​លោក ជាវ តា​យ ជួបប្រជុំ​ជាមួយ​មន្ទីរ​ជំនាញ​និង​សហគមន៍​អ្នក​ផលិត​ខេត្តកំពត​-​កែប​ដើម្បី​រក​ដំណោះស្រាយ​ជា​មធ្យោបាយ​នៃ​ការផលិត​និង​ការផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​អំបិល​ក្នុងប្រទេស​

(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ១២​ខែកក្កដា ឆ្នាំ​២០១៨​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ​មន្ត្រី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​និង​ហ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប ដើម្បី​ពិភាក្សា​ជាបន្ទាន់ ក្នុង​គោលបំណង​រិះរក​មធ្យោបាយ​បច្ចេកទេស​នៃ​ការផលិត​អំបិល​សម្រាប់​ជា​ការឆ្លើយតប​តម្រូវកា​រ​ប្រើប្រាស់​ក្នុង​ប្រទេស​ឲ្យបាន​គ្រប់គ្រាន់​តាម​សេចក្ដីត្រូវ​ការ​នាពេលខាងមុខ​។​

​លោក ជាវ តា​យ​បានបញ្ជាក់​ថា​៖ អំបិល​គឺជា​ផលិតផល​មួយ មាន​ការផលិត​តែ​នៅក្នុង​ខេត្ត​កំពត​និង​ខេត្ត​កែប​នៃ​ប្រទេស​កម្ពុជា​យើង​ប៉ុណ្ណោះ ហើយ​អំបិល​ក៏​បាន​បម្រើ​នូវ​ប្រយោជន៍​សំខាន់​ច្រើនយ៉ាង​នៃ​សេចក្ដីត្រូវការ​របស់​ម​នុស្ស ទាំង​ជីវភាព​ប្រចាំថ្ងៃ ក៏​ដូច​វិស័យ​ឧស្សាហកម្ម សិប្បកម្ម និង​កសិកម្ម​ផងដែរ​។ ក៏​ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​យើង​ការផលិត​អំបិល​បច្ចុប្បន្ននេះ​ផ្អែក​ទៅតាម​លក្ខណៈ​ធម្មជាតិ​ផ្ដេកផ្ដួល​ទៅតាម​រដូវ​កាល​និង​អាកាសធាតុ​អំណោយផល​ដែល​ធ្វើឲ្យ​ការផលិត​ទទួលទិន្ន​ផល​មិន​ទៀងទាត់​។​

​ជាក់ស្ដែង ការផលិត​អំបិល​ឆ្នាំ​២០១៨​នេះ​មិន​បាន​ទទួល​លទ្ធផល​ល្អ​ឡើយ​ដោយ​មូលហេតុ​អាកាសធាតុ​មិន​អំណោយផល​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​រដូវ​នៃ​ការផលិត​។​លោក​ថា​៖​ដោយ​មើលឃើញ​ពី​ហេតុផល​ទាំងនេះ សម្រាប់​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​កើតឡើង​ពី​បញ្ហា​ការផ្គត់ផ្គង់​សេចក្ដីត្រូវការ​អំបិល​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុងប្រទេស​ក៏ដូចជា​ការនាំចេញ​ផងដែរ​សម្រាប់​នៅពេល​ខាងមុខ​។

​ដូច្នេះ​ការជួប​ប្រជុំ​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​រួម​គ្នា ពិភាក្សា​រក​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​ផលិត​អំបិល​ឲ្យទទួល​បាន​ទាំង​គុណភាព​និង​បរិមាណ សំដៅ​ឆ្លើយតប​ឲ្យបាន​ទៅ​នឹង​តម្រូវការ​ផ្គត់ផ្គង់​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​ក្នុងប្រទេស​ក៏ដូចជា​ការនាំចេញ​ផងដែរ​។​ជាមួយ​នេះ​យើង​មិន​អាច​ផ្ដេកផ្ដួល​តែ​លើ​កត្តា​ធម្មជាតិ​អំណោយផល​តែមួយ​មុខ​ប៉ុណ្ណោះ​បាន​ទេ បើ​នៅ​តែ​ផ្ដេកផ្ដួល​យ៉ាងនេះ​នៅ​ពេល​ខាង​មុខ​គឺ​យើង​នៅតែ​ជួប​បញ្ហា​ប្រឈម​ខ្វះខាត​អំបិល​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រើប្រាស់​ដដែល​ដូចដែល​យើង​កំពុង​បារម្ភ​ដូច​សព្វថ្ងៃនេះ​។

