ស្តង់​ពោត​មួយ​កន្លែង​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ហុយ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​លំបាក​ក្នុង​ការរស់នៅ​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្តង់​ពោត និង​ដំឡូង​មី​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភ្នំ​ដោះ​ក្រមុំ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ត្អូញត្អែរថា សព្វថ្ងៃនេះ ពួកគាត់​ពិតជា​ទ្រាំ​រស់នៅ​ទាំង​ក្តី​លំបាក​វេទនា អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ ឱ្យតែ​ដល់​រដូវ​ប្រមូល​ផល​ម្តងៗ ខណ​:​ពេល​ដែល​ឈ្មួញ ធ្វើការ​កិន​ពោត ឬ​ដំឡូង​មី​ម្តងៗ បណ្តាល​ឱ្យ​ហុយ​កំទេច ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួកគាត់ ធ្វើឱ្យ​លំបាក​ក្នុង​ការដកដង្ហើម ការ​ហូប​អាហារ និង​បង្ក​ទៅ​ជា​ជម្ងឺ​រោគារ​ផ្សេងៗ ដូចជា​ផ្តាសាយ រលាក​បំពង់ក ជា​ពិសេស​កុមារ​តូចៗ តែម្តង ។

ពួក​គាត់​ធ្លាប់​ប្តឹង​ទៅ​ខាង​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ចុះទៅពិនិត្យ​កែតម្រូវ​ដែរ ស្រាប់តែ​ក្រោយមក​ខាង​ឈ្មួញ​នៅ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ដដែល និង​កាន់តែ​លើស​ដើម ដោយ​មិន​ខ្លាចញញើត​នឹង​ច្បាប់​នោះឡើយ ។

​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ប៊ុន អឿន អាយុ​៦១​ឆ្នាំ បាន​រៀបរាប់​កាលពី​រសៀល​ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ពួកគាត់​ពិតជា​លំបាក​ក្នុង​ការរស់នៅ​យ៉ាង​ខ្លាំង ពេល​ដល់​រដូវប្រមូ ល​ផល​ម្តងៗ ឈ្មួញ​តែងតែ​យក​ម៉ាស៊ីន​កិន​ពោត និង​ដំឡូង​មី ក្នុង​ស្តង់​របស់​ខ្លួន នៅ​ពី​លើ​ខ្យល់ ដែ ល​ជាហេតុ​ធ្វើឱ្យ​កំទេចធូលី​សារធាតុ​ពុល រមាស ហុយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​គាត់ បង្ក​ជា​កម រមាស និង​លំបាក​ក្នុង​ការដកដង្ហើម ។ គាត់​បន្ត​ទៀត​ថា ជាពិសេស​កូនចៅ​តូចៗ របស់គាត់ បាន​កើត​ជម្ងឺ​គ្រុន​រងា និង​រលាក​ផ្លូវដង្ហើម ស្ទើរតែ​១​ខែ ៣០​ថ្ងៃ​ទៅ​ហើយ ព្រោះ​ឈ្មួញ​កិន​បង្ហុយធូលី​ពោត និង​ដំឡូង​មី​ចូលទៅ​ក្នុង​ផ្ទះ​របស់​គាត់​ពេញទំហឹង​តែ​ម្តង ។

​លើសពីនេះ បើសិន​ជា​ឈ្មួញ​នៅតែ​ធ្វើបែបនេះ​បន្តទៀត មើលទៅ​គ្រួសារ​របស់​គាត់​នឹង​ទទួល​រង​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ជាក់​ជាមិនខាន ឡើយ ខណ​:​ធ្លាប់​ប្តឹងទៅ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន​ដែរ ក្រោយ​ពី​ចុះ​ពិនិត្យ​រួច ក៏​ស្ងាត់ឈឹង​ទៅ​វិញ​តែ​ម្តង តើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សង្ឃឹម​អ្វី​ទៀត បើ​មិន​អើពើ​បែបនេះ ។

​គាត់​បញ្ជាក់​ថា ការសាងសង់​ស្តង់​ពោត និង​ដំឡូង​មី​នេះ គឺ​គេ​ធ្វើ​ក្រោយ​ផ្ទះ​របស់​ពួកគាត់ ដោយ​ក្រុម​ឈ្មួញ​ទើបតែ​សាងសង់​ឡើង​កាលពី​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ។
​បើ​នៅ​រដូវភ្លៀង​ធ្លាក់​ជោកជាំ​វិញ ក្លិនស្អុយ​ដំឡូង​មី ពិតជា​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅ​របស់​ក្រុម​គ្រួសារ​គាត់ ពោល​គឺ​ស្អុយ​សារធាតុពុល​ដំឡូង​មី ដោយ​ម្នាក់ៗ ស្ទើរតែ​លេបបាយ​មិន​ចូល​នោះឡើ យ ព្រោះ​ស្អុយ​ជាង​លាមក​ទៅទៀត ហើយក៏​មាន​ដង្ហូវ​វា​ររវីមរវា​មតាម​ប្រឡាយពេល​កំទេច​ដំឡូង​មី​ស្អុយរលួយ​ទៅនោះ​គួរ​ឱ្យ​ខ្ពើម លុះ​សត្វ​មាន់​ទា​ដែល​ចិញ្ចឹម​ចុះ​ទៅ​ផឹកទឹក​នោះ បណ្តាល​ឱ្យ​ងាប់​អស់ គ្មាន​សល់​អ្វី​មួយ​ឡើយ ។

​គាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូចជា​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត មេត្តា​ចុះទៅ​ត្រួតពិនិត្យ ណែនាំ​ដល់​ម្ចាស់​ស្តង់​ខាងលើ ឱ្យ​រៀបចំ​យ៉ាងណា ត្រឹមត្រូវ​តាម​លក្ខណ​:​ស្តង់ដារ​ផងដែរ ព្រោះ​បើ​ចេះ​តែ​បណ្តែតបណ្តោយ​បែបនេះ ប្រជាពលរដ្ឋ​ក្រីក្រ​ដូចជា​គ្រួសារ​របស់គាត់ មិនដឹង​ជា​នាំគ្នា​ទៅ​រស់នៅ​ទីណា​នោះទេ ។

​ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​ម្ចាស់​ស្តង់​ខាងលើ​ដែលមាន ឈ្មោះថា វ៉​រ៉ា​វ៉ាត់ ធូ​នី​យ៉ាផល (WORRAWAT TUNYAPHOL)  ដើម្បី​ធ្វើការ​បំភ្លឺ​ដែរ តែ​ទូរស័ព្ទ​អត់​ចូល ។

​ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក​អត់​ដឹង​រឿង​នេះ​ទេ លុះ​ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​នេះ ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ ដើម្បី​ឱ្យ​ម្ចាស់​ស្តង់​កែតម្រូវ​ឡើងវិញ ៕
​ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!