្វាយខ្វល់​ពី​កត្តា​អនាម័យ​នៅក្នុង​ផ្សារ​កំពង់ត្រាច​ឡើយ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ផ្សារ​និង​ភាសី​ុ​ខាងលើ​គិត​តែ​ប្រមូល​លុយ​ភាសី​ុ​មិន​ដែល​អត់ឱន​ដល់​អាជីវករ​ណា​ម្នាក់​នោះទេ សូម្បី​អ្នកលក់​បន្លែ​តាម​កញ្ច្រែង​កំបិុកកំប៉ុក​ក៏​លោក ហាម បាវ មិន​ដែល​លើកលែង​ដែរ​។​

​ជាមួយគ្នានេះ មហាជន ព្រមទាំង​អាជីវករ​ក្នុង​ផ្សារ​កំពង់ត្រាច បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក ជួយ​រក​វិធានការ​និង​ជំរុញ​ដល់​អ្នកគ្រប់គ្រង​ផ្សារ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ​ជាង​នេះ​ផង ពិសេស​សំរាម​និង​កាក​សំណល់ គួរ​ចាត់ចែង​បែបណា​?​។​

​ទាក់ទិន​នឹង​ករណី​ដូចខាងលើ នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែកក្កដា ឆ្នាំ​២០១៨​នេះ កម្ពុជា​ថ្មី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហាម បាវ អ្នកគ្រប់គ្រង​ផ្សារ​កំពង់ត្រាច​បាន​ទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ប្រធាន​ទំនាក់ទំនង​មិនបាន​។​

​ពាក់ព័ន្ធ​នឹង​រឿង​ដដែល កម្ពុជា​ថ្មី បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច សុំ​ការបំភ្លឺ​ដែរ ប៉ុន្តែ​លោក​ថា​ជាប់រវល់​ប្រជុំ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!