​អភិបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ទាំង​១២​ខណ្ឌ ដាក់ចេញ​ជា​វិធានការ​ថ្មីៗ​ទៀត លើ​ការពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

(​ភ្នំពេញ​)៖ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ដើម្បី​ដាក់ចេញ​ជា​វិធានការ ថ្មីៗ​ទៀត លើ​ការពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​គឺ​ការពង្រឹង​លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​បាន​នឹង​កំពុង​ប្រព្រឹត្តទៅ​នេះ នា​ប៉ុន្មាន​ថ្ងៃនេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការបើក​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​កិច្ចការពារ​សន្តិសុខ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពោល​ក្នុងអំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ ហើយ​កិច្ចការងារ​នេះ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ឲ្យបាន​ល្អ​ថែមទៀត សំដៅ​ធ្វើ​យ៉ាងណា​បង្ក​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បន្តថា ការ​ទ​ទូល​បាន​នូវ​ភាព​ល្អប្រសើរ​នេះ វា​មិនមែន​បាន​មក​ដោយ​ស្រួលៗ​នោះទេ គឺ​ពិតជា​បានមក​ពី​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​ទាំងអស់​រួមគ្នា​ធ្វើ ទាំង​ថ្ងៃ​ទាំង​យប់​។​
​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​អភិបាល​រាជធានី ក៏​នូវបាន​ណែនាំ​ឲ្យ​អាជ្ញាធ​រទាំង​១២​ខណ្ឌ កម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ភេទ បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ការពារ និង​ទប់​ស្តាត់​ឲ្យបាន​នូវ​អំពើ​លួច ឆក់​ប្លន់ គាស់​ផ្ទះ​ជាដើម​។​

​សម្រាប់​អាជ្ញាធ​រទាំង​១២​ខណ្ឌ ត្រូវ​បង្កើត​ក្រុមការងារ​មួយ ដោយ​ចែកចេញជា​វេណ​ប្រចាំការ​ទាំងយប់ និង​ថ្ងៃ​បន្ថែម​លើ​ការងារ​ដែល​មាន​ស្រាប់ ហើយ​បើ​មាន​បញ្ហា​អ្វី ឬ​គ្មាន​បញ្ហា​អ្វី​ក៏ដោយ ត្រូវ​រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ រាល់​ម៉ោង​៤​ល្ងាច​រាល់ថ្ងៃ ពោល​គឺ​ក្រុមការងារ​នេះ ត្រូវអនុវត្ត​ការងារ​រហូតដល់​ការបោះឆ្នោត​បាន​បញ្ចប់​ជា​ស្ថាពរ​។​

​ជាមួយគ្នានេះ លោក​អភិបាល បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១២ ត្រូវ​ធ្វើ​សេចក្តី​រាយ​ការ​មក​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៤​រសៀល​ជា​រៀងរាល់ថ្ងៃ​។ ក្នុងនោះ​លោក​បាន​លើកទឹកចិត្ត​ដល់​កម្លាំង​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ ក៏ដូចជា​អាជ្ញាធរ​ដែនដី ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ថែមទៀត ដោយ​មិន​ត្រូវ​ភ្លេចខ្លួន​ឡើយ ទាំង​ក្នុង​យុទ្ធនាការ​ឃោសនា ពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ដោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវដាក់​វេណ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​សូមបញ្ជាក់​ថា ពេល​នេះ​ដំណើរការ នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត កំពុងតែ​ដំណើរការ​ដែល​មាន​គណ​បក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​នៅ គ​.​ជ​.​ប ដែល​យុទ្ធនាការ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ​៕
​លោក រុន សា​រេ​ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!