លោក ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌ​ដង្កោ ត្រូវបាន​តែងតាំង​ជា អភិបាល​ខណ្ឌ​ច្បារអំពៅ ជំនួស​លោក អ៊ាង ស៊ីផា​ន ដែល​បាន​ផ្ទេរ​ភារកិច្ច​ទៅ​នៅ​សាលា​រាជធានី​ភ្នំពេញ​!!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ កក្កដា​នេះ​នៅ​សាលាខណ្ឌ​ច្បារអំពៅ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណង​ជា​ផ្លូវការ​ដោយ លោក​ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌ​ដង្កោ ត្រូវបាន​តែងតាំង​ជា​អភិបាល​ខណ្ឌ​ច្បារអំពៅ​ជំនួស​លោក​អ៊ាង ស៊ីផា​ន ដែល​បាន​ផ្ទេរ​ភារកិច្ច​ទៅ​នៅ​សាលា​រាជធានី​ភ្នំពេញ ពិធី​នេះ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ​សាលា​រាជធានី អភិបាល​ខណ្ឌ​ទាំង​១២ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

​លោក​ចេង មុនី​រ៉ា ពេល​នៅ​បំពេញ​ការងារ​ជា​អភិបាលរង​ខណ្ឌ​ដង្កោ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ថ្នាក់លើ​មើលឃើញថា ជា​មន្ត្រី​ឆ្នើម​មួយរូប មាន​ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ ហើយ​អ្វី​ដែល​សំខាន់​មួយ​បែប​ទៀត​នោះ លោក​ចេង មុនី​រ៉ា ជា​មន្ត្រី​ដែល​ស្រលាញ់​ប្រជាពលរដ្ឋ ចុះ​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ជា​និច្ច ដោយ​មិន​ថា​ថ្ងៃ​ឬ​យប់​ឡើយ​។​
​ដោយ​មើលឃើញ​ពី​គុណសម្បត្តិ​ដ៏​ល្អ​បែបនេះ ហើយ​ទើប​រាជរដ្ឋាភិបាល​បាន​មើលឃើញ​រហូត​តែងតាំង​ជា​អភិបាល​ខណ្ឌ​ច្បារអំពៅ​នាពេលនេះ ។​

​យោងតាម​អនុក្រឹត្យ ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០១៧ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច មាត្រា​១ ផ្ទេរ​ភារកិច្ច​លោក​អ៊ាង ស៊ីផា​ន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារអំពៅ ឲ្យមក​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ។ មាត្រា​២ តែងតាំង​លោក ចេង មុនី​រ៉ា ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕
​លោក ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!