ងក​ឧត្តម ស៊ុន ចាន់ថុល សម្ពោធ​ដាក់​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ពី​ប៉ោយប៉ែ​ត​ទៅ​ភ្នំពេញ​ប្រវែង ៣៨៦​គីឡូម៉ែត្រ​

កំពង់ឆ្នាំង ៖  ងក​ឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ថ្លែងថា ៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពេល​នេះ​សមិទ្ធផល ថ្មី​មួយទៀត​គឺ​ផ្លូវ​រថភ្លើង​ប្រវែង​៣៨៦​គីឡូម៉ែត្រ ពី​ប៉ោយប៉ែ​ត​ទៅ​កាន់​ទីក្រុង​ភ្នំពេញ បាន ដាក់អោយ​ប្រើប្រាស់​ហើយ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ជិះ​បាន​ដោយ​សេរី​មិន​យក​ប្រាក់ ឡើយ ចាប់​ថ្ងៃទី​០៤ ខែកក្កដា​នេះ ដល់​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨​។​

​ងក​ឧត្តម​ស៊ុន ចាន់ថុល បាន​ថ្លែង​បែបនេះ នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា នៅក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្លូវ​រថភ្លើង ដោយ​មាន​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ចូលរួម​អបអរសាទរ​ជាង​៤០០​នាក់​។

​លោក​បាន​បន្តថា ៖ ខាងមុខ​នេះ​លោក នឹង​អញ្ជើញ​ទៅ​ប្រទេស​ថៃ​ដើម្បី​ចុះ​កិច្ចប្រតិបត្តិការ រួម​ជាមួយ​គ្នា​ក្នុង​ការសហការ​គ្នា​ប្រើប្រាស់​ផ្លូវ​រថភ្លើង​នៅក្នុង​សហគមន៍​អាស៊ាន​កម្ពុជា ថៃ ដោយ​ពេល​នេះ​យើង​អាច​ផ្លាស់ប្តូរ​ទំនិញ​ទៅវិញទៅមក​បាន​ដោយ​ស្រួល​តាម​ផ្លូវ​រថភ្លើង​ពី ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ដែល​មាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ និង​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​២៦៦​គីឡូម៉ែត្រ និង​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ និង​ក៏​អាចធ្វើ ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី​ផងដែរ​។​

​ផ្លូវ​រថភ្លើង​គឺជា​សរសៃឈាម​សេដ្ឋ​យ៉ាងសំខាន់ និង​ចំណងដៃ​ដ៏​ពិសិដ្ឋ​មួយ​ថ្មី​ទៀត​របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង ការដឹកជញ្ជូន​ទំនិញ និង​ភោគផល​កសិកម្ម ឧស្សាហកម្ម​បាន​ដោយ​ងាយស្រួល​តាម​ផ្លូវ​ដែក ដែល​អាច មាន​សុវត្ថិភាព​ល្អ​ជាង​ផ្លូវគោក ដែល​បច្ចុប្បន្ន​កំពុង​មាន​ការកកស្ទះ​នៅក្នុង​ខេត្ត​ក្រុង មួយចំនួន និង​ក៏​ជាការ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ដែល​មក​លេង​កំសាន្ត​នៅក្នុង​ប្រទេស កម្ពុជា​យើង​ផងដែរ​។

​លោក គុយ ឡេង មេឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស រួមជាមួយ​ប្រជាពលរដ្ឋ និង​យុវជន​កាយ​រិទ្ធ បាន លើកឡើងថា ពួកគាត់​ពិតជា​ក្តីសប្បាយរីករា​យ​ខ្លាំងណាស់ និង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ រាជរដ្ឋាភិបាល បាន​ជួសជុល​ដាក់អោយ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​នេះ​ឡើងវិញ ក្រោយពី​បាន ខូចខាត​មិនបាន​ដំណើរការ​ជាង​២០​ឆ្នាំ​កន្លងមក​ដោយ​សារ​ភ្លើងសង្គ្រាម​។ នៅពេល​ផ្លូវ​រថភ្លើង ដំណើរការ​បាន​ឡើង​វិញ​ដូច្នេះ ពួកគាត់​ពិត​មាន​ជីវភាព​ធូរធារ​បាន​មួយ​កម្រិត​ថែមទៀត ដែល អាច​ដឹក​ជញ្ជូន​ទំនិញ​និង​ភោគផល​កសិកម្ម​ពី​មូលដ្ឋាន​ទៅ​លក់ដូរ​នៅ​ទីក្រុង និង​តាម​បណ្តា​ខេត្ត នានា​បាន​ដោយ​ងាយស្រួល​។

​ដោយឡែក លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​ដែល​រស់នៅ​តាម​ផ្លូវ​រថ​ភ្លើង​នេះ នៅក្នុង ខេត្ត​កំពង់ឆ្នាំង​សូមជួយ​ថែរក្សា​ផ្លូវ​រថភ្លើង​នេះ​អោយបាន​គង់វង្ស​ល្អ នៅពេល​ឃើញ​ផ្លូវ រថភ្លើង​មាន​ការខូចខាត​ដោយ​ប្រការ​ណាមួយ​សូម​ជួយ​រាយការណ៍​ជូន​អាជ្ញាធរ​ជាបន្ទាន់ ដើម្បី រួម​គ្នា​ទប់ស្កាត់​ហានិភ័យ និង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​មាន​ឡើង​ដោយ​ចៃដន្យ​។

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​នេះ ក្រសួង​សាធារណការ បាន​អញ្ជើញ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ជាង​៣០០​នាក់​ជិះ​លើ​រថភ្លើង​ពី​ខេត្ត​ពោធិ៍សាត់ មកដល់​ស្ថានីយ​រថភ្លើងរ​មាស​ស្រុក​ទឹកផុស ហើយ​ត្រូវបាន​រថយន្តក្រុង​ចំនួន​៦​គ្រឿង​ជូន​ដំណើរ ទៅ​ពួកគាត់​កាន់​ខេត្ត​ពោធិ៍សាត់​វិញ​។ ដោយឡែក​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ជាង​៣០០​នាក់ នាក់ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចូលរួម​ជិះ​រថភ្លើង​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ ពី​ស្រុក ទឹកផុស​ទៅកាន់​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​មិន​អស់ប្រាក់​ឡើយ​៕
​ដោយ រុន សារ៉េត

 

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!