​លោក​អភិបាលខេត្ត​ក៏​បាន​ដាក់​នូវ​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​ព្រមទាំង​សមាជិក​សហគមន៍​អ្នក​ផលិត​អំបិល​ក៏​ដូច​មន្ទីរជំនាញ នូវ​អ្វី​មាន​ហានិភ័យ អ្វី​ដែល​មាន​បញ្ហា​ប្រឈម​ត្រូវ​រួមគ្នា​ធ្វើ ដោះស្រាយ​និង​ទទួលខុសត្រូវ​។​ពិសេស​នៅ​ចំពោះ​មុខ​នេះ​យើង​ត្រូវ​រួម​គ្នា​ពិភាក្សា ពិនិត្យមើល​ថា​តើ​ធ្វើ​ដូចម្ដេច​ជម្រើស​មួយ​ណា​ល្អ ក្នុង​ការរក​យុទ្ធវិធី តាម​លក្ខណៈ​បច្ចេកទេស​និង​បទពិសោធន៍​ទាន់សម័យ ដើម្បី​ផលិត​អំបិល​បាន​ប្រើប្រាស់​គ្រប់គ្រាន់​និង​មិន​មាន​កើត​ហានិភ័យ​នៅ​ចំពោះមុខ​ដោយ​យើង​មិន​ត្រូវ​ផ្ដេកផ្ដួល​តែ​លើ​កត្តា​អាកាសធាតុ​អំណោយផល​នោះទេ​។

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​សហគមន៍​ក៏​ដូច​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម មានការ​ប្រុងប្រយ័ត្ន​ទប់ស្កាត់​ថែរក្សា​ផ្ទែដី​សម្រាប់​ផលិត​អំបិ​លទាំង​បរិមាណ​ផ្ទៃដី​និង​តួលេខ​ឲ្យនៅ​ដដែល​និង​សំណូមពរ​ដល់​អ្នក​មាន​ស្រែ​ផលិត​អំបិល​ត្រូវ​ផលិត​ឲ្យអស់​លទ្ធភាព​ដែល​មាន សូម​កុំ​ផ្ដេកផ្ដួល​រង​ចាំតែ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​នៅក្នុង​ដំណាក់កាល​នេះ​។​ចំពោះ​បញ្ហា​ការ​សំណើ​របស់​សហគមន៍​អ្នក​ផលិត​អំបិល ស្ដីពី​ការសុំ​នាំចូល​អំបិល​មក​ផ្គត់ផ្គង់​ចែកចាយ​ក្នុង​ប្រទេស​ដោយ​រួច​ពន្ធ​នៅ​ដំណាក់កាល​នេះ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​សហគមន៍​និង​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម ត្រូវ​ធ្វើ​ឯកសារ ពាក់ព័ន្ធ​ទៅ​រាជរដ្ឋាភិបាល​ឲ្យបាន​ឆាប់​និង ដោយ​ផ្អែក​ការណែនាំ​ពី​ស្ដង់ដារ​ផលិតផល​អំបិល​របស់​ក្រសួង​ពាក់ព័ន្ធ​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖ ផ្អែកលើ​របាយការណ៍រ​បស់​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប​ការផលិត​អំបិល​ក្នុង​រយៈ​៤​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៧​បាន​ទទួល​បរិមាណ​អំបិល​នៅ​ចន្លោះ​ពី​ជាង​១៤​ម៉ឺន​តោន​ដល់​ជាង​១៧​ម៉ឺន​តោន តែ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ការផលិត​ធ្លាក់​ចុះ​ដោយសារ​កត្តា​អាកាសធាតុ គឺ​ភ្លៀង​ធ្លាក់​ពេញ​មួយ​រដូវ​ផលិត​។​ហើយ​បច្ចុប្បន្ន​អំបិល​នៅសល់​ក្នុង​ឃ្លាំង​មាន​ប្រមាណ​២​ម៉ឺន​តោន​ប៉ុណ្ណោះ បើ​ប្រៀបធៀប​លក់​បណ្ដា​ឆ្នាំមុនៗ​អាច​ខ្វះ​អំបិល​ចន្លោះ​ពី​៣​ម៉ឺន​តោន​ទៅ​៥​ម៉ឺន​តោន ដែល​កត្តា​ទាំង​នេះ​ធ្វើឲ្យ​ទាំង​អាជ្ញាធរខេត្ត​ក៏​ដូច​មន្ទីរ​ជំនាញ​និង​សហគមន៍​អ្នក​ផលិត​អំបិល​ត្រូវបាន​និង​កំពុង​គិតគូរ​រក​ដំណោះស្រាយ​នៅ​ចំពោះមុខ​នេះ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!