​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង​

(​ភ្នំពេញ​)៖ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ដោយផ្ទាល់​ក្រោម​ការចូលរួម​ពី​សមាជិក សមាជិកា ជាង​៥​ម៉ឺន​នាក់​។​

​ជាមួយ​ការ​ចេញ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​គន្លឹះ ក៏ដូចជា​ប្រកាស​ដាក់​ចេញ​នូវ​គោលនយោបាយ​ដឹកនាំ និង​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​មួយចំនួន​នៅពេល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ឈ្នះឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល​។​

​ការចេញ​បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​ប្រមុខ​បក្ស​កាន់​អំណាច មាន​ការផ្សាយ​ផ្ទាល់​នៅ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ លើកលែង​តែ​ទូរទស្សន៍​ជាតិ ជាមួយនឹង​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ​ដទៃទៀត រួម​ទាំង​ទូរទស្សន៍ Fresh News ផងដែរ​។​

​ខាងក្រោម​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ការពារ​ប្រជាជន​ទប់ស្កាត់ មិន​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​ត្រឡប់មកវិញ និង​បាន​ស្តារ​អភិវឌ្ឍ​សេដ្ឋកិច្ច ជា​ជំហានៗ រហូត​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន​។ គណបក្ស បាន​ខិតខំ​រហូត​មាន​សន្តិភាព​ពេញលេញ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចលនា​បដិវត្តន៍​ពណ៌ ដឹកនាំ​ដោយ​អតីត​គណបក្សប្រឆាំង ដោយ​មាន​បរទេស​នៅ​ពីក្រោយ​ត្រូវ​បាន​រារាំង​ទាន់ពេលវេលា​។ CPP បាន​បញ្ចៀស​ប្រទេស​មិន​ឱ្យ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ជាថ្មី ហើយ​ធានា​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​។​

* សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា GDP បាន​កើន​ដល់ ១៤៣៥​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ហើយ​រំពឹង​ថា នឹង​បន្ត​កើន​ដល់ ១៥៦០​ដុល្លារ នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​។​

* សម្តេច​តេជោ ហ៊ុន សែន​៖ ប្រាក់បៀវត្ស​មន្ត្រីរាជការ​បាន​កើនឡើង​ជា​បន្តបន្ទាប់ ប្រាក់​សោធ​និវត្តន៍​ក៏​បាន​កើនឡើង ហើយ​ប្រាក់​ឈ្នួល​របស់​កម្មករ នៅក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង ក៏​បាន​កើនឡើង​ផងដែរ ក្រោម​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​។​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ក្រោម​ការដឹកនាំ​របស់ CPP បានធ្វើឱ្យ​ចំណូល​កសិក​រ អាជីវករ កើនឡើង​ខ្ពស់ ហើយ​បងប្អូន​កម្មករ​ក៏​ទទួលបាន​នូវ​ការលើកកម្ពស់​ជា បន្តបន្ទាប់​ផង​ដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ការយកពន្ធ​មួយចំនួន​ត្រូវបាន​លុបចោល ក្នុងនោះ​រួម​មាន​ការលុបចោល​ការ យក​ពន្ធ​លើ​ដីស្រែ ការយកពន្ធ​លើ​ការលក់ដូរ​កញ្ច្រែង​កញ្ជើ​ល្អ រួមទាំង​ការលុបចោល​ការយកពន្ធ​លើ​ផ្នែក​មួយ​ចំនួន​ទៀត​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សមិទ្ធផល​ទាំងអស់​នា​ពេលបច្ចុប្បន្ន​នេះ សបញ្ជាក់​ឱ្យឃើញ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កំពុង​ដើរ​លើ​ផ្លូវត្រូវ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា កាលពី​ជាង​២០​ឆ្នាំមុន កម្ពុជា​ជា​ប្រទេស​ដែល​ទទួល​ទាហាន​មួក​ខៀវ​របស់ UN ឥឡូវ កម្ពុជា​ក្លាយជា​ប្រទេស​ដែល​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន ទៅ​ចូលរួម​ក្នុង​សកម្មភាព​រក្សា​សន្តិភាព ជាមួយ UN​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ពី​មុន​អន់ថយ​ខាង​សេដ្ឋកិច្ច ក្រីក្រ និង​អសន្តិសុខ​ស្បៀង តែ​ឥឡូវ​ជា​ប្រទេស​ដែល​នាំ​ស្បៀង​ចេញ​ជា​ប្រទេស​ដែល​សម្រេចបាន​កំណើន សេដ្ឋកិច្ច​ខ្ពស់ កាត់បន្ថយ​ភាពក្រីក្រ និង​ចាកចេញ​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​។​

* សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ សមិទ្ធផល​ដែល​បាន​មក​ទាំងនេះ គឺ​បាន​មក​ដោយ​ការ​យក​ជីវិត​ធ្វើ​ជា​ដើម​ទន់ ដែល​បាន​លះបង់​ជីវិត​ដោយ​យុទ្ធជន​គណបក្ស ប្រជាជន​កម្ពុជា ជាច្រើន​នាក់​។ យើងទាំងអស់គ្នា​ត្រូវ​ការពារ​ថែរក្សា​សមិទ្ធផល និង​សន្តិភាព​ទាំងនេះ ឱ្យបាន​ជា​ដាច់ខាត មិនឱ្យ​នរណា​មក​បំផ្លិចបំផ្លាញ​ដាច់ខាត ហើយ​មិន​ឱ្យ​កម្ពុជា​មាន​សង្គ្រាម វិនាសកម្ម​ដូច​អតីតកាល​ឡើយ​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការបោះឆ្នោត​លើក​នេះ គឺជា​ការ​សម្រេច​ចិត្ត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស ប៉ុន្តែ​បើ​សម្រេច​ត្រូវ យើង​នឹង​រីកចម្រើន​បន្ត​ទៀត ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស នឹង​នាំ​ប្រទេស​ឱ្យ​វិលត្រឡប់​ថយក្រោយ​

* សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បើ​ស្រលាញ់​សន្តិភាព និង​ការអភិវឌ្ឍ សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

* សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាម​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ខ្ញុំ​សូម​សន្យា និង​ប្តេជ្ញា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ឈ្នះ ក្នុង​ការបោះឆ្នោត​នេះ ខ្ញុំ​នឹង​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ ឱ្យ​សម្រេច​បាន​តាម​គោលនយោបាយ​ដែល​បានបង្ហាញ​ទាំងនេះ​៖

១៖ គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របបរាជានិយម និង​រាល់​សមិទ្ធផល របស់​ជាតិ​ឱ្យបាន​គង់វង្ស​ស្ថិត​ស្ថិរ​ជា​និរន្តរ៍ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស​។​

២៖ ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព​យ៉ាយ​រឹងមាំ មិន​ឱ្យ​កម្លាំង​ណាមួយ​មក​រំលោភ​បំពាន និង​បំផ្លាញ​បានឡើយ ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​របស់​បរ​ទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

៣៖ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿ​លឿន ដោយ​ផ្អែក​លើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ពលរដ្ឋ​គ្រប់រូប ពលរដ្ឋ​ម្នាក់ៗ មាន​សិទ្ធិ​ពេញលេញ និង​មាន​ភារកិច្ច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​។​

៤៖ បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ ដែល​ធានា​ឱ្យ​ប្រជាជន​មាន​ជីវភាព​រស់នៅ​យ៉ាង​សមរម្យ ថ្លៃថ្នូរ ដោយ​ចាក់​ផុត​ពី​ភាពក្រីក្រ​, ពី​គ្រោះ​អវិជ្ជា​, ពី​ជំងឺ​តម្កាត់​នានា​, ពី​ការកេងប្រវ័ញ្ច និង​អំពើ​ហិង្សា​គ្រប់​រូបភាព​។​

៥៖ ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​បបត្តិ​ការល្អប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គ្រប់​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជម​រុញ​ការអភិវឌ្ឍ​ប្រទេស និង​បង្កើន​ការចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា ក្នុង​បុព្វហេតុ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ភព​លោក​៕

* សម្តេច​តេជោ ហ៊ុន សែន សន្យាថា រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ CPP ដែលមាន​សម្តេច​ជា​នាយករដ្ឋមន្ត្រី នឹង​រៀបចំ​កាត់​បន្ថយថ្លៃ​អគ្គិសនី ចាប់ពី​ឆ្នាំ​២០១៩ និង​២០២០ ខាងមុខនេះ​។​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល នីតិកាល​ទី​០៦ ដែល​ដឹកនាំ​ដោយ CPP នឹង​ជំរុញ​កែលម្អ​ថែមទៀត នូវ​ការបើកប្រាក់​ឈ្នួល​របស់​កម្មករ និយោជិត នឹង​រៀបចំ​ឱ្យ​បើក​រៀងរាល់​២​សប្តាហ៍​ម្តង ចាប់ពី​ឆ្នាំ​២០១៩​តទៅ​។​

* សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា អាណត្តិ​ថ្មី​នេះ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ CPP នឹង​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​រៀងរាល់​២​សប្តាហ៍​ម្តង​។ សម្រាប់​វិស័យ​ឯកជន យើង​នឹង​ជំរុញ​ឱ្យ​បើក​២​សប្តាហ៍​ម្តង​ដូចគ្នា​ដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បី​អនុវត្ត​បាន​នូវ​គោលនយោបាយ​បញ្ចុះ​តម្លៃ​អគ្គិសនី រដ្ឋ​លះបង់​ចំណូល​ពន្ធ​៤០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ ដែល​វិធានការ​សម្រួល​ដល់​ជីវភាព​ប្រជាជន និង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ក្នុង​ការទាក់ទាញ​វិនិយោគ​នៅក្នុង​ប្រទេស​។​

* ក្រោយ​បង្ហាញ​សារ​នយោបាយ ដ៏​គួរឱ្យ​ចាប់អារម្មណ៍ សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

* សម្តេច​តេជោ ហ៊ុន សែន​៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ឈ្នះ !

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សារ​នយោបាយ ក្នុង​ថ្ងៃ​បើក​យុទ្ធ​ន​ការឃោសនាបោះឆ្នោត នៅវេល​ម៉ោង​៨៖២៦​នាទី​ព្រឹក ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨៕
​លោក ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!